Admin, 28 September 2026

           ក្រុមហ៊ុន Changan Mazda ដែលជាក្រុមហ៊ុនរួមទុនរវាង Changan Automobile និង Mazda នៅក្នុងប្រទេសចិន បានដាក់លក់រថយន្ត EZ-60 ស៊េរីឆ្នាំ 2027 កាលពីថ្ងៃសៅរ៍ ដោយបានបន្ថែមវគ្គជម្រើសបំពាក់សេនស័រ LiDAR ដើម្បីបិទគម្លាតខ្វះខាតរបស់រថយន្ត SUV ខ្នាតមធ្យមមួយនេះ លើផ្នែកប្រព័ន្ធជំនួយការបើកបរជឿនលឿន។

ម៉ូដែលថ្មីនេះ មានផ្តល់ជូនចំនួន 9 វគ្គជម្រើស ជាមួយតម្លៃណែនាំពិសេសក្នុងរយៈពេលកំណត់ចាប់ពី 16,880 ដុល្លារអាមេរិក ដល់ 24,861ដុល្លាអាមេរិក និងតម្លៃណែនាំផ្លូវការពី 17,860 ដុល្លាអាមេរិក ដល់ 25,755ដុល្លាអាមេរិក។ វគ្គជម្រើសនីមួយៗ ទទួលបានការបញ្ចុះតម្លៃពិសេសក្នុងរយៈពេលកំណត់មួយ រហូតដល់ 893 ដុល្លាអាមេរិក។

បើប្រៀបធៀបជាមួយម៉ូដែលជំនាន់ទីមួយ ដែលបានដាក់លក់កាលពីថ្ងៃទី 26 ខែកញ្ញា ឆ្នាំ 2025តម្លៃចាប់ផ្តើមផ្លូវការនៅតែរក្សាដដែលត្រឹម 17,860 ដុល្លាអាមេរិក ប៉ុន្តែវគ្គជម្រើសបំពាក់ LiDAR ថ្មីចំនួន 4 បានរុញច្រានតម្លៃកំពូលនៃស្រឡាយរថយន្តនេះពី 23,967 ដុល្លាអាមេរិក ឡើងដល់ 25,755 ដុល្លាអាមេរិក។

វគ្គជម្រើសបំពាក់ LiDAR មានតម្លៃថ្លៃជាង 1,787 ដុល្លាអាមេរិក ធៀបនឹងកំណែទម្រង់ស្តង់ដារប្រហាក់ប្រហែលគ្នា ដោយក្នុងនោះ វគ្គប្រភេទ EREV Pro LiDAR មានតម្លៃចាប់ផ្តើមពី 22,626 ដុល្លាអាមេរិក និងវគ្គប្រភេទ BEV Max LiDAR មានតម្លៃ 25755 អាមេរិក ដែលជាតម្លៃខ្ពស់បំផុតនៅក្នុងស្រឡាយរថយន្តនេះ។

ម៉ូដែលថ្មីនេះ មានវិមាត្រ៖ ប្រវែង 4,850 មីឡីម៉ែត្រ, ទទឹង 1,935 មីឡីម៉ែត្រ និងកម្ពស់ 1,620 មីឡីម៉ែត្រ ជាមួយប្រវែងចន្លោះកង់មុខក្រោយ 2,902 មីឡីម៉ែត្រ ដែលមានទំហំដូចគ្នាទាំងស្រុងទៅនឹងម៉ូដែលជំនាន់ទីមួយ។ Changan Mazda ក៏បានដាក់ចេញនូវកញ្ចប់លើកទឹកចិត្តសម្រាប់ការទិញ រួមមាន៖ ការឧបត្ថម្ភធនលើការផ្លាស់ប្តូររថយន្តចាស់យកថ្មី (trade-in), ការធ្វើអាប់ហ្គ្រេដបរិក្ខារ និងអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុផងដែរ។

វគ្គជម្រើស LiDAR បានបន្ថែមសេនស័រ Hesai ATX LiDAR ចំនួន 1 គ្រាប់នៅលើដំបូល ជាមួយនឹងចម្ងាយរ៉ែរស្មីចាប់សញ្ញាអតិបរមា 200០ ម៉ែត្រ ដោយធ្វើការរួមគ្នាជាមួយរ៉ាដា mmWave ចំនួន 3, កាមេរ៉ាកម្រិតច្បាស់ HD ចំនួន 11 និងរ៉ាដាអុលត្រាសូនិចចំនួន 12 ដើម្បីផ្តល់ឱ្យយានយន្តនូវចម្ងាយចាប់សញ្ញាទៅខាងមុខបានលើសពី 250 ម៉ែត្រ។

