Admin, 12 June 2026

               នៅពេលដែលម៉ាកយីហោ Lexus ត្រូវបានដាក់សម្ពោធដំបូងក្នុងឆ្នាំ 1989 ក្រុមហ៊ុនបានផ្តល់ជូននូវរថយន្តប្រភេទ Sedan ចំនួនពីរម៉ូដែល គឺ ES និង LS។ រថយន្តលំដាប់កំពូលខ្នាតធំ (full-size) ម៉ូដែល LS បានក្លាយជាអ្នកកំណត់អត្តសញ្ញាណ និងកិត្យានុភាពរបស់ Lexus យ៉ាងឆាប់រហ័ស ប៉ុន្តែ 37 ឆ្នាំក្រោយមក គឺមានតែស្រឡាយរថយន្តខ្នាតមធ្យម (mid-size) ម៉ូដែល ES ប៉ុណ្ណោះដែលនៅតែបន្តឈរជើងយ៉ាងរឹងមាំ។ បច្ចុប្បន្ន Lexus កំពុងត្រលប់ទៅរកការមានរថយន្ត Sedan តែពីរម៉ូដែលម្តងទៀត ហើយ LS នឹងមិនស្ថិតក្នុងចំណោមនោះឡើយ ដោយសារវាត្រូវបានលាឈប់ពីទីផ្សារជាមួយការផលិតកំណែទម្រង់ចុងក្រោយ Heritage Edition ត្រឹមតែ 250 គ្រឿងប៉ុណ្ណោះសម្រាប់ឆ្នាំ 2026។ ចំណែកឯម៉ូដែលខ្នាតតូច IS គឺនៅតែមានវត្តមាន ប៉ុន្តែវាហាក់ដូចជាចាប់ផ្តើមចាស់វស្សាបន្តិចទៅហើយ ដោយសារតែជំនាន់ទីបីរបស់វាទើបតែទទួលបានការកែទម្រង់មុខមាត់ (facelift) ជាលើកទីបី។

ដើម្បីជាសក្ខីភាពសញ្ជាក់ពីការបង្កើនសារៈសំខាន់របស់ខ្លួន រថយន្ត ES ទទួលបានការផ្លាស់ប្តូរទម្រង់រចនា និងបច្ចេកវិទ្យាយ៉ាងស៊ីជម្រៅ (comprehensive overhaul) ដែលឆ្លុះបញ្ចាំងពីតួនាទីដ៏ធំជាងមុនដែលខ្លួនត្រូវទទួលខុសត្រូវនៅក្នុងជួរផលិតផលរបស់ Lexus។ នៅក្នុងអត្ថបទនេះ យើងនឹងផ្តោតជាសំខាន់លើកំណែទម្រង់អគ្គិសនី (EV) ថ្មីរបស់ ES (ខណៈវាក៏មានកំណែទម្រង់ប្រភេទ Hybrid ផងដែរ ដែលយើងនឹងធ្វើការវាយតម្លៃដោយឡែក)។ រថយន្ត ES ជំនាន់ទីប្រាំបីនេះ ជាពិសេសគឺប្រភេទ EV — តំណាងឱ្យការផ្លាស់ប្តូរដ៏មានឥទ្ធិពលបំផុតសម្រាប់ម៉ូដែលនេះ ចាប់តាំងពីការចាប់ផ្តើមដំបូងរបស់ខ្លួនកាលពីជាងបីទសវត្សរ៍មុន។ វាមិនត្រឹមតែផ្តល់នូវទម្រង់ប្រព័ន្ធថាមពលថ្មីនេះប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានទំហំធំជាងមុន និងព្យាយាមចាប់យកកាតព្វកិច្ចមួយចំនួនពីឡានលំដាប់កំពូល LS មកជាមួយផងដែរ តាមរយៈជម្រើសបរិក្ខារលំដាប់ខ្ពស់ថ្មីៗ ដែលមានផ្តល់ជូនផ្តាច់មុខតែលើម៉ូដែលអគ្គិសនី។

