Admin, 01 July 2026
ស្រឡាយរថយន្តសមត្ថភាពខ្ពស់របស់ក្រុមហ៊ុន Lynk & Co បានពង្រីកខ្លួនបន្ថែមទៀតកាលពីថ្ងៃទី 29 ខែមិថុនា ជាមួយការបើកទទួលការកក់ទុកមុន (pre-sale) សម្រាប់រថយន្តប្រភេទលក្ខណៈគ្រួសារដំបូលវែងទម្រង់ស្ព័រ (Wagon) ប្រភេទ Plug-in Hybrid ម៉ូដែល 07 GT។ ម៉ូដែលរូបរាងដ៏ទាក់ទាញមួយនេះ ដៅដៅលើក្រុមអ្នកស្នេហាវិស័យយានយន្ត ជាមួយកម្រិតតម្លៃចាប់ផ្តើមដំបូង 24,400 ដុល្លារអាមេរិក។ ការប្រគល់រថយន្តសម្រាប់ម៉ូដែលតួខ្លួនដែលមានភាពប្រកួតប្រជែងខ្ពស់នេះ ត្រូវបានកំណត់កាលវិភាគចាប់ផ្តើមបន្ទាប់ពីការដាក់លក់ជាផ្លូវការនៅក្នុងខែកក្កដានេះ។
ស្ថាបត្យកម្មរថយន្តប្រភេទ Wagon នេះ ប្រើប្រាស់ប្រព័ន្ធឆ្លាតវៃអគ្គិសនី-កូនកាត់ EM-P ផ្ទាល់ខ្លួន ដែលបង្កើតឡើងនៅលើគ្រោងគ្រឹះ CMA។ ក្រុមការងារវិស្វកម្មបានរួមបញ្ចូលគ្នានូវប្រព័ន្ធថាមពល ជាមួយនឹងរូបរាងខាងក្រៅបែបឌីណាមិក (aerodynamic) ដែលលេចធ្លោដោយបណ្តុំភ្លើងបំភ្លឺ LED ចំនួន 94 គ្រាប់ជាអត្តសញ្ញាណ។ ម៉ូដែលនេះក៏បានណែនាំនូវកញ្ចប់តុបតែងបែបស្ព័រ (sports kits) ជាមួយទ្វារឡានបែបគ្មានស៊ុម (frameless doors) និងប្រព័ន្ធស្នូរដំបូលដែលអាចកែសម្រួលការទ្រទម្ងន់បានខុសៗគ្នា។
ប្រព័ន្ធថាមពល និងសមត្ថភាព
ប្រព័ន្ធជម្រុញថាមពលផ្នែកមេកានិក ពឹងផ្អែកលើម៉ាស៊ីនសាំងទើបូ ចំណុះ 1.5 លីត្រ (1.5T) ផលិតកម្លាំងបាន 120 kW រួមផ្សំជាមួយប្រព័ន្ធប្រអប់លេខសម្រាប់ Hybrid ជំនាញបីវគ្គ (three-speed dedicated hybrid transmission)។ សម្រាប់វគ្គជម្រើសកម្រិតដំបូងប្រើម៉ូទ័រទោល (single-motor) បង្កើតកម្លាំងសរុបបាន 300 kW និងអាចធ្វើការស្ទុះល្បឿនពី 0 ដល់ 100គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល 5.5 វិនាទី។ ដោយឡែក សម្រាប់វគ្គជម្រើសលំដាប់ខ្ពស់ប្រើម៉ូទ័រឌុប បើកបរវិលពេញកង់ (four-wheel-drive) បានបង្កើនកម្លាំងទិន្នផលសរុបរហូតដល់ 390 kW (530 សេះ) ដើម្បីបង្កើនសន្ទុះស្ទុះឱ្យកាន់តែខ្លាំងក្លា។
ការចែកចាយថាមពលពឹងផ្អែកលើកញ្ចប់អាគុយប្រភេទ លីថ្យូម-អ៊ីយ៉ុង (lithium-ion) ស្តង់ដារទំហំ 28.3 kWh ដែលត្រូវបានបំពាក់នៅគ្រប់វគ្គជម្រើសទាំងអស់។ ម៉ូដែលប្រើម៉ូទ័រទោល ផ្តល់នូវចម្ងាយបើកបរដោយថាមពលអគ្គិសនីសុទ្ធផ្លូវការតាមស្តង់ដារ CLTC ចំនួន 200គីឡូម៉ែត្រ និងមានចម្ងាយបើកបរសរុបរួមបញ្ចូលគ្នាដល់ទៅ 1,422 គីឡូម៉ែត្រ។ ផ្ទុយទៅវិញ ម៉ូដែលប្រើប្រព័ន្ធបើកបរវិលពេញកង់ដែលមានកម្លាំងខ្លាំងជាង ផ្តល់ចម្ងាយបើកបរដោយថាមពលអគ្គិសនីសុទ្ធ 170 គីឡូម៉ែត្រ និងចម្ងាយបើកបរសរុប 1,315 គីឡូម៉ែត្រ។
វិមាត្រ និងគ្រោងតួ
