Admin, 26 August 2026

         ក្រុមហ៊ុន Mazda បានធ្វើបច្ចុប្បន្នភាពរថយន្ត CX-6e ដោយបន្ថែមនូវបណ្តុំសេនស័រ LiDAR ដំឡើងលើដំបូល ដែលផ្តល់ឱ្យរថយន្ត SUV ខ្នាតមធ្យមមួយនេះនូវសមត្ថភាពបើកបរស្វ័យប្រវត្ត (Navigation-on-Autopilot - NOA) ទាំងនៅលើផ្លូវហាយវេ និងស្ថានភាពផ្លូវក្នុងក្រុង។ វគ្គតុបតែងដែលបំពាក់ប្រព័ន្ធ LiDAR ត្រូវបានរំពឹងថានឹងមានតម្លៃចាប់ផ្តើមពី 23,800 ដុល្លារអាមេរិក។

ការលក់មុន (pre-sales) នៃម៉ូដែលធ្វើបច្ចុប្បន្នភាពនេះ បានបើកដំណើរការនៅក្នុងប្រទេសចិន ដែលជាទីកន្លែងវាត្រូវ បានស្គាល់ថាជាម៉ូដែល EZ-60 ប៉ុន្តែតម្លៃផ្លូវការចុងក្រោយមិនទាន់ត្រូវបានប្រកាសនៅឡើយទេ។ CX-6e ជារថយន្តថាមពលថ្មី (NEV) ទីពីរនៅក្នុងស្រឡាយផលិតផលរបស់ Mazda នៅក្នុងប្រទេសចិន ដោយម៉ូដែលដំបូងគេគឺរថយន្ត Sedan ម៉ូដែល 6e EZ-6 នៅក្នុងប្រទេសចិន។

រថយន្ត SUV ធ្វើបច្ចុប្បន្នភាព ដែលត្រូវ បានប្រកាសនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត Chengdu Auto Show ឆ្នាំ 2026 មានផ្តល់ជូននូវប្រព័ន្ធថាមពលប្រភេទ អគ្គិសនីសុទ្ធ (EV) និងប្រភេទពង្រីកចម្ងាយ (EREV)។ ត្រូវបានកសាង និងអភិវឌ្ឍដោយក្រុមហ៊ុនរួមទុន Changan-Mazda រថយន្ត CX-6e ត្រូវបានបង្កើតឡើងនៅលើគ្រោងតួ EPA1 របស់ Changan និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយម៉ូដែល Deepal S07

អ្វីដែលជាចំណុចថ្មីនៃ CX-6e

ចំណុចបន្ថែមធំបំផុតនៅទីនេះ គឺបណ្តុំសេនស័រ LiDAR ដំឡើងលើដំបូលថ្មី ដែល Mazda និយាយថាផ្តល់ឱ្យ CX-6e នូវសមត្ថភាពជំនួយការបើកបរ L2 ដ៏ជឿនលឿន គ្របដណ្តប់លើ «ស្ថានភាពជំនួយការបើកបរ» ជាង 200 ស្ថានភាព។ វាត្រូវបានផ្គូរផ្គងជាមួយរ៉ាដា mmWave ចំនួន 3, រ៉ាដាអុលត្រាសូនិចចំនួន 12 និងកាមេរ៉ាចំនួន 11

Mazda និយាយថា CX-6e ឥឡូវនេះអាចចាត់ចែងសកម្មភាពស្វ័យប្រវត្តិជាច្រើននៅលើផ្លូវហាយវេ, បើកចូល និងចេញពីផ្លូវខ្នែង (on- and off-ramps) និងបើកចូលតំបន់សេវាកម្ម ដោយមានការអន្តរាគមន៍តិចតួចពីអ្នកបើកបរ។ វាថែមទាំងអាចបើកជែងរថយន្តដែលបើកយឺតជាងដោយខ្លួនឯង តាមរយៈការផ្លាស់ប្តូរគន្លងផ្លូវស្វ័យប្រវត្ត។

