Sys Admin, 01 October 2025
រថយន្តអគ្គិសនីស៊េរីចុងក្រោយបំផុតរបស់ក្រុមហ៊ុន Mazda គឺម៉ូដែល EZ-60 ទើបតែត្រូវបានដាក់បង្ហាញនៅប្រទេសចិន ហើយនឹងបង្ហាញខ្លួនជាសកលនៅឆ្នាំ ២០២៦ ក្រោមឈ្មោះផ្សេងគឺ Mazda CX-6e។ រថយន្ត SUV អគ្គិសនីទំហំមធ្យមនេះ និងចូលទីផ្សារប្រកួតប្រជែងយ៉ាងខ្លាំងក្លាជាមួយនឹងយុទ្ធសាស្ត្រតម្លៃដ៏ទាក់ទាញ ជាមួយនិងជម្រើសប្រភេទម៉ាស៊ីនពីរផ្សេងគ្នា ដែលផ្តល់ជម្រើសទៅដល់អ្នកទិញដែលជាគូប្រកួតប្រជែងជាច្រើនគ្មានដូច។
រថយន្ត EZ-60 គឺជា EV ជំនាន់ថ្មីទី ២ ពីក្រុមហ៊ុន Mazda ដែលបានបង្ហាញខ្លួននៅក្នុងប្រទេសចិន បន្ទាប់ពីរថយន្ត Mazda EZ-6។ រថយន្តទាំងពីរនេះ គឺជាលទ្ធផលនៃភាពជាដៃគូជាមួយក្រុមហ៊ុនផលិតរថយន្តចិន Changan ហើយត្រូវបានសាងសង់នៅលើស្ថាបត្យកម្ម EPA របស់ខ្លួន។ កិច្ចសហការនេះអនុញ្ញាតឱ្យក្រុមហ៊ុន Mazda ផ្តល់ជូនរថយន្ត SUV នេះជាពីរប្រភេទ៖ ម៉ូដែលអគ្គិសនីសុទ្ធ និងម៉ូដែល
Range-extended Hybrid។
សម្រាប់ទីផ្សារប្រទេសចិន វាមានតម្លៃគឺទាបគួរឱ្យកត់សម្គាល់ ដោយមានចន្លោះពី 119,900 យន់ ទៅ 160,900 យន់។ តាមអត្រាប្តូរប្រាក់បច្ចុប្បន្ន វាមានតម្លៃប្រហែល 14,300 អឺរ៉ូ ទៅ 19,300 អឺរ៉ូ និង 16,700ដុល្លា ទៅ 22,600ដុល្លា។ តម្លៃទីផ្សារអន្តរជាតិនឹងខុសគ្នាពិតណាស់ ប៉ុន្តែតម្លៃចាប់ផ្តើមនេះគឺមានភាពទាក់ទាញគ្រប់គ្រាន់ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនគ្រប់រូប ដោយមិនគិតពីប្រទេសដែលពួកគេរស់នៅឡើយ។
បើក្រឡេកមើលរូបរាងខាងក្រៅ រថយន្ត SUV នេះមិនអាចច្រឡំឡើយថាជារថយន្ត Mazda។ វាមានទស្សនៈរចនាដ៏ពិសេសរបស់ម៉ាកយីហោនេះ ដែលត្រូវបានកែសម្រួលសម្រាប់យុគសម័យរថយន្តអគ្គិសនី EV។ ផ្នែកខាងមុខមានClosed-off grille common ដែលជារឿងធម្មតាចំពោះរថយន្តអគ្គិសនីជាច្រើន ប៉ុន្តែមានភាព
ប្លែកត្រង់មាននិមិត្តសញ្ញា Mazda ដែលអាចបញ្ចេញពន្លឺបាន។ ភ្លើងបំភ្លឺពេលថ្ងៃ (DRL) ស្តើង និងចង្កៀងមុខដែលញែកគ្នា ផ្តល់ឱ្យវានូវរូបរាងបែបទំនើប និងទាន់សម័យ។
ជាមួយនឹងប្រវែង ៤,៨៥០ ម.ម ទទឹង ១,៩៣៥ ម.ម និងកម្ពស់ ១,៦២០ ម.ម ព្រមទាំង wheelbase ២,៩០២ ម.ម វិមាត្ររបស់រថយន្តនេះដាក់វាចូលក្នុងប្រភេទទំហំមធ្យម។ លក្ខណៈពិសេសមួយចំនួនទៀតដូចជា ដៃទ្វារលាក់ កញ្ចក់ចំហៀងអេឡិចត្រូនិច និងកង់ទំហំ ១៩ អ៊ីញស្តង់ដារ (ជាមួយនឹងជម្រើសកង់ទំហំ ២១ អ៊ីញ) ធ្វើឱ្យរូបរាងទាំងមូលមានភាពស្រស់ស្អាត និងទាន់សម័យ។
