Admin, 08 March 2026
សូមអបអរសាទរដល់ Volkswagen សម្រាប់ភាពជោគជ័យក្នុងការផលិតទ្រង់ទ្រាយ ធំនូវបច្ចេកវិទ្យាដែល ហួសសម័យ មិនប៉ះពាល់ដល់បរិស្ថាន និងមានសក្តានុពល អភិវឌ្ឍន៍តិចតួច ក្នុងរយៈពេលត្រឹមតែ 6 ឆ្នាំ
នេះគឺជាប្រតិកម្មរបស់នាយកផ្នែកបណ្តាញសង្គមរបស់ក្រុមហ៊ុន Li Auto ចំពោះសមិទ្ធផល ថ្មីរបស់ Volkswagen ដែលបានបញ្ចេញម៉ាស៊ីន "Golden Range Extender" ស៊េរី EA211 ដំបូងបង្អស់ចេញពីខ្សែសង្វាក់ផលិតកម្មក្នុងប្រទេសចិន កាលពីថ្ងៃទី2 ខែមីនា។ បច្ចេកវិទ្យា នេះនឹងត្រូវបំពាក់ដំបូងគេលើរថយន្ត Volkswagen ID. Era 9X SUV ដែលជារថយន្ត SUV ប្រភេទ EREV (រថយន្តអគ្គិសនីប្រើម៉ាស៊ីនសាំងសាកថ្ម) កម្រិតបង្គោលដំបូងរបស់ Volkswagen ក្នុងប្រទេសចិន ដែលគ្រោងនឹងបើកការលក់សាកល្បងក្នុងខែមីនានេះ។
យោងតាមរបាយការណ៍ ចាប់តាំងពីការដាក់ឱ្យដំណើរការក្នុងឆ្នាំ 2011 ស៊េរីម៉ាស៊ីន EA211 ត្រូវបានដំឡើងលើរថយន្តជាង 20 លានគ្រឿងក្នុងទីផ្សារប្រទេសចិន។ ម៉ាស៊ីន Range extender ដែលត្រូវបានបង្កើតឡើងនៅពេលនេះ គឺផ្អែកលើបច្ចេកវិទ្យាម៉ាស៊ីន Turbo 1.5T EVO II ដោយប្រើប្រាស់ប្រព័ន្ធ Variable Geometry Turbocharger (VTG) ដើម្បីកែសម្រួល លំហូរខ្យល់ និងបង្កើនប្រសិទ្ធភាពនៃការបង្កើតថាមពលអគ្គិសនី រួមជាមួយបច្ចេកវិទ្យា Miller cycle និងសម្ពាធប្រេង 350 បារ ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន។ ភ្លាមៗនោះ អនុប្រធានប្រតិបត្តិផ្នែកលក់ និងទីផ្សាររបស់ SAIC-Volkswagen បានឆ្លើយតបវិញថា «សូមអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកជំនាញរថយន្តចិនទាំងអស់។ យើងនឹងរួមគ្នាដោះស្រាយ ដើម្បីរួមចំណែកដល់វឌ្ឍនភាពនៃឧស្សាហកម្មនេះ»។
ជម្លោះរវាង Li Auto និង Volkswagen នេះបានចាប់ផ្តើមតាំងពីខែកញ្ញា ឆ្នាំ 2020 នៅពេលដែលនាយកប្រតិបត្តិរបស់ Volkswagen ប្រចាំប្រទេសចិន លោក Stephan Wöllenstein បានលើកឡើងថា បច្ចេកវិទ្យា EREV ដែលបង្កើតអគ្គិសនីពីសាំង គឺជា បច្ចេកវិទ្យាមិនល្អសម្រាប់បរិស្ថាន។ ទន្ទឹមនឹងនោះ ប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) របស់ Volkswagen ប្រចាំប្រទេសចិន លោក Wiedmann ក៏បាននិយាយដែរថា EREV គឺជាបច្ចេកវិទ្យាដែលហួសសម័យ និងមានសក្តានុពលអភិវឌ្ឍន៍មានកំណត់។
ក្រុមហ៊ុន Li Auto បានច្រានចោលទស្សនៈទាំងនេះដោយលើកឡើងថា៖ «តាមការពិត ការប្រៀបធៀបផ្ទាល់រវាងផលិតផល បង្ហាញពីឧត្តមភាពរបស់ Li One។ ដោយសារ Volkswagen មិនទាន់មានម៉ូដែល PHEV ក្នុងលំដាប់ថ្នាក់ដូច Li One យើងមិនគួរយក Li One ទៅប្រៀបធៀបបង្អាប់រថយន្តប្រើសាំងរបស់ Volkswagen នោះទេ។ ប្រសិនបើយើងមើល Audi Q7 e-tron និង Porsche Cayenne E-Hybrid ដែលស្ថិតក្នុងកម្រិតប្រហាក់ប្រហែលគ្នា តើកម្រិតស៊ីប្រេង និងបទពិសោធន៍បើកបររបស់ពួកវាពិតជាយ៉ាងណា? យើងស្វាគមន៍ប្រព័ន្ធផ្សព្វផ្សាយឱ្យធ្វើការប្រៀបធៀបពួកវាជាមួយ Li One»។
បន្ទាប់មកនៅខែធ្នូ ឆ្នាំ 2021 លោក Li Xiang នាយកប្រតិបត្តិក្រុមហ៊ុន Li Auto បានបន្តច្រាន ចោលការរិះគន់របស់ Volkswagen ដោយបានចែករំលែកថា ចំនួនលក់ប្រចាំខែរបស់រថយន្ត Li One គឺលើសពីចំនួនលក់សរុបនៃរថយន្ត SUV របស់ Volkswagen ចំនួន 5ម៉ូដែលបញ្ចូល គ្នាទៅទៀត៕
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
