Admin, 15 April 2026
រថយន្ត Leapmotor B05 កម្រិត Ultra ដែលមានកម្លាំងម៉ូទ័រអាប់ដេតដល់ 180 គីឡូវ៉ាត់ (241 សេះ) ព្រមទាំងមានកញ្ចប់តុបតែងតួខ្លួនខាងក្រៅ និងការកែលម្អផ្នែកខាងក្នុងថ្មី កំពុងត្រូវបានដឹកជញ្ជូនជាបណ្តើរៗទៅកាន់ហាងចែកចាយនានាទូទាំងប្រទេសចិន។ ម៉ូដែល B05 Ultra នេះ នឹងក្លាយជាជម្រើសខ្ពស់បំផុត (Highest trim) នៅក្នុងស្រឡាយរថយន្ត B05។ បើទោះបីជាតម្លៃមិនទាន់ត្រូវបានប្រកាស ប៉ុន្តែការលក់ជាផ្លូវការនឹងចាប់ផ្តើមនៅក្នុងខែមេសានេះ។ នៅក្នុងទីផ្សារប្រទេសចិន រថយន្ត B05 ក៏ត្រូវបានគេស្គាល់ក្រោមឈ្មោះថា Lafa 5 ផងដែរ។
ការផ្លាស់ប្តូររូបរាងខាងក្រៅ និងខាងក្នុង
យោងតាមការចុះបញ្ជីនាពេលកន្លងមក ម៉ូដែល B05 Ultra មានការផ្លាស់ប្តូររូបរាងឱ្យកាន់តែស្ព័រ រួមមាន៖ របាំងចំហៀង (Side skirts), បន្ទះទប់ខ្យល់ខាងមុខពីរជាន់ (Dual-layer front splitter) និងស្លាបក្រោយ (Rear spoiler) ដែលមានរចនាប័ទ្មអង់អាចជាងមុន។ ចំណែកផ្នែកខាងក្នុង៖
- កៅអីខាងមុខរចនាថ្មីបែបស្ព័រ និងមានប៉ាក់អក្សរ "Ultra" ព្រមទាំងមានមុខងារម៉ាស្សា 8 ចំណុច។
- ផ្ទៃខាងក្នុងភាគច្រើនស្រោបដោយស្បែកភ្នំសិប្បនិម្មិត (Faux suede)។
- ខ្សែក្រវាត់សុវត្ថិភាពមានពណ៌ស៊ីកាំជាមួយពណ៌តួខ្លួនឡាន និងមានស្លាកសញ្ញា Ultra ជាស្តង់ដារ។
តម្លៃ និងលក្ខណៈបច្ចេកទេស
បច្ចុប្បន្ន តម្លៃរបស់ B05 Ultra មិនទាន់ដឹងនៅឡើយទេ ខណៈដែលស៊េរី B05 ស្តង់ដារ មានតម្លៃចន្លោះពី ប្រហែល 14,300 ដល់ 17,800 ដុល្លារអាមេរិក )។ គេរំពឹងថាប្រភេទ Ultra នឹងមានតម្លៃខ្ពស់ជាងនេះ។
វិមាត្ររបស់ B05 មានបណ្តោយប្រវែង 4,430mm, ទទឹងប្រវែង 1,880mm, កម្ពស់ 1,520mm និងមានប្រវែងចន្លោះកង់មុខក្រោយ(wheelbase) 2,735mm។ វាមានជម្រើសអាគុយប្រភេទ LFP ចំនួនពីរ៖
- កញ្ចប់ 56.2 kWh: អាចរត់បានចម្ងាយ 515 គីឡូម៉ែត្រ។
- កញ្ចប់ 67.1 kWh: អាចរត់បានចម្ងាយ 605 គីឡូម៉ែត្រ។
គោលដៅទីផ្សារ
B05 Ultra តំណាងឱ្យកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់ Leapmotor ក្នុងការដណ្តើមចំណែកទីផ្សាររថយន្តអគ្គិសនី (EV) បែបស្ព័រ នៅក្នុងប្រទេសចិន។ ទោះបីជាវាមានតម្លៃទាបជាងគូប្រជែងដូចជា Lynk & Co 10+ ឬ Xiaomi SU7 Ultra ក៏ដោយ ប៉ុន្តែម៉ូដែលនេះអាចនឹងទាក់ទាញយុវជនដែលកំពុងស្វែងរកឡានប្រភេទ Sporty Hatchback ដូចជា BYD Seal 06 GT, Lynk & Co Z20 និង Zeekr X ជាដើម។
យោងតាមទិន្នន័យពី China EV DataTracker ក្រុមហ៊ុន Leapmotor បានចែកចាយរថយន្តចំនួន 18,292 គ្រឿងក្នុងស្រុកកាលពីខែកុម្ភៈ ឆ្នាំ 2026។ ទោះបីជាតួលេខនេះធ្លាក់ចុះ 17.1% ធៀបនឹងឆ្នាំមុន ប៉ុន្តែក្រុមហ៊ុននៅតែមានសុទិដ្ឋិនិយម ដោយដាក់គោលដៅចែកចាយរថយន្តឱ្យបាន 1 លានគ្រឿង នៅទូទាំងពិភពលោកក្នុងឆ្នាំនេះ៕
ប្រភព៖ China
ប្រែសំរួល៖ Chea SokNang (AC Auto)