យោងតាម Changan Mazda ប្រព័ន្ធជំនួយការបើកបរប្រើប្រាស់ស្ថាបត្យកម្មបែប end-to-end ដោយគាំទ្រប្រព័ន្ធជំនួយការបើកបរលើផ្លូវហាយវេ (highway navigation assist) ក្នុងល្បឿនពី 0 ដល់ 130 គីឡូម៉ែត្រ/ម៉ោង និងប្រព័ន្ធជំនួយការបើកបរក្នុងក្រុង (urban navigation assist) ក្នុងល្បឿនពី 0 ដល់ 80 គីឡូម៉ែត្រ/ម៉ោង។

ប្រព័ន្ធចូលចត អាចស្គាល់ប្រភេទប្រអប់ចតជាង 300 ប្រភេទ ហើយមុខងារផ្សេងៗដូចជា ប្រព័ន្ធចងចាំការចូលចត (memory parking) នឹងត្រូវ បានបើកឱ្យប្រើប្រាស់តាមរយៈការអាប់ហ្គ្រេដ OTA នាពេលក្រោយ។ ម៉ូដែលថ្មីនេះ ក៏មានបំពាក់នូវមុខងារសុវត្ថិភាពសកម្ម (active safety functions) ចំនួន 25 ផងដែរ។

ក្រៅពីវគ្គជម្រើសបំពាក់ LiDAR ថ្មី វគ្គជម្រើសផ្សេងទៀតទទួលបានតែការកែសម្រួលបន្តិចបន្តួចលើផ្នែកបរិក្ខារ និងតម្លៃប៉ុណ្ណោះ ដោយប្រព័ន្ធថាមពលភាគច្រើនមិនមានការផ្លាស់ប្តូរពីម៉ូដែលជំនាន់ទីមួយឡើយ៖

  • វគ្គជម្រើស EREV៖ ប្រើប្រាស់ម៉ាស៊ីនសាំង 1.5 លីត្រ សម្រាប់ពង្រីកចម្ងាយ ដែលមានកម្លាំងទិន្នផលអតិបរមា 70 kW ផ្គូរផ្គងជាមួយម៉ូទ័របើកបរដែលផ្តល់កម្លាំងកំពូល 190 kW (255 សេះ) និងកម្លាំងរមួលកំពូល 290 Nm រួមទាំងអាគុយទំហំ 31.73 kWh សម្រាប់ចម្ងាយបើកបរដោយថាមពលអគ្គិសនីសុទ្ធ 200 គីឡូម៉ែត្រ តាមស្តង់ដារ CLTC។
  • វគ្គជម្រើស BEV៖ ប្រើប្រាស់អាគុយប្រភេទលីចូមអាយអនហ្វូសហ្វាត (LFP) ទំហំ 77.94 kWh ជាមួយទម្រង់បើកបរកង់ក្រោយម៉ូទ័រទោលដូចគ្នា មានកម្លាំងទិន្នផលអតិបរមា 190 kW និងចម្ងាយបើកបរ 600 គីឡូម៉ែត្រ តាមស្តង់ដារ CLTC។

EZ-60 ស៊េរីធ្វើបច្ចុប្បន្នភាព ផ្តោតសំខាន់លើទីផ្សាររថយន្ត SUV ថាមពលថ្មី (NEV) ខ្នាតមធ្យម មកពីម៉ាកយីហោរួមទុននៅក្នុងប្រទេសចិន ដូចជា Buick Electra E7 និង Nissan NX8។ ម៉ូដែល NEV របស់ក្រុមហ៊ុនរួមទុនភាគច្រើនមកទល់ពេលនេះ មានភាពប្រុងប្រយ័ត្ន/រញើតនៅក្នុងប្រព័ន្ធជំនួយការបើកបរជឿនលឿន ដោយមិនមានផ្តល់ជូនប្រព័ន្ធ LiDAR ជាស្តង់ដារនោះទេ។

EZ-60 ជារថយន្ត SUV ប្រភេទ NEV ដំបូងបង្អស់របស់ Changan Mazda និងជារថយន្តយុទ្ធសាស្ត្រដែល Mazda បានអភិវឌ្ឍឡើងសម្រាប់ទីផ្សារសកល។

កំណែទម្រង់សកលរបស់វា គឺម៉ូដែល CX-6e បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត Brussels Motor Show កាលពីខែមករា និងបានឈានជើងចូលទៅកាន់ទីផ្សារនានារួចហើយ រួមទាំងតំបន់អឺរ៉ុបផងដែរ។

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)