នៅពេលដំបូង អ្នកប្រហែលជាមិនអាចចំណាំបានទេថារថយន្ត EV នេះគឺជារថយន្ត ES។ វាមានផ្នែកខាងមុខទម្រង់ស្មើរាបស្មើ ដោយមានត្រឹមតែខ្សែបន្ទាត់រាងប៉ាណាទ្រង់ទ្រាយនាឡិកាខ្សាច់ (spindle grille) ព្រាលៗ ដែលធ្លាប់មាននៅលើរថយន្តប្រើសាំងជាច្រើនរបស់ Lexus។ ខ្សែបន្ទូលដំបូលទម្លាក់ទៅខាងក្រោយយ៉ាងស្រទន់ ប៉ុន្តែជាមួយនឹងកម្ពស់ 1559mm ឡាននេះមានកម្ពស់ខ្ពស់ជាងមុនដល់ទៅ 114mm ហើយថែមទាំងខ្ពស់ជាងម៉ូដែល UX បន្តិចផងដែរ ដែល UX ត្រូវបានគេចាត់ទុកជាប្រភេទរថយន្ត SUV ទៅហើយនោះ។

ជាមួយនឹងប្រវែងចន្លោះកង់មុខក្រោយ (wheelbase) វែងជាងមុន 78.74mm ឥឡូវនេះ ES ផ្តល់នូវលំហរធំទូលាយអាចលាតសន្ធឹងជើងបានយ៉ាងមានផាសុកភាពនៅកៅអីជួរក្រោយ។ វាក៏មានជម្រើសពិសេសនៅលើម៉ូដែលបើកបរដោយកង់មុខ (front-drive) សម្រាប់វគ្គតុបតែង Luxury គឺកញ្ចប់កៅអីជួរក្រោយកម្រិតនាយកប្រតិបត្តិ (Executive rear-seat package) ដែលមានជើងទម្រ (ottoman) សម្រាប់អ្នកដំណើរខាងមុខ និងសមត្ថភាពសារ៉េដោយអគ្គិសនី រួមទាំងប្រព័ន្ធកម្តៅ និងប្រព័ន្ធខ្យល់បក់សម្រួលសម្រាប់កៅអីជួរក្រោយទាំងសងខាង។ Lexus ថែមទាំងបានបញ្ចូលនូវរបៀបបើកបរពិសេស (special drive mode) មួយ សម្រាប់ប្រើប្រាស់នៅពេលដែលកៅអីលំដាប់ប្រណីតនោះកំពុងត្រូវបានដំណើរការ ដែលរបៀបនេះត្រូវបានបង្កើតឡើងដើម្បីជៀសវាងភាពរអាក់រអួល ឬការកន្ត្រាក់ពីប្រព័ន្ធហ្វ្រាំងបង្កើតថាមពលឡើងវិញ (regenerative braking) ដែលមនុស្សជាច្រើនធ្លាប់បានជួបប្រទះពេលជិះនៅកៅអីក្រោយនៃរថយន្ត Uber ប្រភេទអគ្គិសនី។

រថយន្ត ES EV មកជាមួយជម្រើសកម្លាំងពីរប្រភេទ៖ ម៉ូដែល ES350e បើកបរដោយកង់មុខ កម្លាំង 224 សេះ និងម៉ូដែល ES500e បើកបរវិលពេញកង់ (AWD) កម្លាំង 338 សេះ។ ម៉ូដែលទាំងពីរមិនមានល្បឿនលឿនខ្លាំងអស្ចារ្យបើធៀបនឹងស្តង់ដាររថយន្ត EV នោះទេ ដោយយើងប៉ាន់ប្រមាណថាសូម្បីតែម៉ូដែលប្រើម៉ូទ័រឌុប (ES500e) នឹងប្រើពេល 4.8 វិនាទី ដើម្បីស្ទុះពី 0ដល់ 96​គីឡូម៉ែត្រ/ម៉ោង។ កម្លាំងរបស់វាមិនបោកបែនអ្នកឱ្យផ្អែកទៅក្រោយខ្លាំងនោះទេ ប៉ុន្តែវាគឺសាកសមល្អណាស់សម្រាប់រថយន្ត Sedan បែបធូរស្រាលមិនមែនស្ព័រដូចជា ES នេះ។ វាមានកម្រិតកែសម្រួលប្រព័ន្ធហ្វ្រាំងបង្កើតថាមពលឡើងវិញចំនួន 5 កម្រិត ប៉ុន្តែមិនមានជម្រើសបើកបរដោយប្រើឈ្នាន់មួយ (one-pedal driving) ដូចដែលអ្នកបើកបរ EV ជាច្រើនរំពឹងទុកនោះឡើយ។ Lexus បានបញ្ជាក់ថា ខ្លួនចង់ឱ្យអ្នកបើកបរជាអ្នកគ្រប់គ្រងលើការបញ្ជាហ្វ្រាំងដើម្បីបញ្ឈប់យានយន្តដោយផ្ទាល់។

