Admin, 13 April 2026
ក្រុមហ៊ុន Kawasaki បានបង្ហាញនូវបញ្ជីនៃការអាប់ដេតថ្មីៗសម្រាប់ម៉ូដែល Z7 Hybrid និង Ninja 7 Hybrid របស់ខ្លួន ដែលឥឡូវនេះមានសមត្ថភាពអាចផ្លាស់ប្តូរដោយដៃពីរបៀបប្រើអគ្គិសនីសុទ្ធ (Full EV mode) ទៅជាបែបកាត់សាំង (Hybrid) ក្នុងល្បឿនលឿនជាងមុន។
មុខងារនេះមានសារៈសំខាន់បំផុតនៅពេលអ្នកជិះខិតជិតចូលទៅដល់តំបន់ដែលកំណត់ការបញ្ចេញឧស្ម័នសូន្យ (Zero-emissions zone) ព្រោះវានឹងអនុញ្ញាតឱ្យពួកគេប្តូរពីការប្រើប្រាស់ម៉ាស៊ីនសាំង មកជាការប្រើអគ្គិសនីសុទ្ធបានយ៉ាងរលូន។ បែបបទដូចគ្នានេះក៏អាចអនុវត្តបានផងដែរ នៅពេលប្តូរពី EV ត្រឡប់ទៅប្រើម៉ាស៊ីនពីរស៊ីឡាំងជួរ (Parallel twin) វិញ។ ដោយប្រើប្រាស់ម៉ូទ័រ និងប្រព័ន្ធ EV ដូចគ្នា ម៉ូដែលទាំងពីរផលិតកម្លាំងបាន 68 សេះ នៅកម្រិត 10,500 ជុំក្នុងមួយនាទី(rpm) និងកម្លាំងបង្វិល 59N.m នៅកម្រិត 2,800 ជុំក្នុងមួយនាទី។
កាលពីមុន អ្នកជិះអាចជ្រើសរើសដោយដៃរវាងការប្រើអគ្គិសនីសុទ្ធ និង Hybrid ក្នុងល្បឿនអតិបរមាត្រឹមតែ 25 គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនជប៉ុនមួយនេះបានបញ្ជាក់ថា "មតិកែលម្អពីអ្នកប្រើប្រាស់ និងការស្រាវជ្រាវអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅរបស់ Kawasaki" គឺជាគន្លឹះក្នុងការកែលម្អប្រព័ន្ធនេះ ដោយបច្ចុប្បន្នអ្នកជិះអាចផ្លាស់ប្តូររវាង EV និង Hybrid ក្នុងល្បឿនរហូតដល់ 60 គីឡូម៉ែត្រក្នុងមួយម៉ោង ។ ប្រសិនបើយើងពិចារណាឱ្យមែនទែនទៅ នេះគឺជាការអាប់ដេតដ៏ធំមួយ ដោយសារ Kawasaki បានបង្កើនល្បឿននៃការប្តូរប្រព័ន្ធនេះដល់ទៅជាងពីរដង។
ការអាប់ដេតមួយទៀតគឺពាក់ព័ន្ធនឹងរបៀប Sport Mode របស់ម៉ូតូទាំងពីរ ដែលកាលពីមុនអាចដំណើរការបានតែនៅក្នុងរបៀបប្រើលេខដៃ (MT) ប៉ុណ្ណោះ។ អ្នកជិះអាចដំឡើង និងចុះលេខតាមរយៈប៊ូតុងចុច (Shift paddles) ដែលស្ថិតនៅចង្កោមឧបករណ៍ដៃចង្កូតខាងឆ្វេង។
ទោះជាយ៉ាងណាក៏ដោយ ការអាប់ដេតចុងក្រោយបង្អស់នេះ អនុញ្ញាតឱ្យអ្នកជិះជ្រើសរើសរបៀបលេខអូតូថ្មី (AT) ដែលត្រូវបានអភិវឌ្ឍឡើងយ៉ាងពិសេសសម្រាប់ Sport Mode។ ម៉ូដែលទាំងពីរបន្តប្រើប្រាស់ប្រព័ន្ធបូមមុខប្រភេទ Telescopic និងបូមក្រោយ Uni-Trak ដូចមុនដដែល។ ចំណែកប្រព័ន្ធហ្វ្រាំង ប្រើប្រាស់ថាសហ្វ្រាំងឌុប 300mm ជាមួយកាលីព័រ 2ពីស្តុងនៅខាងមុខ និងថាសទោល 250mm ជាមួយកាលីព័រ 2ពីស្តុងនៅខាងក្រោយ។
យោងតាម Kawasaki ម៉ាស៊ីនស៊េរីឆ្នាំ 2026 ដែលបានអាប់ដេតថ្មីនេះ មានផ្តល់ជូនសម្រាប់ការជិះសាកល្បងនៅតាមភ្នាក់ងារចែកចាយដែលបានជ្រើសរើសមួយចំនួន៕
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
