Admin, 25 August 2026

              ជាទូទៅ រថយន្តទំនើបភាគច្រើនទទួលបានការធ្វើបច្ចុប្បន្នភាពរូបរាងពាក់កណ្តាលវដ្តជីវិត (mid-cycle refresh) បន្ទាប់ពីផ្លាស់ទីបានប៉ុន្មានឆ្នាំ ហើយឈានចូលដល់ជំនាន់ថ្មី  6 ឆ្នាំ ឬប្រហែលនោះ។ ប៉ុន្តែម៉ូដែលរថយន្តមួយចំនួន បានបន្តឈរជើងនៅលើទីផ្សារក្នុងរយៈពេលយូរជាងនេះឆ្ងាយណាស់។ ឧទាហរណ៍ជាក់ស្តែងបំផុត គឺរថយន្ត Van Chevy Express ដែលស្ទើរតែមិនមានការផ្លាស់ប្តូរទាល់តែសោះ ចាប់តាំងពីការបង្ហាញខ្លួនកាលពីឆ្នាំ 1996។ វាថែមទាំងកើតឡើងលើម៉ូដែលរថយន្តអ្នកដំណើរដ៏ពេញនិយមផងដែរ ដូចជារថយន្ត Dodge Durango ដែលមិនទាន់ទទួលបានការផ្លាស់ប្តូរទម្រង់ទាំងស្រុង ចាប់តាំងពីឆ្នាំ 2011 មក។ ឥឡូវនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានជប៉ុនមួយ លោក Masahiro Moro អគ្គនាយកប្រតិបត្តិ (CEO) របស់ Mazda បានលាតត្រដាងថា រថយន្ត SUV ខ្នាតតូចម៉ូដែល CX-30 នឹងមិនត្រូវបានផ្លាស់ប្តូរជំនាន់ថ្មីរហូតដល់ឆ្នាំ 2031 នោះឡើយ។

លោក Moro បានប្រាប់ព័ត៌មាននេះទៅកាន់អ្នកសារព័ត៌មាន Chugoku Shimbun របស់ជប៉ុន ដូចដែលមានរាយការណ៍ដោយ Motor1។ រថយន្ត CX-30 ដើមឡើយបានដាក់លក់នៅក្នុងសហរដ្ឋអាមេរិក សម្រាប់ឆ្នាំម៉ូដែល 2020។ លោក Moro បានមានប្រសាសន៍ថា ម៉ូដែលជំនាន់ថ្មីនឹងមិនមកដល់នោះទេ រហូតដល់ឆ្នាំសារពើពន្ធ 2030 ដែលអាចពន្យារហូតដល់ខែមីនា ឆ្នាំ 2031 នោះមានន័យថា រថយន្ត CX-30 ស៊េរីបច្ចុប្បន្ន នឹងត្រូវដាក់លក់នៅលើទីផ្សារអស់រយៈពេលជាងមួយទសវត្សរ៍។

លោក Moro បានប្រាប់សារព័ត៌មានថា ការពន្យារពេលនៃម៉ូដែល CX-30 ជំនាន់ថ្មីនេះ គឺបណ្តាលមកពីការកើនឡើងនៃថ្លៃដើម សម្រាប់ក្រុមហ៊ុនផលិតរថយន្តខ្នាតតូចមួយនេះ។ លោកបានថ្លែងថា៖ «ការផ្លាស់ប្តូរគឺជារឿងសំខាន់ ដោយសារ Mazda កំពុងប្រឈមមុខនឹងឧបសគ្គសកល រួមទាំងអស្ថិរភាពសេដ្ឋកិច្ចនៅក្នុងទីផ្សារសំខាន់ៗ, ការកើនឡើងនៃថ្លៃដើមវត្ថុតាំងដើម និងការកើនឡើងយ៉ាងខ្លាំងនៃពន្ធនាំចូលរបស់សហរដ្ឋអាមេរិក»។ រថយន្ត Mazda តែមួយគត់ដែលដំឡើងនៅក្នុងសហរដ្ឋអាមេរិក គឺម៉ូដែល CX-50 ហើយក្រុមហ៊ុនបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ពីពន្ធ 15 ភាគរយ លើរថយន្តផលិតនៅជប៉ុន។

រថយន្ត CX-30 គឺជាម៉ូដែលដ៏សំខាន់មួយសម្រាប់ Mazda។ នៅក្នុងសហរដ្ឋអាមេរិក រថយន្ត Crossover ខ្នាតតូចមួយនេះ ជារថយន្តដែលលក់ដាច់បំផុតលំដាប់ទីបីរបស់ម៉ាកយីហោ នៅក្នុងឆ្នាំ 2025 ដោយលក់បានចំនួន 56,684 គ្រឿង ប៉ុន្តែកម្រិតនេះគឺមានការធ្លាក់ចុះយ៉ាងខ្លាំង បើធៀបនឹងចំនួន 96,515 គ្រឿងដែលបានលក់កាលពីឆ្នាំ 2023។ នៅលើឆាកអន្តរជាតិ CX-30 ដើរតួនាទីកាន់តែធំធេង ដោយលក់បាន 208,869 គ្រឿង និងឈរឈ្មោះជារថយន្តពេញនិយមបំផុតលំដាប់ទីពីររបស់ Mazda

ខណៈពេលដែល CX-30 នឹងមិនឈានចូលដល់ជំនាន់ថ្មី រហូតដល់ទសវត្សរ៍បន្ទាប់ក៏ដោយ យើងប្រាកដចិត្តថា Mazda នឹងមិនទុកវាចោលដោយមិនប៉ះពាល់ទាល់តែសោះ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំខាងមុខនេះទេ ហើយយើងនឹងមិនមានការភ្ញាក់ផ្អើលឡើយ ប្រសិនបើវាទទួលបានការធ្វើបច្ចុប្បន្នភាពកែប្រែរូបរាង (refresh) ដ៏សមរម្យយ៉ាងហោចណាស់មួយលើក ក្នុងអំឡុងពេលនោះ។



ប្រភព៖ United State News.

ប្រែសំរួល៖ Chea SokNang (AC Auto)