Admin, 22 August 2026
រថយន្ត Crossover អគ្គិសនីបែបស្ព័រ Luxeed RX ដែលជាកិច្ចសហការរវាងក្រុមហ៊ុន Chery និង Huawei បានចាប់ផ្តើមការលក់មុន (presales) នៅក្នុងប្រទេសចិន ក្នុងតម្លៃចាប់ពី 44,550 ដុល្លារអាមេរិក។ ទម្រង់រូបរាងរបស់វា ត្រូវបានបង្កើតឡើងដោយអតីតអ្នករចនាម៉ូដរបស់ Ferrari គឺលោក Werner Gruber។ ម៉ូដែល RX នេះ នឹងក្លាយជាគូប្រជែងជាមួយរថយន្ត Xiaomi YU7 និង Voyah Passion S ដោយផ្តល់នូវចម្ងាយបើកបររហូតដល់ 852 គីឡូម៉ែត្រ។
Luxeed គឺជាម៉ាកយីហោរួមគ្នារវាងក្រុមហ៊ុន Chery និង Huawei។ ស្រឡាយម៉ូដែលបច្ចុប្បន្នរបស់វា រួមមានរថយន្តចំនួនបីគឺ៖ រថយន្ត Sedan ម៉ូដែល S7, រថយន្ត Coupe-SUV ម៉ូដែល R7 និងរថយន្ត Minivan ម៉ូដែល V9។ ក្រុមហ៊ុន Huawei ទទួលខុសត្រូវលើការលក់រាយនៃម៉ាកយីហោ Luxeed ដោយដាក់លក់រថយន្តទាំងនេះតាមរយៈបណ្តាញ HIMA របស់ខ្លួន រួមជាមួយម៉ាក Aito, Stelato, Maextro និង Saic (Shangjie)។ យោងតាមទិន្នន័យពី China EV DataTracker ម៉ាក Luxeed បានប្រគល់រថយន្តចំនួន 9,906 គ្រឿង ជូនដល់អតិថិជនក្នុងស្រុក នៅក្នុងខែមិថុនា ឆ្នាំ 2026 នេះ។
Luxeed RX គឺជាសមាជិកបន្ថែមថ្មីចុងក្រោយបង្អស់នៅក្នុងស្រឡាយផលិតផល។ វាក៏ជាយានយន្តម៉ាក Luxeed ដំបូងគេដែលត្រូវបានរចនាឡើងដោយលោក Werner Gruber ដែលធ្លាប់បម្រើការនៅ Pininfarina, Ferrari និង Saleen។ ម៉ូដែល RX ប្រើប្រាស់ទម្រង់រចនាថ្មីស្រឡាង ដោយក្លាយជាម៉ូដែលដែលមានលក្ខណៈប្លែកគេនៅក្នុងស្រឡាយ។ ការដាក់ឈ្មោះរបស់វាក៏គួរឱ្យភ្ញាក់ផ្អើលផងដែរ ដោយសារតែកាលពីមុន Luxeed តែងតែហៅឈ្មោះរថយន្តរបស់ខ្លួនដោយប្រើអក្សរមួយបន្តដោយលេខ។ ប៉ុន្តែប្រហែលជាអក្សរ «X» នៅទីនេះ តំណាងឱ្យលេខ «10»។
កាលពីមុន Luxeed RX ត្រូវ បានគេប្រសិទ្ធនាមថាជា «កំណែចម្លងមួយផ្សេងទៀតនៃ Ferrari Purosangue»។ រក្សាសម្មតិនាមបែបនេះ គឺបណ្តាលមកពីទម្រង់ទ្រង់ទ្រាយតួខ្លួនទូទៅនៃរថយន្ត ដែលមានភាពមិនធម្មតាសម្រាប់យានយន្តអគ្គិសនី។ Luxeed RX មានខ្សែបន្ទាត់គម្របម៉ាស៊ីនវែង ជាមួយលំហដ៏ទូលាយរវាងរន្ធកង់ និងទ្វារមុខ។ វាក៏មានស្លាបកង់ក្រោយលេចធ្លោ, ដៃទ្វារលិចពាក់កណ្តាល និងផ្នែកខាងក្រោយខ្លី។ ម៉ូដែល RX មានបំពាក់ធាតុផ្សំសម្រួលខ្យល់ចំនួន 10 នៅជុំវិញតួខ្លួន។ ជម្រើសកង់មានបីទម្រង់គឺ៖ R20, R21 និង R22។