ម៉ូដែល ES500e ផ្តល់អារម្មណ៍ហាក់ដូចជាមានទម្ងន់ធ្ងន់នៅពេលបត់ជ្រុង ដោយ Lexus ប៉ាន់ប្រមាណថាទម្ងន់ឡានទទេ (curb weight) គឺជិត 2,260 គីឡូក្រាម) សម្រាប់កំណែទម្រង់ option ពេញ ហើយការបើកបរមានភាពរលាក់យោលជាងអ្វីដែលយើងបានរកឃើញនៅលើម៉ូដែល Hybrid ដែលមានទម្ងន់ស្រាលជាងជិត 453kg ទោះជាយ៉ាងណាក៏ដោយ រថយន្ត ES ប្រភេទអគ្គិសនីនេះ នៅតែបន្តផ្តោតលើភាពសុខស្រួលជាចម្បង និងមានភាពស្ងប់ស្ងាត់នៅក្នុងកាប៊ីនយ៉ាងគួរឱ្យចាប់អារម្មណ៍។

កញ្ចប់អាគុយទំហំ 67 kWh គឺជាជម្រើសតែមួយគត់សម្រាប់ទាំងប្រភេទម៉ូទ័រទោល និងម៉ូទ័រឌុប ដែលទំហំសមត្ថភាពនេះគឺមិនសូវធំប៉ុន្មានទេសម្រាប់រថយន្តដែលមានខ្នាតធំ និងទម្ងន់ធ្ងន់បែបនេះ។ ការប៉ាន់ប្រមាណចម្ងាយបើកបរគឺចាប់ពី 437 គីឡូម៉ែត្រ សម្រាប់ម៉ូដែល ES500e ដែលប្រើយ៉ាន់កង់ធំ ដែលបើកបរបានរហូតដល់ 494 គីឡូម៉ែត្រ សម្រាប់ម៉ូដែល ES350e ដែលប្រើយ៉ាន់កង់តូចជាង។ តួលេខទាំងនេះមិនសូវជាលេចធ្លោខ្លាំងនោះទេក្នុងចំណោមរថយន្ត Sedan អគ្គិសនីនាពេលបច្ចុប្បន្ន ហើយសូម្បីតែកម្រិតល្បឿននៃការសាកថ្មរហ័ស DC អតិបរមា 150 kW ក៏ដូចគ្នាដែរ។ បច្ចេកវិទ្យា EV របស់ Toyota (ក្រុមហ៊ុនមេរបស់ Lexus) នៅតែមានផ្លូវត្រូវដើរវែងឆ្ងាយទៀត ដើម្បីដេញទាន់ក្រុមហ៊ុនដឹកនាំឈានមុខក្នុងឧស្សាហកម្មលើសមរភូមិមួយនេះ។

ទោះជាយ៉ាងណាក៏ដោយ រថយន្ត ES EV បានផ្តល់នូវកម្រិតតម្លៃដ៏ទាក់ទាញ និងគួរឱ្យភ្ញាក់ផ្អើល ដែលចំណុចនេះបានជួយប៉ះប៉ូវដល់កង្វះខាតខាងលើមួយចំនួនបានយ៉ាងល្អ។ ជាមួយនឹងម៉ូដែល ES350e ដែលមានតម្លៃចាប់ផ្តើមពី 48,895 ដុល្លារ វាមានតម្លៃប្រហាក់ប្រហែលនឹង Tesla Model 3 ប៉ុន្តែវាផ្តល់នូវលំហរខាងក្នុងធំទូលាយជាង, ផ្នែកខាងក្នុងមានភាពប្រណីតជាងឆ្ងាយ និងមានមុខងារស្តង់ដារជាច្រើន។ តម្លៃរបស់ ES350e អាចឡើងលើសពី 60,000 ដុល្លារ ប្រសិនបើបំពាក់កញ្ចប់ Executive package ខណៈម៉ូដែលដែលមានកម្លាំងខ្លាំងជាង ES500e មានតម្លៃចន្លោះពី 51,895 ដុល្លារ ដល់ 60,295 ដុល្លារ។ ប៉ុន្តែទោះជាស្ថិតក្នុងកម្រិតទឹកប្រាក់ទាំងនេះក៏ដោយ វានៅតែជាតម្លៃមួយដ៏សមរម្យ និងចំណេញខ្លាំងសម្រាប់ ES ដោយផ្អែកលើទំហំរបស់វា, គុណភាពសម្ភារៈតុបតែងកាប៊ីនលំដាប់ខ្ពស់ និងភាពផ្ចិតផ្ចង់សរុបនៃរថយន្តទាំងមូល។



ប្រភព៖ United State News.

ប្រែសំរួល៖ Chea SokNang (AC Auto)