Admin, 29 September 2026

       មានរឿងរ៉ាវចម្លែកថ្មីមួយបានកើតឡើងជុំវិញការបង្ហាញខ្លួននៃម៉ូតូ Maxi-scooter ម៉ូឌែល Fort 600 របស់ QJ Motor ដោយក្រុមហ៊ុន KYMCO បានចេញមុខបដិសេធជាសាធារណៈថា ខ្លួនមិនដែលអនុញ្ញាតឱ្យ QJ Motor ប្រើប្រាស់បច្ចេកវិទ្យាចេញពីម៉ូឌែល AK 550 របស់ខ្លួនឡើយ។

សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីមានរបាយការណ៍ជាច្រើនបានធ្វើការប្រៀបធៀបរវាង Fort 600 និងម៉ូតូ Maxi-scooter កំពូលរបស់ KYMCO រួមទាំងចំណុចស្រដៀងគ្នានៅលើគ្រោងឆ្អឹង និងរចនាសម្ព័ន្ធម៉ាស៊ីន។

ពេលនេះ KYMCO កំពុងធ្វើឱ្យបញ្ហានេះកាន់តែច្បាស់ថា ផ្អែកលើជំហររបស់ខ្លួន គឺមិនមានកិច្ចព្រមព្រៀងចែករំលែកបច្ចេកវិទ្យារវាងក្រុមហ៊ុនទាំងពីរនោះទេ។ សេចក្តីថ្លែងការណ៍ពីម៉ាកយីហោតៃវ៉ាន់មួយនេះបានបញ្ជាក់យ៉ាងខ្លីថា៖

«KYMCO មិនដែលបានចុះកិច្ចព្រមព្រៀងណាមួយជាមួយ QJ Motor ក្នុងការចែករំលែកគ្រោងឆ្អឹង (platform) របស់ AK 550 ឡើយ ហើយក៏មិនដែលបានផ្តល់សិទ្ធិ ឬអនុញ្ញាតតាមរូបភាពណាមួយផ្សេងទៀត ឱ្យ QJ Motor ប្រើប្រាស់គ្រោងឆ្អឹងខាងលើនោះដែរ»។

សេចក្តីថ្លែងការណ៍នេះ មិនទាន់ឈានដល់ការចោទប្រកាន់ថា QJ Motor បានលួចចម្លងម៉ូឌែល AK 550 នៅឡើយទេ យ៉ាងហោចណាស់ក៏មិនទាន់ដល់ពេលនេះដែរ។ KYMCO បញ្ជាក់ថា ខ្លួននឹងរង់ចាំរហូតដល់ម៉ូឌែល Fort 600 កំណែទម្រង់ផលិតផលផ្លូវការមានវត្តមានលើទីផ្សារ សិន មុនពេលបើកការស៊ើបអង្កេតដោយផ្ទាល់ ដោយបានបន្ថែមថា៖

«នៅពេលដែលម៉ូតូ QJ Motor Fort 600 កំណែទម្រង់ផលិតផលផ្លូវការមានវត្តមាននៅលើទីផ្សារ KYMCO នឹងចាប់ផ្តើមការស៊ើបអង្កេតតាមវិធីសាស្ត្រដែលខ្លួនយល់ឃើញថាស័ក្តិសម ហើយនឹងកំណត់វិធានការដែលអាចនឹងត្រូវចាត់វិធានការ បន្ទាប់ពីទទួលបានលទ្ធផលសន្និដ្ឋាន»។

តើអ្វីជាដើមហេតុនៃជម្លោះនេះ?

