Admin, 24 March 2026

         រូបភាពផ្លូវការនៃរថយន្តអគ្គិសនី Sedan ម៉ូដែល Lynk & Co 10+ ត្រូវបានបង្ហាញនៅក្នុង ប្រទេសចិន ដែលវាគឺជាកំណែបែបរថយន្តស្ព័រនៃម៉ូដែលអាប់ដេត Lynk & Co Z10។ វានឹងចូលមកកាន់ទីផ្សារក្នុងពេលឆាប់ៗនេះ ជាមួយដៃទ្វារបង្កប់ពាក់កណ្តាល, ស្លាបក្រោយ (Spoiler) ដ៏ធំ និងកម្លាំងបញ្ចេញសរុបរហូតដល់ 680 គីឡូវ៉ាត់ (912 សេះ)។

ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន (MIIT) បានបង្ហាញព័ត៌មាននៃ Lynk & Co 10 ក្នុងអំឡុងពេលដំណើរការត្រួតពិនិត្យស្តង់ដារ។ វានឹងមកជំនួសម៉ូដែល Z10 បច្ចុប្បន្ន ដែលបានដាក់លក់កាលពីខែកញ្ញា ឆ្នាំ 2024។ នៅថ្ងៃទី 23 ខែមីនា ក្រុមហ៊ុន Lynk & Co បានចែករំលែករូបភាពផ្លូវការនៃកំណែដែលមានសមត្ថភាពខ្ពស់ គឺម៉ូដែល 10+ នេះឯង។

The Lynk & Co 10+ sedan. Credit: Lynk & Co


ព័ត៌មានបន្ថែមអំពី Lynk & Co 10+

រថយន្ត Lynk & Co 10+ អាចសម្គាល់បានតាមរយៈកញ្ចប់តុបតែងខាងក្រៅរបស់វា ដែលរួមមាន ប៉ាណាស្ព័រ, ស្កឺតចំហៀង (Side skirts) និងស្លាបក្រោយដ៏ធំដែលបំពាក់ នៅលើគម្របគូទក្រោយ។ រថយន្តនេះក៏មានស្លាបកន្ទុយទា (Ducktail spoiler) និងដំបូលរាងស្លីម។ ចំណុចលេចធ្លោផ្សេងទៀតរួមមាន ដៃទ្វារបង្កប់ពាក់កណ្តាល, កញ្ចក់មើលក្រោយគ្មានស៊ុម, សេនស័រ LiDAR នៅលើដំបូល និងយ៉ាន់កង់ទំហំ 21 អ៊ីញ។

វិមាត្រនៃ Lynk & Co 10+ គឺមានបណ្តោយប្រវែង 5,050mm, ទទឹង 1,966mm និងកម្ពស់ 1,468mm ជាមួយប្រវែងចន្លោះកង់មុខក្រោយ 3,005mm។ វាបំពាក់នូវប្រព័ន្ធជំនួយការបើកបរ G-Pilot H5 ដែលមាន LiDAR, រ៉ាដា 3 mm-wave, កាមេរ៉ា 11 គ្រាប់, សេនស័រ Ultrasonic 12គ្រាប់ និងប្រើបន្ទះឈីប Nvidia Drive Orin ដែលមានសមត្ថភាពគណនា 254 TOPS។

The Lynk & Co 10+ sedan. Credit: Lynk & Co


កម្លាំងម៉ាស៊ីន និងសមត្ថភាព

ប្រព័ន្ធបញ្ជូនកម្លាំងគឺជាចំណុចលេចធ្លោបំផុតនៃ Lynk & Co 10+។ វាបំពាក់ម៉ូទ័រអគ្គិសនីពីរគ្រាប់៖

  • ម៉ូទ័រមុខ: កម្លាំង 310 គីឡូវ៉ាត់ (416 សេះ)។
  • ម៉ូទ័រក្រោយ: កម្លាំង 370 គីឡូវ៉ាត់ (496 សេះ)។
  • កម្លាំងសរុប: 680 គីឡូវ៉ាត់ (912 សេះ)។

ប្រព័ន្ធកម្លាំងនេះ គឺដូចគ្នាទៅនឹងម៉ូដែល Zeekr 001 ស៊េរីចុងក្រោយដែរ។ ល្បឿនអតិបរមា របស់វាអាចឡើងដល់ 240 គីឡូម៉ែត្រ/ម៉ោង។ ទោះបីជាមិនទាន់មាន តួលេខផ្លូវការនៃការស្ទុះ ពី 0 ដល់ 100 គីឡូម៉ែត្រ/ម៉ោង ក៏ដោយ ប៉ុន្តែសារព័ត៌មាន CNC រំពឹងថាវាអាចធ្វើ បានក្នុង រយៈពេល 2.8 វិនាទី។ ចំពោះអាគុយវិញ គេរំពឹងថាវានឹងប្រើអាគុយទំហំ 95 kWh (LFP) ឬ 103 kWh (NMC) និងគាំទ្រប្រព័ន្ធភ្លើងតង់ស្យុងខ្ពស់ 900 វ៉ុល។


មិនមែនមានតែម៉ូដែល 10+ នោះទេ

Lynk & Co ក៏នឹងដាក់លក់ម៉ូដែល 10 ធម្មតាដែលគ្មានការតុបតែងបែបស្ព័រផងដែរ៖

  • ម៉ូដែលកម្រិតទាប: ប្រើម៉ូទ័រក្រោយមួយគ្រាប់ កម្លាំង 300 គីឡូវ៉ាត់ (402 សេះ) ល្បឿនអតិបរមា 220គីឡូម៉ែត្រ/ម៉ោង។
  • ម៉ូដែលកម្រិតមធ្យម: ប្រើម៉ូទ័រមួយគ្រាប់ កម្លាំង 370 គីឡូវ៉ាត់ (496 សេះ) ល្បឿនអតិបរមា 240 គីឡូម៉ែត្រ/ម៉ោង។

បច្ចុប្បន្ន ម៉ូដែល Z10 (ស៊េរីចាស់) លក់ក្នុងតម្លៃចន្លោះពី 27,125 ដល់ 33,370 ដុល្លារអាមេរិក។ យោងតាមទិន្នន័យ China EV DataTracker ម៉ូដែល Z10 គឺជាឡានមួយក្នុងចំណោមឡាន ដែលលក់មិនសូវដាច់របស់ Lynk & Co ដោយសម្រេចបានការលក់សរុបត្រឹមតែ 11,510 គ្រឿងប៉ុណ្ណោះ។ ក្រៅពីប្រភេទអគ្គិសនីសុទ្ធ ក្រុមហ៊ុនក៏មានលក់ប្រភេទ Plug-in Hybrid ហៅថា Lynk & Co 10 EM-P ដែលលក់បានចំនួន 30,886 គ្រឿង ចាប់ពីខែសីហា ឆ្នាំ 2025 ដល់ខែកុម្ភៈ ឆ្នាំ 2026៕

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)