Admin, 01 March 2026
កុំបារម្ភថា រថយន្តស៊េរីដំបូង (Entry-level supercar) ចុងក្រោយបង្អស់របស់ Lamborghini មួយនេះ មានទំហំធំជាង និងធ្ងន់ជាងម៉ូដែល Huracán ដែលជាអ្នកជំនាន់មុនរបស់វា ខ្លាំងយ៉ាងណានោះ។ ម៉ាស៊ីន V-8 Twin-turbo ថ្មីរបស់ Temerario ដែលអាចរត់បានដល់ 10,000rpm ផ្គួបផ្សំជាមួយកម្លាំងអគ្គិសនីជំនួយ បាននាំមកនូវកម្លាំងខ្លាំងជាងមុនដល់ទៅ 276 សេះ។ ការបង្កើនកម្លាំងដល់ទៅ 44% នេះ បានជួយកាត់បន្ថយពេលវេលានៅលើទីលាន ប្រណាំងបានយ៉ាងច្រើន ដោយ Temerario បានធ្វើឱ្យមានគម្លាតពេលវេលាដល់ទៅ 2.2 វិនាទី បើធៀបនឹងរថយន្ត Huracán ដែលលឿន បំផុតដែលយើងធ្លាប់បើកបរ (គឺម៉ូដែល 2023 Tecnica ប៉ុងក្រោយ)។ ទោះជាយ៉ាងណាក៏ដោយ ភាពខុសគ្នានៃពេលវេលានេះ គឺកើតឡើង ស្ទើរតែទាំងស្រុងដោយសារតែសមត្ថភាពនៅលើផ្លូវត្រង់វែងៗទាំងបីនៃទីលាន VIR។
ទោះបីជាវាមានទម្ងន់ធ្ងន់ជាង Huracán ដល់ទៅ 345kg (និងធ្ងន់ជាងប្រភេទ Evo ប៉ុងពីរដែលយើងធ្លាប់តេស្តកាលពីប៉ុន្មានឆ្នាំមុនចំនួន 269kg) ក៏ដោយ ក៏ Temerario បានបង្ហាញពីសមត្ថភាពស្ទុះដ៏អស្ចារ្យនៅលើផ្លូវត្រង់ខាងមុខនៃទីលាន VIR ដោយរត់ បានល្បឿនដល់ទៅ 279.3 គីឡូម៉ែត្រ/ម៉ោង។ នេះគឺជាល្បឿនលឿនបំផុតលំដាប់ទី 3 ដែលយើងធ្លាប់កត់ត្រាទុក បន្ទាប់ពីរថយន្ត Corvette ZR1 (179.0) និង McLaren 765LT (174.6)។ នេះគឺជាសមិទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើល បើទោះបីជា Lambo មានកម្រិតសមាមាត្រ កម្លាំងធៀបនឹងទម្ងន់ (Power-to-weight) ចាញ់ McLaren 12% និងចាញ់ Corvette 24% ក៏ដោយ។ វាជារឿងត្រឹមត្រូវដែលត្រូវនិយាយថា ប្រព័ន្ធកម្លាំងរបស់ Temerario ធ្វើការ លើសពីការរំពឹងទុក លើកលែងតែចំណុចមួយគត់គឺ៖ សំឡេង។ បើទោះជាសំឡេងដែលមានស្រាប់គឺពិរោះមែន ប៉ុន្តែវានៅមិនទាន់ខ្លាំងគ្រប់គ្រាន់ឡើយ ដែលចំណុចនេះក្រុមការងាររបស់យើងបានកត់សម្គាល់ឃើញនៅពេលវាស្ទុះនៅលើផ្លូវត្រង់។
ការកើនឡើងនៃទំហំ និងទម្ងន់ មិនមែនកើតឡើងដោយគ្មានប្រយោជន៍នោះទេ ប៉ុន្តែវាបាននាំមកនូវការផ្លាស់ប្តូរយ៉ាងខ្លាំងដល់វិមាត្រផ្នែកខាងក្នុង។ ជាភស្តុតាង យើងបានចាត់តាំងអ្នកបើកបរដែលខ្ពស់បំផុតរបស់យើង (កម្ពស់ប្រហែល 1.95ម៉ែត្រ) ដែលមិនដែលជិះបានស្រួលឡើយក្នុងរថយន្ត Huracán ពេលពាក់មួកសុវត្ថិភាព ឱ្យមក កាន់ចង្កូតរថយន្ត Lambo ថ្មីនេះ។ Temerario មិនមានអារម្មណ៍ថាធ្ងន់នោះទេ ហើយប្រព័ន្ធ ប៉ុងពីរក៏មិនបង្ហាញភាពច្បាស់ពេកដែរ ខណៈដែលរថយន្តនេះ បានបត់បែន ក្នុងជ្រុងយ៉ាង រលូន ដោយកម្លាំងជំនួយពីម៉ូទ័រអគ្គិសនីទាំងបីរបស់វាត្រូវបានបញ្ចូលគ្នាជាមួយម៉ាស៊ីន V-8 យ៉ាងមានប្រសិទ្ធភាព។ វាមានតុល្យភាព លក្ខណៈធម្មជាតិ និងគួរឱ្យទុកចិត្ត ដែលធ្វើឱ្យអ្នក បើកបរមានអារម្មណ៍ល្អរហូតដល់ភ្លេចគិតពីការព្រួយបារម្ភខ្លាចខូចរថយន្តដែលមានតម្លៃខ្ពស់កប់ពពកនេះ។
យើងមានការភ្ញាក់ផ្អើលបន្តិច ដែលរថយន្ត Lamborghini Hybrid ស៊េរីប្អូននេះ មានទម្ងន់ ស្រាលជាងរថយន្តបងធំ Revuelto ម៉ាស៊ីន V-12 ត្រឹមតែ 38kgប៉ុណ្ណោះ។ នេះធ្វើឱ្យ Temerario ចាញ់ប្រៀបបន្តិចលើសមាមាត្រកម្លាំងធៀបនឹងទម្ងន់ ប៉ុន្តែរថយន្តទាំងពីរនេះធ្វើបានក្នុងពេលវេលានៅលើទីលានស្ទើរតែដូចគ្នា។ ជាមួយនឹងភាពខុសគ្នានៃពេលវេលាមិនលើសពី 0.5 វិនាទី Revuelto ទទួលបានជ័យជម្នះក្នុង Sector 1, 4 និង 5 ចំណែកឯ Temerario ឈ្នះក្នុង Sector 2 និង 3 ដែលលទ្ធផលចុងក្រោយ Temerario យឺតជាងបងធំរបស់ខ្លួន ត្រឹមតែ 0.4 វិនាទីប៉ុណ្ណោះ៕
ប្រភព៖ United State News.
ប្រែសំរួល៖ Chea SokNang (AC Auto)
