Admin, 12 April 2026

កីឡាអន្តរជាតិ៖​ សូម្បីតែសម្រាប់អ្នកជិះឆ្នើមដូចជា Marc Márquez ក៏ដោយ ជួនកាលការរីកចម្រើនមិនមែនកើតចេញពីការខិតខំប្រឹងប្រែងដែលរុញច្រានឱ្យខ្លាំងជាងមុននោះទេ ប៉ុន្តែវាអាចកើតចេញពីការដើរថយក្រោយទៅវិញ។

នោះគឺជាអ្វីដែលម្ចាស់ជើងឯក MotoGP បច្ចុប្បន្នកំពុងធ្វើនៅទីលាន MotorLand Aragon ដោយរូបគេបានចុះពីលើម៉ូតូគំរូ (Prototype) ដ៏មានឥទ្ធិពល ហើយមកជិះម៉ូតូដែលអ្នកជិះទូទៅមានភាពស្និទ្ធស្នាលជាង នោះគឺ Ducati Panigale V2។ បើផ្អែកលើបច្ចេកទេស វាគឺជាការបន្ទាបកម្រិតយ៉ាងខ្លាំង៖ កម្លាំងខ្សោយជាង គ្រឿង Aerodynamics តិចជាង និងខ្វះខាតអ្វីៗគ្រប់យ៉ាង។ ប៉ុន្តែ នោះហើយគឺជាគោលបំណងពិតប្រាកដ។ Márquez មិនមែនកំពុងដេញតាមល្បឿនអតិបរមានោះទេ ប៉ុន្តែរូបគេកំពុងស្វែងរកការគ្រប់គ្រង និងអារម្មណ៍ដែលគេមានចំពោះម៉ូតូឡើងវិញ។

បន្ទាប់ពីការចាប់ផ្តើមរដូវកាលឆ្នាំ 2026 មិនសូវល្អ ដែលល្បឿនដ៏លឿនមិនអាចប្រែក្លាយទៅជាលទ្ធផលបាន Márquez បាននិយាយដោយបើកចំហអំពីតម្រូវការក្នុងការស្វែងរកការកែលម្អ ដើម្បីត្រលប់ទៅរកភាពខ្លាំងបំផុតរបស់គេវិញ។ វាមិនមែនជាការផ្លាស់ប្តូរដ៏ធំដុំ ឬម៉ូតូថ្មីស្រឡាងនោះទេ ប៉ុន្តែគ្រាន់តែជាចំណុចតូចតាចដែលជួយឱ្យអ្វីៗគ្រប់យ៉ាងចុះសម្រុងគ្នាឡើងវិញ។ នោះហើយជាមូលហេតុដែលម៉ូដែល V2 ត្រូវបាននាំយកមកប្រើប្រាស់។


Marquez កំពុងឆ្លៀតឱកាសក្នុងអំឡុងពេលសម្រាកនៃការប្រកួត (ដោយសារការលើកពេលនៃការប្រកួត Qatar Grand Prix ព្រោះតែជម្លោះដែលកំពុងបន្តនៅតំបន់មជ្ឈិមបូព៌ា) ដើម្បីសម្រាំងអ្វីៗមកវិញ ជាមួយម៉ាស៊ីនដែលសាមញ្ញជាង ស្រាលជាង និងមិនសូវកាចខ្លាំង។ រូបគេសង្ឃឹមថា ពេលវេលាជាមួយ V2 នឹងផ្តល់ឱ្យគេនូវអ្វីដែលម៉ូតូ MotoGP ទំនើបៗមិនតែងតែផ្តល់ឱ្យបាន នោះគឺ៖ ភាពច្បាស់លាស់។ ដោយមិនមានឧបករណ៍ជំនួយកម្ពស់ (Ride-height devices) មកបិទបាំងការឆ្លើយតប និងមិនបាច់តស៊ូជាមួយកម្លាំងសេះដ៏មហិមា Marquez កំពុងស្វែងរកម៉ូតូដែលអាច "និយាយ" ជាមួយគេតាមរបៀបដែលងាយយល់ជាងមុន។

"គឺមកពីខ្លួនខ្ញុំដែលបាត់បង់ (អារម្មណ៍) មិនមែនមកពីម៉ូតូនោះទេ"។ Marquez បាននិយាយដូច្នេះ បន្ទាប់ពីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 5 នៅការប្រកួត US Grand Prix។ "នៅក្នុងជុំដំបូងៗនៅពេលដែលសំបកកង់នៅថ្មី ម៉ូតូក្លាយជាកាចខ្លាំង ហើយខ្ញុំមិនទាន់អាចជិះវាបានល្អនៅឡើយទេនាពេលបច្ចុប្បន្ន"។

ជុំដំបូងនៃការប្រកួតគឺជាចំណុចគន្លឹះ ជាពិសេសនៅក្នុងសម័យកាលដែលសម្បូរទៅដោយគ្រឿង Aerodynamics បែបនេះ។ ប៉ុន្តែការរួមបញ្ចូលគ្នារវាងកម្លាំងតោងខ្លាំង និងម៉ូតូដែលមានទម្ងន់ធ្ងន់ដោយសារសាំងពេញធុង កំពុងក្លាយជាបញ្ហាប្រឈមសម្រាប់ម្ចាស់ជើងឯក MotoGP 7 សម័យកាលរូបនេះ។


"វាហាក់ដូចជាខ្ញុំបានស៊ាំនឹងការស្ថិតក្នុងទីតាំងមួយ ដែលមិនមែនជាទីតាំងធម្មជាតិនៅលើម៉ូតូ ហើយខ្ញុំគ្រាន់តែជិះវាប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី ខ្ញុំនៅតែលឿន ប៉ុន្តែខ្ញុំមិនអាចបង្កើតភាពខុសគ្នា (ដើម្បីយកឈ្នះ) បានឡើយ"។

បន្ទាប់ពីការសារភាពក្រោយការប្រកួតទាំងនេះ Marquez ត្រូវបានគេឃើញកំពុងជិះជាច្រើនជុំនៅលើម៉ូដែល V2 នៅទីលាន Aragon ដោយរូបគេបានបោះបង់ទីលាន GP ធំ ហើយមកជិះនៅទីលាន Go-kart ដែលមានផ្លូវតូច និងបច្ចេកទេសខ្លាំងវិញ។

នេះមិនមែនជាលើកទីមួយទេដែលគេធ្វើបែបនេះ។ កាលពីដើមឆ្នាំនេះ រូបគេក៏បានជិះ Panigale V2 ក្នុងអំឡុងពេលហ្វឹកហាត់ផងដែរ។ វគ្គហ្វឹកហាត់នោះបានបញ្ចប់ដោយការដួលបន្តិចបន្តួចសម្រាប់កីឡាករវ័យ 33 ឆ្នាំរូបនេះ ដែលសបញ្ជាក់ឱ្យឃើញថា ទោះបីជាគេកំពុងជិះម៉ូតូប្រភេទណាក៏ដោយ ក៏រូបគេនៅតែព្យាយាមជិះឱ្យដល់កម្រិតកំណត់ (Limit) ជានិច្ច៕

ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors