Admin, 14 February 2026

           ក្រុមហ៊ុន Leapmotor ត្រៀមនឹងណែនាំនូវស៊េរីថ្មីដែលមានកម្លាំងខ្លាំងនៃម៉ូដែល Lafa 5 របស់ខ្លួន។ រូបភាពដែលបានប្រកាសថ្មីៗនៅក្នុងកាតាឡុកចុងក្រោយបង្អស់របស់ក្រសួង ឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) បានបង្ហាញឱ្យឃើញនូវការកែលម្អរូបរាងបែបស្ព័រ និងការបង្កើនកម្លាំងម៉ូទ័រឱ្យកាន់តែខ្លាំង។

ការផ្លាស់ប្តូរដែលគួរឱ្យកត់សម្គាល់បំផុតនៅផ្នែកខាងក្រៅ គឺផ្តោតសំខាន់ទៅលើផ្នែកខាងមុខ ដែលរថយន្ត Lafa 5 ស៊េរីកម្លាំងខ្លាំងនេះ បានប្រើប្រាស់កាងមុខ (Front lip) ដែលមាន រាងរឹងមាំជាងមុន អមដោយស្លាបកន្ទុយត្រីបែបស្ព័រ (Spoiler) ដែលបង្កើតឱ្យមានរចនាសម្ព័ន្ធ រន្ធខ្យល់ពីរជាន់យ៉ាងទាក់ទាញ។ នៅផ្នែកចំហៀង រថយន្តនេះត្រូវបានបំពាក់ដោយ ឈ្នាន់ ក្រោម (Side skirts) បែបស្ព័រ និងមានជម្រើសសំបកកង់ពីរទំហំគឺ៖ 225/45 R19 និង 235/45 R19។ ចំណែកផ្នែកខាងក្រោយក៏ត្រូវបានរចនាឡើងវិញផងដែរ ដោយមានស្លាបកន្ទុយត្រីថ្មី និងកាងក្រោយថ្មី។

Rear of Leapmotor Lafa 5.


កម្លាំងម៉ាស៊ីន និងអាគុយ៖ នៅផ្នែកខាងក្រោមដំបូលមុខ រថយន្ត Lafa 5 ស៊េរីថ្មីនេះ នឹងដំណើរការដោយម៉ូទ័រអគ្គិសនីដែលមានកម្លាំងអតិបរមាដល់ទៅ 180 គីឡូវ៉ាត់ (241សេះ)។ ចំពោះកោសិកាអាគុយសម្រាប់ម៉ូដែលនេះ នឹងត្រូវបានផ្គត់ផ្គង់ដោយ ក្រុមហ៊ុនយក្ស CATL, Gotion High-tech និង CALB។

ជាការប្រៀបធៀប រថយន្ត Leapmotor Lafa 5 ដែលមានលក់នៅលើទីផ្សារបច្ចុប្បន្ន ត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំមុន ក្នុងតម្លៃចាប់ពី 13,100 ដុល្លារអាមេរិក ដោយមានជម្រើសកម្លាំងម៉ូទ័រ 132 គីឡូវ៉ាត់ (177 សេះ) និង 160 គីឡូវ៉ាត់ (215 សេះ)។

Leapmotor Lafa 5 with 180 kW motor. Source: MIIT


វឌ្ឍនភាពនៃក្រុមហ៊ុន Leapmotor

  • ការលក់ក្នុងឆ្នាំ 2025៖ Leapmotor សម្រេចបានការចែកចាយរថយន្តជិត 600,000 គ្រឿង ដែលកើនឡើង 103%ធៀបនឹងឆ្នាំមុន និងដណ្តើមបានតំណែងកំពូលក្នុង ចំណោមក្រុមហ៊ុនផលិតរថយន្តថាមពលថ្មី (NEV) ទើបបង្កើតថ្មីនៅក្នុងស្រុក។ ក្រុមហ៊ុនសម្រេចបាន 119% នៃគោលដៅចែកចាយរបស់ខ្លួន។
  • ការលក់ដើមឆ្នាំ 2026៖ ក្នុងខែមករា ឆ្នាំ 2026 ការចែកចាយរបស់ Leapmotor សម្រេចបាន 32,059 គ្រឿង ដែលកើនឡើង 27% ធៀបនឹងខែមករា ឆ្នាំ 2025។
  • គោលដៅឆ្នាំ 2026៖ គោលដៅលក់សម្រាប់ពេញមួយឆ្នាំ 2026 គឺ 1.05 លានគ្រឿង ដែលមានន័យថាក្រុមហ៊ុនត្រូវលក់ឱ្យបាន 1 លានគ្រឿងទៀតក្នុងរយៈពេល 11 ខែដែលនៅសល់។



កាលពីចុងឆ្នាំមុន លោក Zhu Jiangming នាយកប្រតិបត្តិក្រុមហ៊ុន Leapmotor បានថ្លែងថា គោលដៅរបស់ក្រុមហ៊ុនសម្រាប់រយៈពេលមួយទសវត្សរ៍ក្រោយ គឺសម្រេចឱ្យបាននូវការ លក់រថយន្ត 4 លានគ្រឿងក្នុងមួយឆ្នាំ ដោយមានបំណងក្លាយជាក្រុមហ៊ុនផលិតរថយន្តកំពូល មួយក្នុងចំណោមក្រុមហ៊ុនកំពូលទាំង 10 នៅលើពិភពលោក៕


ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)