នៅក្នុងការបើកបរក្នុងក្រុង ក្រុមហ៊ុនផលិតរថយន្តបាននិយាយថា ប្រព័ន្ធជំនួយការបើកបររបស់ CX-6e ឥឡូវនេះអាចដោះស្រាយស្ថានភាពផ្លូវបំបែក និងរង្វង់មូល ដោយមិនចាំបាច់មានការបញ្ជាពីអ្នកប្រើប្រាស់ និងអាចធ្វើការបត់ត្រឡប់ក្រោយ (U-turns) ដោយខ្លួនឯង។ វាថែមទាំងអាចបើកបរចន្លោះផ្លូវប្របផ្លូវធំ និងផ្លូវខាង និងធ្វើការផ្លាស់ប្តូរគន្លងផ្លូវក្នុងករណីអាសន្ន ដើម្បីគេចវេសពីឧបសគ្គបានទៀតផង។

Mazda និយាយថា ប្រព័ន្ធជំនួយដោយ LiDAR ថ្មីនេះ គ្របដណ្តប់លើល្បឿនពី 0 ដល់ 130 គីឡូម៉ែត្រ/ម៉ោង នៅលើផ្លូវហាយវេ និងពី 0 ដល់ 80 គីឡូម៉ែត្រ/ម៉ោង នៅក្នុងស្ថានភាពផ្លូវក្នុងក្រុង។ ប្រព័ន្ធនេះក៏អនុញ្ញាតឱ្យ CX-6e ធ្វើប្រតិបត្តិការចូលចតពីចម្ងាយ, ចូលចតស្វ័យប្រវត្ត និងចូលចតតាមគន្លងផ្លូវកំណត់ទុកជាមុនផងដែរ។

ក្រុមហ៊ុនផលិតរថយន្ត មិនបានលាតត្រដាងឈ្មោះក្រុមហ៊ុនផ្គត់ផ្គង់នៅពីក្រោយប្រព័ន្ធ LiDAR ថ្មីនេះឡើយ។ ទន្ទឹមនឹងនេះដែរ ម៉ូដែលប្រើប្រាស់គ្រោងតួជាមួយគ្នាគឺ Deepal S07 មានផ្តល់ជូនប្រព័ន្ធជំនួយការបើកបរ «Qiankun» ADS បំពាក់ LiDAR របស់ Huawei លើវគ្គតុបតែងលំដាប់កំពូលរបស់ខ្លួន។

ព័ត៌មានបន្ថែមអំពី CX-6e

បច្ចុប្បន្ន រថយន្ត CX-6e មានតម្លៃលក់រាយពី ប្រហែល 17,600ដល់ 24,500 ដុល្លារអាមេរិក នៅក្នុងប្រទេសចិន ដោយវគ្គតុបតែងប្រភេទ EV មានតម្លៃថ្លៃជាងវគ្គតុបតែង EREV ប្រហែល ប្រហែល 1,500 ដុល្លារ។ វគ្គតុបតែងបំពាក់ LiDAR ត្រូវបានរំពឹងថានឹងមានតម្លៃចាប់ផ្តើមពី ប្រហែល 23,800 ដុល្លារ។

នៅផ្នែកខាងក្នុង CX-6e បានបោះបង់ចោលនូវការរចនាកាប៊ីនដែលមានអេក្រង់តូច និងប៊ូតុងចុចច្រើនរបស់ Mazda ដោយជំនួសមកវិញនូវការប្រើប្រាស់ប៊ូតុងតិចតួចបំផុត និងអេក្រង់កម្សាន្តព័ត៌មានកម្រិត 5K ទំហំ 26.45 អ៊ីញ ដែលលាតសន្ធឹងពីផ្នែកកណ្តាលរហូតដល់ចំហៀងអ្នកដំណើរ។ អ្នកបើកបរទទួលបានអេក្រង់ចាំងលើកញ្ចក់ (HUD) ទំហំ 50 អ៊ីញ ជាមួយនឹងជម្រើសបន្ថែម HUD ទំហំ 100 អ៊ីញ។