វិមាត្រខាងក្រៅរបស់រថយន្តមានបណ្តោយប្រវែង 4,846 មីឡីម៉ែត្រ, ទទឹងប្រវែង 1,900 មីឡីម៉ែត្រ និងកម្ពស់ 1,485 មីឡីម៉ែត្រ ជាមួយប្រវែងចន្លោះកង់មុខក្រោយ (Wheelbase) 2,843 មីឡីម៉ែត្រ។ វគ្គតុបតែងសមត្ថភាពខ្ពស់មួយចំនួនមានប្រវែងតួខ្លួនវែងជាងមុនដល់ 4,866 មីឡីម៉ែត្រ ដោយសារការបំពាក់បន្ថែមនូវកញ្ចប់តុបតែងស្ព័រជាក់លាក់។ សមាមាត្រទាំងនេះផ្តល់នូវទំហំផ្ទុកឥវ៉ាន់ផ្នែកខាងក្រោយកម្រិតមូលដ្ឋានចំនួន 614 លីត្រ សម្រាប់ម៉ូដែលបើកបរដោយកង់មុខ។
ស្ថាបត្យកម្មប្រព័ន្ធបូម រួមបញ្ចូលគ្នារវាងប្រព័ន្ធបូមខាងមុខប្រភេទ MacPherson ជាមួយប្រព័ន្ធបូមឯករាជ្យខាងក្រោយប្រភេទ Multi-link ដើម្បីគ្រប់គ្រងលំនឹងឌីណាមិករបស់យានយន្តនៅពេលបត់ជ្រុង។ ប្រព័ន្ធបូមធារាសាស្ត្រដែលអាចកែសម្រួលកម្រិតរំញ័រ (Hydraulic variable-damping adaptive suspension) ត្រូវបានបំពាក់ជាស្តង់ដារនៅលើម៉ូដែលមូលដ្ឋានដើម្បីសម្រួលដល់សម្ពាធតបតពីផ្លូវថ្នល់។ ចំណែកឯម៉ូដែលដំឡើងកម្រិតបើកបរវិលពេញកង់ បានរួមបញ្ចូលនូវប្រព័ន្ធបូមកម្រិតខ្ពស់ magnetic rheological dampers ដើម្បីផ្តល់នូវការកែសម្រួលកម្រិតរំញ័រផ្នែករូបវន្តបានកាន់តែទូលំទូលាយនៅលើទីលានប្រណាំង។
ប្រព័ន្ធអេឡិចត្រូនិក និងបរិមាណលក់
ប្រព័ន្ធអេឡិចត្រូនិកនៅក្នុងកាប៊ីន ផ្ដោតសំខាន់លើអេក្រង់បញ្ជាកណ្តាលកម្រិតច្បាស់ខ្ពស់ទំហំ 15.4 អ៊ីញ ដែលដំណើរការដោយប្រព័ន្ធឆ្លាតវៃ Flyme Auto 2.5។ គ្រោងប្រព័ន្ធនេះដំណើរការ និងវិភាគព័ត៌មានបរិស្ថានជុំវិញខ្លួនតាមរយៈបន្ទះឈីបកាប៊ីនខ្នាត 5 ណានូម៉ែត្រ (5 nm cockpit chip) ដែលមានសមត្ថភាពគណនាដល់ទៅ 30 ទ្រីលានដងក្នុងមួយវិនាទី។ បណ្តុំប្រព័ន្ធសេនស័រ LiDAR ស្តង់ដារដែលដំឡើងនៅលើដំបូល គាំទ្រដល់ក្របខ័ណ្ឌការងារជំនួយការបើកបររួមបញ្ចូលគ្នានៅទូទាំងបណ្តាញផ្លូវថ្នល់ខុសៗគ្នា។
ការរៀបចំផ្នែកខាងក្នុងលំដាប់ខ្ពស់ លេចធ្លោដោយកៅអីស្ព័រ (bucket seating) ស្រោបដោយស្បែកប្រណីត អាចសារ៉េដោយអគ្គិសនីបាន 12 ទិសដៅ និងមានប្រព័ន្ធខ្យល់បក់សម្រួលពេញលេញ។ ចំនួនរថយន្តដែលបានបែងចែកដំបូងសរុប 1,007 គ្រឿង សម្រាប់កំណែទម្រង់ពិសេស Time Limited Edition ត្រូវបានលក់អស់ទាំងស្រុងភ្លាមៗ បន្ទាប់ពីការបើកលក់ជាផ្លូវការ។ វគ្គជម្រើសពិសេសនេះ ដាក់លក់ក្នុង 30,694 ដុល្លារអាមេរិក ដែលរួមបញ្ចូលទាំងកញ្ចប់ដំឡើងកម្រិតបរិក្ខារដែលមានតម្លៃស្មើនឹង 9,555 ដុល្លារអាមេរិកផងដែរ។
ការដាក់លក់នៅលើទីផ្សារនេះ ធ្វើឡើងបន្ទាប់ពីការធ្លាក់ធ្លាយរូបភាពលួចថត (spy photos) នាពេលកន្លងមក និងការបើកបង្ហាញរូបរាងដំបូងនៃរថយន្តប្រភេទ Wagon នេះ ដែលធ្លាប់បានបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញអនឡាញ។ ទិន្នន័យពី China EV DataTracker បង្ហាញថា ការលក់រថយន្តប្រភេទ Sedan ម៉ូដែលមូលដ្ឋាន 07 EM-P បានធ្លាក់ចុះមកត្រឹម 1,764 គ្រឿង ក្នុងកំឡុងខែឧសភា ឆ្នាំ 2026 កន្លងទៅ។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