អតិថិជនអាចជ្រើសរើសប្រភេទម៉ាស៊ីនដែលសាកសមបំផុតទៅនឹងតម្រូវការរបស់ពួកគេ។ ម៉ូដែលអគ្គិសនីសុទ្ធ គឺជាប្រភេទ EV បើកបរដោយកង់ក្រោយដែលប្រើម៉ូទ័រទំហំ ១៩០ kW តែមួយ។ វាប្រើអាគុយ Lithium-iron-phosphate (LFP) ទំហំ ៧៧,៩៤ kWh ដែលមានចម្ងាយធ្វើដំណើរ ៦០០ គីឡូម៉ែត្រ ផ្អែកលើការសាកល្បង CLTC របស់ប្រទេសចិន។
ជម្រើសទីពីរគឺប្រភេទ Range-extended EV ដែលប្រើម៉ូទ័រអគ្គិសនីទំហំ ១៩០ kW ដូចគ្នា ប៉ុន្តែភ្ជាប់មកជាមួយអាគុយទំហំតូចជាងគឺ ៣១,៧៣ kWh និងម៉ាស៊ីនសាំងទំហំ ១,៥ លីត្រ ដែលដើរតួជាម៉ាស៊ីនភ្លើងតែប៉ុណ្ណោះ។ ម៉ូដែលនេះផ្តល់នូវចម្ងាយបើកបរអគ្គិសនីសុទ្ធ ២០០ គីឡូម៉ែត្រ មុនពេលម៉ាស៊ីនភ្លើងសាំងដំណើរការដើម្បីបញ្ចូលថាមពលអាគុយឡើងវិញ ដែលពង្រីកចម្ងាយសរុបរបស់វាដល់ជាង ១,០០០ គីឡូម៉ែត្រ។
ផ្ទៃខាងក្នុងរបស់ EZ-60 មានភាពខុសប្លែកគ្នាយ៉ាងខ្លាំងពីកាប៊ីនបែបប្រពៃណីរបស់ Mazda ដោយផ្អែកលើបច្ចេកវិទ្យាទំនើប។ ចំណុចកណ្តាលគឺអេក្រង់កណ្តាលទំហំ ២៦.៤៥ អ៊ីញប្រភេទ 5K ដែលដំណើរការដោយ CPU 4nm ដ៏ទំនើបសម្រាប់ដំណើរការរហ័ស។ មុខងារ Augmented Reality Head-Up Display (AR-HUD) ទំហំ ៥០ អ៊ីញ គឺជាស្តង់ដារ ដែលបង្ហាញព័ត៌មានសំខាន់ៗដោយផ្ទាល់លើកញ្ចក់ខាងមុខ។
សម្រាប់អតិថិជនដែលចង់បានបទពិសោធន៍បែបអនាគតជាងនេះ មុខងារ 3D-HUD ទំហំ ១០០ អ៊ីញ អាចរកបានជាជម្រើសបន្ថែម។ ភាពងាយស្រួលត្រូវបានផ្តល់ជូនដោយកៅអីខាងមុខ "zero-gravity" ដែលផ្តល់មុខងារកម្តៅ ខ្យល់ចេញចូល និងម៉ាស្សា។ ប្រព័ន្ធសំឡេង premium ទំហំ ២៣ ឧបករណ៍បំពងសម្លេង ជាមួយនឹងការគាំទ្រ Dolby Atmos ផ្តល់នូវបទពិសោធន៍ស្តាប់ដ៏អស្ចារ្យ។
ដូចទៅនឹងរថយន្ត EV ថ្មីៗភាគច្រើននៅក្នុងប្រទេសចិន រថយន្ត EZ-60 ភ្ជាប់មកជាមួយបច្ចេកវិទ្យាជំនួយអ្នកបើកបរ។ Radar និងកាមេរ៉ាជាច្រើនជួយវាផ្តល់នូវមុខងារស្វយ័តកម្រិត ២ រួមទាំង Adaptive Cruise Control, Lane-Keeping Assist និង Automated Parking។ ប្រព័ន្ធនេះក៏គាំទ្រការបើកបរជំនួយដោយnavigation-assisted driving ទាំងនៅលើផ្លូវហាយវេ និងផ្លូវក្នុងទីក្រុងផងដែរ។
ប្រភព៖ ArenaEV
ប្រែសំរួល៖ ផាកឃឺ
