Admin, 01 January 2026
ក្រុមហ៊ុន Leapmotor បានដាក់បង្ហាញម៉ូដែលថ្មីមួយក្នុងអំឡុងពេលប្រារព្ធខួប 10 ឆ្នាំរបស់ខ្លួន និងបានប្រកាសពីកាលបរិច្ឆេទដាក់លក់ជាផ្លូវការសម្រាប់រថយន្ត SUV ម៉ូដែល D19។ ក្រុមហ៊ុនផលិតយានយន្តថាមពលថ្មី (NEV) របស់ចិនមួយនេះ នៅថ្ងៃនេះបានដាក់ បង្ហាញរថយន្ត D99 MPV ដែលជាម៉ូដែល MPV ដំបូងបង្អស់របស់ខ្លួន។
រថយន្ត D99 MPV ដែលជាម៉ូដែលទីពីរនៅក្នុងស៊េរី D របស់ Leapmotor មានប្រវែងបណ្តោយ លើសពី 5.2 ម៉ែត្រ, ទទឹងជិត 2 ម៉ែត្រ និងមានគម្លាតកង់មុខទៅក្រោយប្រវែងលើសពី 3.1 ម៉ែត្រ។ រថយន្ត MPV នេះនឹងមានផ្តល់ជូនជាប្រភេទរថយន្តអគ្គិសនីបើកបរបានរយៈចម្ងាយ ឆ្ងាយ (EREV) និងរថយន្តអគ្គិសនីប្រើអាគុយសុទ្ធ (BEV) ដូចទៅនឹងម៉ូដែលផ្សេងទៀតរបស់ Leapmotor ដែរ។
Leapmotor MPV D99
· D99 EREV: បំពាក់កញ្ចប់អាគុយទំហំ 80.3 kWh ដែល Leapmotor ថ្លែងថាជាប្រភេទរថយន្ត MPV ដែលអាចពង្រីកចម្ងាយការ បើកបរដោយប្រើតែអាគុយសុទ្ធបានឆ្ងាយជាងគេបំផុតក្នុងពិភពលោក។
· D99 BEV: នឹងត្រូវបំពាក់មកជាមួយប្រព័ន្ធអគ្គិសនីកម្រិតវ៉ុលខ្ពស់គឺ 1000 វ៉ុល និងបំពាក់មកជាមួយអាគុយទំហំ 115 kWh ពីក្រុមហ៊ុន CATL ។
រថយន្ត D99 ប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 8797 ចំនួនពីរ ដើម្បីផ្គត់ផ្គង់ប្រព័ន្ធបើកបរឆ្លាតវៃ ដែលផ្តល់កម្លាំងគណនាដល់ទៅ 1280 TOPS និង VLA (Visual-Language-Action)។ រថយន្ត MPV នេះតួខ្លួនមានភាពរឹងមាំ 46,682 Nm/deg និងរួមបញ្ចូលនូវបច្ចេកវិទ្យារក្សាលំនឹងពេលបែកកង់។
Leapmotor SUV D19
ជួរម៉ូដែលរថយន្តពេលបច្ចុប្បន្នរបស់ Leapmotor ដែលកំពុងលក់ក្នុងប្រទេសចិនរួមមានម៉ូដែល T03, B10, B01, C01, C10, C11, C16 និង Lafa 5។ នៅក្នុងព្រឹត្តិការណ៍ថ្ងៃនេះ ក្រុមហ៊ុនក៏បានប្រកាសថា រថយន្ត SUV ម៉ូដែល D19 នឹងត្រូវដាក់លក់ជាផ្លូវការ និងចាប់ផ្តើមចែកចាយនៅខែមេសា ឆ្នាំ 2026។
Leapmotor បានបង្ហាញរូបរាង D19 កាលពីថ្ងៃទី 16 ខែតុលា ដែលជាម៉ូដែលដំបូងក្នុងស៊េរី D ដោយផ្តល់ជូនទាំងប្រភេទ EREV និង BEV៖
· D19 BEV: បំពាក់អាគុយ 115 kWh អាចបើកបរបានចម្ងាយរហូតដល់ 720 គីឡូម៉ែត្រ។
· D19 EREV: ប្រើប្រាស់អាគុយទំហំ 80.3 kWh ដែលជាអាគុយធំបំផុតមិនធ្លាប់មានសម្រាប់ប្រភេទ EREV ក្នុងទីផ្សារចិន ដោយអាចបើកបរបានចម្ងាយរហូតដល់ 500 គីឡូម៉ែត្រ។
ក្រុមហ៊ុនបានបញ្ជាក់នាថ្ងៃនេះថា D19 នឹងមានជម្រើសកៅអីចំនួន 6 កៅអី និង 7 កៅ អី៕
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