Mazda និយាយថា ខ្លួនបានផ្តោតអារម្មណ៍យ៉ាងខ្លាំងលើប្រសិទ្ធភាពសម្រួលខ្យល់ (aerodynamic efficiency) ដោយផ្តល់ឱ្យ CX-6e នូវរន្ធខ្យល់ចំនួន 9 នៅជុំវិញគម្របម៉ាស៊ីន, កាង និងបន្ទះចំហៀង ដើម្បីកាត់បន្ថយកម្លាំងទប់។ មេគុណកម្លាំងទប់ខ្យល់ (Cd) ត្រូវបានកាត់បន្ថយមកត្រឹម 0.258 Cd ដែលអាចប្រៀបធៀបបានទៅនឹងគូប្រជែងដូចជា Xiaomi YU7 និង Xpeng G9

  • ប្រភេទ EV៖ បំពាក់កញ្ចប់អាគុយ LFP ទំហំ 77.94 kWh ពីក្រុមហ៊ុន CALB ដែលផ្តល់ចម្ងាយបើកបរតាមស្តង់ដារ CLTC ពី 585 ដល់ 600គីឡូម៉ែត្រ។ វាផ្តល់ថាមពលដល់ម៉ូទ័រខាងក្រោយទោលកម្លាំង 190 kW (255 សេះ) និងរត់បានល្បឿនអតិបរមា 185គីឡូម៉ែត្រ/ម៉ោង។ ការសាកភ្លើងល្បឿនលឿន 3C Fast charging គឺមានផ្តល់ជូន ដែលអនុញ្ញាតឱ្យសាកពី 30% ទៅ 80% ក្នុងរយៈពេល 15 នាទី។
  • ប្រភេទ EREV៖ ដែលបំពាក់ម៉ាស៊ីនសាំងធម្មតា 1.5 លីត្រ កម្លាំង 72 kW (97សេះ)ម៉ូទ័រផ្នែកខាងមុខ អាចបើកបររយៈចម្ងា បានល្បឿនអតិបរមាដូចគ្នា ជាមួយនឹងម៉ូទ័រខាងក្រោយកម្លាំង 190 kW (255 សេះ) ដូចគ្នា។ កញ្ចប់អាគុយ LFP ខ្នាតតូចជាងទំហំ 31.73 kWh ពីក្រុមហ៊ុន CATL–Changan អនុញ្ញាតឱ្យបើកបរបានចម្ងាយ 200 គីឡូម៉ែត្រ តាមស្តង់ដារ CLTC

រថយន្ត CX-6e មានវិមាត្រ៖ មានប្រវែង 4,850 មីឡីម៉ែត្រ, ទទឹង 1,935 មីឡីម៉ែត្រ, កម្ពស់ 1,620 មីឡីម៉ែត្រ និងមានប្រវែងចន្លោះកង់មុខក្រោយ (Wheelbase) 2,902 មីឡីម៉ែត្រ។ ទម្ងន់ឡានទទេ (curb weight) មានចន្លោះពី 2,048 ដល់ 2,180 គីឡូក្រាម អាស្រ័យលើវគ្គតុបតែង និងប្រព័ន្ធថាមពល។ លើផ្នែកប្រព័ន្ធបូម ប្រព័ន្ធបូម McPherson struts ត្រូវ បានប្រើប្រាស់នៅខាងមុខ និងប្រព័ន្ធបូម multi-link ត្រូវ បានឃើញនៅផ្នែកខាងក្រោយ។

យោងតាមទិន្នន័យពី China EV DataTracker ក្រុមហ៊ុន Mazda បានលក់រថយន្ត CX-6e (EZ-60) ចំនួន 2,929 គ្រឿង ក្នុងស្រុកក្នុងខែកក្កដា ឆ្នាំ 2026។ រួមគ្នាជាមួយម៉ូដែល 6e (EZ-6) ម៉ូដែលរថយន្តថាមពលថ្មី NEV ក្តោបក្តាប់លើសពីពាក់កណ្តាលនៃតួលេខលក់របស់ Mazda នៅក្នុងប្រទេសចិន ដែលធ្វើឱ្យវាក្លាយជាក្រុមហ៊ុនរួមទុនមួយក្នុងចំណោមក្រុមហ៊ុនរួមទុនតិចតួច ដែលលក់រថយន្ត NEV បានច្រើនជាងរថយន្តម៉ាស៊ីនសាំង (ICE) នៅក្នុងប្រទេសចិន។


ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)