RX ជារថយន្ត SUV ប្រភេទ 5 កៅអី ដែលមានវិមាត្រ៖ បណ្តោយប្រវែង 5,020 មីឡីម៉ែត្រ, ទទឹង 2,007 មីឡីម៉ែត្រ និងកម្ពស់ 1,585 មីឡីម៉ែត្រ។ បរិវេណខាងក្នុងរបស់វាមានមុខងារគួរឱ្យចាប់អារម្មណ៍មួយ គឺការរួមបញ្ចូលគ្នារវាងកញ្ចក់មើលក្រោយខាងចំហៀងបែបប្រពៃណី ជាមួយនឹងកាមេរ៉ាមើលក្រោយខាងចំហៀង។ បន្ទះទ្វាររថយន្តមានបំពាក់អេក្រង់បង្ហាញព័ត៌មានអំពីបរិយាកាសជុំវិញខ្លួន។ អ្នកបើកបរអាចពិនិត្យមើលអ្វីៗដែលខ្លួនចូលចិត្តបាន។ RX ក៏មានបំពាក់កញ្ចក់មើលក្រោយបែប streaming, អេក្រង់បញ្ជាកណ្តាលបែបបណ្តែតខ្នាតធំ 16.1 អ៊ីញ, អេក្រង់សម្រាប់អ្នកដំណើរ 8.88 អ៊ីញ, អេក្រង់កុងទ័រ LCD និងអេក្រង់ចាំងលើកញ្ចក់ HUD ទំហំ 26 អ៊ីញ។
Luxeed RX ផ្តល់ជូននូវប្រព័ន្ធសេនស័រសរុបចំនួន 38 គ្រាប់ និងប្រព័ន្ធ LiDAR ចំនួន 4 គ្រាប់។ ក្នុងចំណោមនោះ LiDAR មួយគ្រាប់ផ្តល់នូវបណ្តុំខ្សែរត់រហូតដល់ 896 ខ្សែ។ ជាលទ្ធផល RX មានសមត្ថភាពបើកបរពីអាសយដ្ឋានមួយទៅកាន់អាសយដ្ឋានមួយទៀតដោយស្វ័យប្រវត្តិ។ អ្នកបើកបរគ្រាន់តែត្រូវតាមដានស្ថានភាពជាប្រចាំ និងត្រៀមខ្លួនចូលគ្រប់គ្រងចង្កូត ប៉ុណ្ណោះ ដោយសារវាត្រឹមជាប្រព័ន្ធជំនួយការបើកបរ L2 កម្រិតជឿនលឿន។ Luxeed RX មានប្រព័ន្ធបូមសកម្ម (active suspension) និងមានភាពរឹងមាំនៃតួខ្លួនដ៏គួរឱ្យចាប់អារម្មណ៍លើសពី 50,000 Nm/degree។
ម៉ូទ័រអគ្គិសនីទោល ផ្តល់ថាមពលដល់ម៉ូដែល Luxeed RX វគ្គជម្រើសមូលដ្ឋាន។ វាស្ថិតនៅអ័ក្សកង់ខាងក្រោយ ដោយមានកម្លាំងទិន្នផល 277 kW (371 សេះ)។ ចំណែកឯវគ្គជម្រើសម៉ូទ័រឌុប AWD ផ្តល់នូវកម្លាំងកំពូល 437 kW (586 សេះ)។ ជម្រើសអាគុយមានបីទម្រង់គឺ៖ 81.1 kWh, 100.25 kWh និង 100.42 kWh ដែលស័ក្តិសមសម្រាប់ចម្ងាយបើកបរពី 700 ដល់ 852 គីឡូម៉ែត្រ។
ប្រភព៖
ប្រែសំរួល៖