គ្រោងឆ្អឹងរបស់ AK 550 គឺជាសមិទ្ធផលបច្ចេកទេសដ៏សំខាន់មួយរបស់ KYMCO។ ក្រុមហ៊ុនបានឱ្យដឹងថា ការអភិវឌ្ឍបានចាប់ផ្តើមកាលពីប្រហែលមួយទសវត្សរ៍មុន ដោយពាក់ព័ន្ធនឹងប៉ាតង់ជាង 45ប៉ាតង់ ដោយមានលក្ខណៈពិសេសចម្បងមួយគឺ រចនាសម្ព័ន្ធម៉ាស៊ីនដែលបំបែកម៉ាស៊ីន និងប្រព័ន្ធបញ្ជូនចលនា (transmission) ឱ្យទៅជាពីរផ្នែកឯករាជ្យដាច់ដោយឡែកពីគ្នា។

វាក៏ប្រើប្រាស់គ្រោងឆ្អឹងអាលុយមីញ៉ូមផងដែរ ខណៈដែលម៉ាស៊ីនផ្ទាល់គឺជាប្រភេទពីរស៊ីឡាំងស្រប (parallel twin)។ KYMCO បានបន្តអភិវឌ្ឍរចនាសម្ព័ន្ធនេះ ចាប់តាំងពី AK 550 បង្ហាញខ្លួនមក ដោយម៉ូតូកង់បី CV3 575 បច្ចុប្បន្ន ក៏ប្រើប្រាស់ម៉ាស៊ីនដែលដកស្រង់ចេញពីការរចនាគ្រឹះដដែលនេះដែរ។

ម៉ូឌែល Fort 600 ក៏ជាម៉ូតូ Maxi-scooter ខ្នាតធំប្រើម៉ាស៊ីនពីរស៊ីឡាំងស្របដូចគ្នា ហើយរបាយការណ៍ជុំវិញម៉ាស៊ីនរបស់ QJ Motor បានរំលេចពីចំណុចស្រដៀងគ្នារវាងរចនាសម្ព័ន្ធរបស់វា និង AK 550។

ចំណុចនេះហើយដែលធ្វើឱ្យរឿងរ៉ាវកាន់តែគួរឱ្យចាប់អារម្មណ៍ ព្រោះ QJ Motor និង KYMCO មិនមែនគ្រាន់តែចៃដន្យមានគំនិតដូចគ្នាក្នុងការដាក់ម៉ាស៊ីនពីរស៊ីឡាំងទៅក្នុងម៉ូតូស្កូតឺធំនោះទេ។ ការប្រៀបធៀបដែលកំពុងធ្វើឡើង គឺផ្តោតលើរចនាសម្ព័ន្ធគ្រឹះនៃម៉ាស៊ីន មិនមែនត្រឹមតែទំហំម៉ាស៊ីន និងទីតាំងបំពាក់នោះឡើយ។

ទោះជាយ៉ាងណាក៏ដោយ វាមានគម្លាតខុសគ្នាយ៉ាងសំខាន់រវាង ការជ្រើសរើសប្រើប្រាស់បច្ចេកវិទ្យាស្រដៀងគ្នា និង ការយកបច្ចេកវិទ្យាមកប្រើប្រាស់ដោយគ្មានការអនុញ្ញាត។

KYMCO មិនទាន់បាននិយាយថា QJ Motor បានរំលោភលើប៉ាតង់របស់ខ្លួន ឬប្រកាសចាត់វិធានការតាមផ្លូវច្បាប់នៅឡើយទេ។ ជំនួសមកវិញ ក្រុមហ៊ុនបានកត់ត្រាបញ្ហានេះជាផ្លូវការ ហើយនិយាយថាខ្លួនមានបំណងពិនិត្យមើលម៉ូតូ Fort 600 កំណែទម្រង់ផលិតផលផ្លូវការ សិន មុនពេលសម្រេចចិត្តថា តើត្រូវចាត់វិធានការបន្ថែមទៀតឬយ៉ាងណា។

សម្រាប់ពេលនេះ ម៉ូឌែល Fort 600 នៅតែជាគូប្រជែងថ្មីដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់ម៉ូតូ Maxi-scooter ជើងចាស់ដទៃទៀត។ ប៉ុន្តែ KYMCO ច្បាស់ណាស់ថាចង់បញ្ជាក់ឱ្យច្បាស់ពីរបៀបដែល QJ Motor ទទួលបានបច្ចេកវិទ្យាម៉ាស៊ីន និងគ្រោងឆ្អឹងបន្សំគ្នាមួយនេះ មុនពេលបណ្តោយឱ្យរឿងរ៉ាវនេះបញ្ចប់ទៅ។

The engine, frame and gearbox of the KYMCO


The engine of the QJ Fort 600

ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors