Admin, 13 October 2026
រថយន្ត Maextro V800 ដែលជារថយន្ត MPV ប្រណីតចេញពីក្រុមហ៊ុន Huawei និង JAC ជាមួយតម្លៃ ប្រហែល 149,700 ដុល្លារអាមេរិក បានក្លាយជាប្រធានបទនៃការត្រួតពិនិត្យសុវត្ថិភាពយ៉ាងម៉ឺងម៉ាត់ បន្ទាប់ពីមានរបាយការណ៍អំពីការបាក់ជើងទម្រឈ្នាន់ហ្វ្រាំង ក្នុងអំឡុងពេលធ្វើតេស្តចាប់ហ្វ្រាំងបន្ទាន់។
យោងតាមរបាយការណ៍វីដេអូដែលចេញផ្សាយថ្ងៃនេះដោយ Dongchedi ដែលជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានយានយន្តដ៏ធំមួយនៅក្នុងប្រទេសចិន រថយន្ត Maextro V800 ចំនួនបីគ្រឿងផ្សេងគ្នានិងមានចម្ងាយបើកបរតិចតួច បានជួបប្រទះនូវការបាក់ជើងទម្រឈ្នាន់ហ្វ្រាំងទាំងស្រុង ក្នុងអំឡុងពេលធ្វើតេស្តចាប់ហ្វ្រាំងបន្ទាន់ពីល្បឿន 100 គីឡូម៉ែត្រ/ម៉ោង មក 0គីឡូម៉ែត្រ/ម៉ោង ដែលធ្វើឡើងនៅលើទីលានបិទជិត។
លទ្ធផលនៃការធ្វើតេស្ត
ការបាក់ស្រុតនេះបានកើតឡើងជាប្រចាំលើរថយន្តធ្វើតេស្តទាំងបីគ្រឿង៖
- រថយន្តទី 1៖ បាក់ស្រុតនៅក្នុងការសាកល្បងលើកទី 3។
- រថយន្តទី 2៖ បាក់ស្រុតនៅក្នុងការសាកល្បងលើកទី 4។
- រថយន្តទី 3 (ទិញថ្មី)៖ បាក់ស្រុតនៅក្នុងការសាកល្បងចាប់ហ្វ្រាំងពេញទំហឹងលើកទី 2។
ទិន្នន័យពីសេនស័រវាស់កម្លាំងសង្កត់ឈ្នាន់ បានបង្ហាញថា ខណៈដែលកម្លាំងអតិបរមាដែលកត់ត្រាបានមុនពេលបាក់ស្រុតឡើងដល់ 4,589 N រថយន្តទីបីបានបាក់នៅក្នុងកម្រិតអានត្រឹមតែ 1,612 N ប៉ុណ្ណោះ។ ក្រុមអ្នកធ្វើតេស្តបានកត់សម្គាល់ថា តួលេខនេះគឺស្ថិតនៅកៀកប្រកៀកប្រកិតគួរឱ្យគ្រោះថ្នាក់ទៅនឹងស្តង់ដារជាតិ ដែលតម្រូវឱ្យឈ្នាន់ហ្វ្រាំងត្រូវតែធន់ទ្រាំនឹងកម្លាំង 2,000 N ក្នុងរយៈពេល 5 វិនាទី ដោយមិនមានការបាក់ស្រុត។
ការវិភាគបច្ចេកទេស
ការវិភាគបឋមបង្ហាញពីភាពខ្សោយផ្នែករចនាសម្ព័ន្ធ ដែលអាចកើតមាននៅក្នុងបណ្តុំឈ្នាន់៖
- ទម្រង់រចនា (Design geometry)៖ ចំណុចកណ្តាលនៃឈ្នាន់ហ្វ្រាំងមានប្រវែងប្រហែល 130 មីឡីម៉ែត្រ ពីអ័ក្សបង្វិល (pivot axis) — ដែលជាប្រវែងកត់សម្គាល់ឃើញថាវែងគួរសម បើធៀបនឹងម៉ូដែលស្តង់ដារប្រៀបធៀប។
- ការទ្រទ្រង់រចនាសម្ព័ន្ធ (Structural support)៖ តំបន់អ័ក្សបង្វិល មានបំពាក់ជញ្ជាំងទ្រទ្រង់បញ្ឈរតែមួយស្រទាប់ប៉ុណ្ណោះ ខណៈដែលម៉ូដែលស្រដៀងគ្នាមកពីក្រុមហ៊ុនផ្គត់ផ្គង់ដូចគ្នា ប្រើប្រាស់ស្រទាប់ពង្រឹងពីពីរទៅបីស្រទាប់។
- ភាពរឹងមាំនៃសម្ភារៈ (Material integrity)៖ ការពិនិត្យមើលគ្រឿងបង្គំដែលបាក់ បានលាតត្រដាងពីស្នាមផ្សារនៅក្នុងតំបន់ដែលមានសម្ពាធខ្លាំង រួមជាមួយកម្រាស់សម្ភារៈស្តើង និងខ្វះខាតទ្រនុងពង្រឹង (reinforcement ribs) ដែលអាចរួមចំណែកឱ្យមានការបាក់ស្រុតរចនាសម្ព័ន្ធនៅចំណុចជាក់លាក់។
ផលប៉ះពាល់ផ្នែកសុវត្ថិភាព
ការបាក់ស្រុតនេះ បណ្តាលឱ្យបាត់បង់មុខងារហ្វ្រាំងជើងទាំងស្រុង ដោយបង្ខំឱ្យយានយន្តត្រូវពឹងផ្អែកលើលេខ «P» (Park) សម្រាប់ការបន្ថយល្បឿនបន្ទាន់។ ការធ្វើតេស្តបានបង្ហាញថា ការកម្រិតនេះបានពន្យារចម្ងាយឈប់ពីប្រហែល 38 ម៉ែត្រ រហូតដល់ប្រហែល 140 ម៉ែត្រ។ សៀវភៅណែនាំអ្នកប្រើប្រាស់ Maextro V800 បានបញ្ជាក់ច្បាស់ៗថា ហ្វ្រាំងបន្ទាន់លេខ «P» គឺបម្រុងទុកសម្រាប់តែការបន្ថយល្បឿនប៉ុណ្ណោះ ហើយមិនអាចជំនួសហ្វ្រាំងធម្មតាបានទាំងស្រុងឡើយ ដែលចំណុចនេះបញ្ជាក់ពីហានិភ័យដ៏ធ្ងន់ធ្ងរនៃការបាត់បង់ការគ្របគ្រងយានយន្ត។
ការឆ្លើយតបរបស់ម៉ាកយីហោ
មកទល់ពេលនេះ ម៉ាក Maextro និងដៃគូផលិតកម្មរបស់ខ្លួន គឺក្រុមហ៊ុន JAC Motors មិនទាន់បានចេញសេចក្តីថ្លែងការណ៍ផ្លូវការ ឬសេចក្តីសន្និដ្ឋាននៃការស៊ើបអង្កេត ពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះនៅឡើយទេ។
Maextro V800 ដែលមានតម្លៃចន្លោះពី 114,300 ដុល្លារអាមេរិក ដល់ ប្រហែល 151,600 ដុល្លារអាមេរិក ត្រូវបានផ្សព្វផ្សាយលក់ជារថយន្ត MPV ប្រណីត បំពាក់នូវគ្រោងតួ Huawei Tuling Longxing, ប្រព័ន្ធបូមសកម្ម 800V ពេញលេញ និងប្រព័ន្ធបើកបរឆ្លាតវៃ Qiankun ADS 5.0។ យានយន្តនេះ ត្រូវ បានប្រូម៉ូតយ៉ាងខ្លាំងអំពី «ប្រព័ន្ធបម្រុងទុកពេញលេញ (full-link redundancy)» ឆ្លងកាត់ប្រព័ន្ធធំៗចំនួនប្រាំបី រាប់បញ្ចូលទាំងប្រព័ន្ធហ្វ្រាំង និងប្រព័ន្ធចង្កូត។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
