Admin, 27 May 2026

           ក្រុមហ៊ុន Mazda Motor Corp. កាលពីថ្ងៃព្រហស្បតិ៍ បានដាក់លក់រថយន្ត SUV ម៉ូដែល CX-5 ជំនាន់ថ្មីចុងក្រោយបង្អស់របស់ខ្លួននៅក្នុងប្រទេសជប៉ុន ដែលត្រូវបានផ្លាស់ប្តូរការរចនាថ្មីទាំងស្រុង (completely redesigned) ជាលើកដំបូងក្នុងរយៈពេលប្រាំបួនឆ្នាំ។

តាមរយៈការរចនាកៅអីជួរក្រោយឡើងវិញ ដើម្បីងាយស្រួលក្នុងការឡើងចុះ និងការបន្ថែមប្រព័ន្ធជំនួយការបញ្ជាដោយសំឡេងរបស់ Google ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះ មានគោលបំណងពង្រីកការទាក់ទាញរបស់រថយន្ត SUV នេះទៅកាន់ក្រុមអ្នកបើកបរវ័យក្មេង និងក្រុមគ្រួសារ។

CX-5 គឺជារថយន្តស្នូលដ៏សំខាន់បំផុតមួយ ដោយវាគ្របដណ្តប់ជិត 30% នៃការលក់សរុបរបស់ Mazda នៅទូទាំងពិភពលោក។ រថយន្ត CX-5 ជំនាន់ទីបីនេះ ត្រូវបានរចនាឡើងវិញជាមួយនឹងលក្ខណៈពិសេសៗជាច្រើន ដូចជាការបង្កើនទំហំផ្ទុកអីវ៉ាន់ផ្នែកខាងក្រោយឱ្យកាន់តែធំ ដែលអាចដាក់រទេះរុញទារកតាមជួរឈរបានយ៉ាងងាយស្រួល។

ប្រព័ន្ធជំនួយការបញ្ជាដោយសំឡេងរបស់ Google (Google voice assistant) ដែលបានបញ្ជ្រាបមកជាមួយ នឹងអនុញ្ញាតឱ្យអ្នកបើកបរ និងអ្នកដំណើរអាចបំពេញភារកិច្ចផ្សេងៗ ដូចជាការកំណត់ទិសដៅរុករក (navigation) និងការកែសម្រួលសីតុណ្ហភាពក្នុងកាប៊ីន ដោយមិនបាច់ប្រើដៃឡើយ (hands-free)

រថយន្ត CX-5 ថ្មីនេះ មានតម្លៃចន្លោះពី 3.3 លានយ៉េន ដល់ 4,471,500 យ៉េន​ ប្រហែល (20,700ដុល្លា ដល់ 28,092 ដុល្លាអាមេរិក)។ តម្លៃសម្រាប់ស៊េរីកម្រិតដំបូង (base price) គឺមានតម្លៃខ្ពស់ជាងស៊េរីមុនប្រហែល 3,141​ដុល្លាអាមេរិក ​ដែលនេះជាការកើនឡើងតម្លៃយ៉ាងខ្លាំងសម្រាប់ម៉ូដែលកម្រិតដំបូង។

ចំពោះជម្រើសប្រើម៉ាស៊ីនម៉ាស៊ូត (Diesel) ត្រូវបានបញ្ឈប់ការផលិតហើយ ដោយបច្ចុប្បន្ននៅក្នុងបញ្ជីផលិតផលមានតែប្រភេទម៉ាស៊ីនសាំង ដែលបំពាក់មកជាមួយប្រព័ន្ធកូនកាត់កម្រិតស្រាល (mild hybrid system) ដើម្បីផ្តល់ប្រសិទ្ធភាពឥន្ធនៈកាន់តែប្រសើរ។

លោក Masahiro Moro ប្រធានក្រុមហ៊ុន បានមានប្រសាសន៍នៅក្នុងព្រឹត្តិការណ៍សម្ពោធនៅទីក្រុងតូក្យូ កាលពីថ្ងៃព្រហស្បតិ៍ថា៖ «Mazda មានទំនុកចិត្តយ៉ាងខ្លាំងចំពោះផលិតផលមួយនេះ។ នេះគឺជានិមិត្តរូបនៃយានយន្តដែលនឹងទទួលបានការស្រឡាញ់ពេញចិត្តពីសំណាក់មនុស្សគ្រប់ស្រទាប់វណ្ណៈ ចាប់តាំងពីក្រុមគ្រួសារវ័យក្មេង រហូតដល់មនុស្សវ័យចំណាស់»

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញអតិថិជនថ្មីៗ ក្រុមហ៊ុនផលិតរថយន្តមួយនេះ ក៏បានតែងតាំងតារាសម្ដែងស្រីកញ្ញា Haruka Ayase ជាទូតសុឆន្ទៈតំណាងម៉ាកយីហោ (brand ambassador) របស់ខ្លួនផងដែរ។

ប្រភព៖ JP. News

ប្រែសំរួល៖ Chea SokNang (AC Auto)