Admin, 10 hours ago

              ពិព័រណ៍រថយន្តអន្តរជាតិ 2026 Greater Bay Area International Auto Show បានចាប់ផ្ដើមបើកឆាកកាលពីថ្ងៃទី 29 ខែឧសភា ដែលព្រឹត្តិការណ៍នេះបានក្លាយជាឆាកសម្រាប់ការបើកទទួលការកក់ទុកមុនជាផ្លូវការនៃរថយន្តម៉ូដែល Maextro S800 Grand Design Collector’s Edition ពីសម្ព័ន្ធភាព HIMA បន្ទាប់ពីរូបភាពផ្លូវការរបស់វាត្រូវបានលាតត្រដាងកាលពីប៉ុន្មានថ្ងៃមុន។ ដោយកំណត់ទីតាំងជារថយន្តលំដាប់កំពូលប្រណីតបំផុត (ultra-luxury) នៃស្រឡាយរថយន្ត Sedan ឈានមុខ S800 យានយន្តនេះត្រូវបានរំពឹងថានឹងមានតម្លៃលក់រាយចន្លោះពី ប្រហែល 235,300 ដល់ 294,100 ដុល្លារអាមេរិក។

រូបរាងខាងក្រៅ និងការរចនា

ស៊េរី Grand Design Collector’s Edition នេះ បង្ហាញពីភាពប្លែកដាច់គេជាមួយពណ៌តួខ្លួនពីរពណ៌ខុសគ្នា (two-tone) ដែលត្រូវបានប្រសិទ្ធនាមជាផ្លូវការថា “Far Mountain Cyan”រថយន្តនេះត្រូវបានតុបតែងលម្អដោយបន្ទះពណ៌មាសយ៉ាងច្រើន រួមមាន និមិត្តសញ្ញាលើគម្របម៉ាស៊ីន, ខ្សែឆ្នូតរត់បណ្តោយចំកណ្តាលគម្របម៉ាស៊ីនខាងមុខ និងឡូហ្គោពណ៌មាសនៅលើស fender, C-pillars, យ៉ាន់កង់ និងទ្វារឃ្លុបក្រោយ។

រថយន្ត Sedan នេះមានវិមាត្រ៖ ប្រវែង 5,480 មីឡីម៉ែត្រ, ទទឹង 2,000 មីឡីម៉ែត្រ, កម្ពស់ចន្លោះពី 1,536 មីឡីម៉ែត្រ ដល់ 1,542មីឡីម៉ែត្រ (អាស្រ័យលើការកំណត់ទម្រង់) និងមានប្រវែងចន្លោះកង់មុខក្រោយ 3,370 មីឡីម៉ែត្រ។ វាក៏បានបំពាក់នូវយ៉ាន់កង់ប្រណីតរាងមូលក្រាស់ (pie-style) និងប្រើប្រាស់ប្រព័ន្ធសេនស័រ LiDAR កម្រិត 896 ខ្សែ (896-line) នៅលើដំបូល។

សមត្ថភាព និងបច្ចេកវិទ្យា

S800 Grand Design បំពាក់នូវប្រព័ន្ធជំនួយការបើកបរទំនើបចុងក្រោយបង្អស់ Huawei Qiankun ADS 5.0 ដែលគាំទ្រដោយកាមេរ៉ាបង្កប់នៅលើសសរខណ្ឌកណ្តាល (B-pillars)។ ផ្នែកខាងក្នុងនៃកាប៊ីនត្រូវបានរៀបចំឡើងជាទម្រង់ 4 កៅអី ដើម្បីផ្តល់ផាសុកភាពអតិបរមាដល់អ្នកដំណើរ។

ម៉ូដែលនេះផ្តល់ជូននូវជម្រើសប្រព័ន្ធថាមពលពីរខុសគ្នា៖

  • ប្រភេទអគ្គិសនីពន្យារចម្ងាយ (EREV)៖ កំណែទម្រង់នេះផ្គូរផ្គងម៉ាស៊ីនសាំងជំនួយទំហំ 1.5T ជាមួយប្រព័ន្ធម៉ូទ័រចំនួនបី (triple-motor)។ ម៉ូទ័រផ្ដល់កម្លាំង 160 kW (215 សេះ) នៅផ្នែកខាងមុខ និងម៉ូទ័រភ្លោះកម្លាំង 237.5 kW (318 សេះ) ចំនួនពីរនៅផ្នែកខាងក្រោយ។ វាអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 276 គីឡូម៉ែត្រ (តាមស្តង់ដារ WLTC)
  • ប្រភេទអគ្គិសនីសុទ្ធ (BEV)៖ កំណែទម្រង់អគ្គិសនីសុទ្ធប្រើប្រាស់ការរៀបចំម៉ូទ័រភ្លោះរបស់ Huawei ដែលមានម៉ូទ័រមុខកម្លាំង 160 kW (215 សេះ) និងម៉ូទ័រក្រោយកម្លាំង 230 kW (308 សេះ)។

ក្នុងនាមជាម៉ូដែលលំដាប់ខ្ពស់ (high-end) ដែលមានតម្លៃលើសពី 100,000 ដុល្លារ Maextro S800 ទទួលបានជោគជ័យយ៉ាងធំធេងចាប់តាំងពីការដាក់លក់កាលពីខែសីហាឆ្នាំមុន។ កាលពីខែធ្នូចុងឆ្នាំទៅ បរិមាណលក់ប្រចាំខែរបស់វាបានហក់ឡើងដល់កម្រិតខ្ពស់បំផុតរហូតដល់ 4,223 គ្រឿង។




ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)