Admin, 25 February 2026
ក្រុមហ៊ុន Mercedes-Benz បានបង្ហាញឱ្យយើងឃើញរួចមកហើយនូវរថយន្ត GLC ស៊េរីឆ្នាំ 2027 ជំនាន់ថ្មី ដែលឈរលើគ្រោងឆ្អឹងថ្មី រួមជាមួយការសន្យាថានឹងមានជម្រើស កម្លាំង ម៉ាស៊ីន និងម៉ូដែលជាច្រើន។ ហើយឥឡូវនេះ យើងបានឃើញនូវសមាជិកថ្មីមួយក្នុងចំណោម នោះ គឺរថយន្ត Mercedes-AMG GLC53 2027 ដែលឈានជើងចូលក្នុងពិភពរថយន្ត សមត្ថភាពខ្ពស់ ជាមួយជម្រើសរូបរាងបែប SUV ឬបែប Coupe នៅពេលវាចេញលក់ ក្នុងសហរដ្ឋអាមេរិកក្នុងពាក់កណ្តាលត្រីមាសទីពីរនៃឆ្នាំ 2026។ ម៉ូដែល AMG នេះត្រូវ បានសម្គាល់ដោយផ្នែកខាងមុខដែលមានកាងការពារខ្យល់ (Splitter) ធំជាងមុន ព្រមទាំង ស្លាបកន្ទុយត្រី (Spoiler) នៅលើដំបូល (សម្រាប់ SUV) ឬនៅលើគម្រប់ឃ្លប់ក្រោយ (សម្រាប់ Coupe) ដែលមានទំហំធំជាងមុន និងមានឧបករណ៍បំបែកខ្យល់ (Diffuser) ពណ៌ខ្មៅរលោង។ ការផ្លាស់ប្តូរដ៏ធំបំផុតនោះគឺ ម៉ាស៊ីន Turbo 4 ស៊ីឡាំង ដែលធ្លាប់តែជាម៉ាស៊ីនចម្បងរបស់ Mercedes ត្រូវបានដកចេញ។ វាត្រូវបានបញ្ឈប់ដោយសារតែវាមិនអាចឆ្លើយតបនឹង បទប្បញ្ញត្តិការបញ្ចេញផ្សែងពុលនាពេលអនាគត។
ដូច្នេះ កម្លាំងម៉ាស៊ីនរបស់ GLC53 ឆ្នាំ 2027 គឺជាម៉ាស៊ីន Turbo 6 ស៊ីឡាំងជួរដេក ចំណុះ 3.0 លីត្រ ដែលត្រូវបានកែច្នៃដោយផ្នែកដោយ AMG។ លទ្ធផលដែលទទួលបានគឺម៉ាស៊ីនដែល មានកម្លាំង 443 សេះ និងកម្លាំងរមួល 600Nm អមដោយសំឡេងបំពង់ស៊ីម៉ាំងដ៏ខ្លាំងក្លា និងមុខងារ Overboost ដើម្បីផ្តល់កម្លាំងបន្ថែម។ មុខងារ Overboost នេះផ្តល់កម្លាំងរមួល ដល់ទៅ 639 Nm ក្នុងរយៈពេល 10 វិនាទី ដើម្បីជួយឱ្យការជាន់ជែងកាន់តែរហ័ស។
រថយន្ត GLC ឥឡូវនេះមានមុខងារ Drift Mode
ម៉ាស៊ីននេះត្រូវបានភ្ជាប់ជាមួយប្រអប់លេខអូតូ AMG 9 វគ្គល្បឿន និងប្រើប្រាស់ប្រព័ន្ធប៉ុងពីរ 4Matic ជាស្តង់ដារ។ អតិថិជនអាចជ្រើសរើសបន្ថែមប្រព័ន្ធឌីផេរ៉ង់ស្យែល (Limited slip differential) ដែលគ្រប់គ្រងដោយអេឡិចត្រូនិក ដែលរួមមានមុខងារ Drift Mode និងសមត្ថភាពក្នុងការប្តូររថយន្តឱ្យទៅជាការបើកបរដោយកង់ក្រោយសុទ្ធ។ ទាំងនេះគឺជាមុខងារលើកដំបូងបំផុតសម្រាប់រថយន្តប្រភេទ AMG SUV ដែលជាផ្នែកមួយនៃកញ្ចប់ AMG Dynamics Plus។ ម៉ាស៊ីន 6 ស៊ីឡាំងនេះ មានបំពាក់ Turbocharger ក៏ដូចជាឧបករណ៍ បង្រួមខ្យល់អគ្គិសនីជំនួយ (Electric auxiliary compressor) ដើម្បីជួយឱ្យកម្លាំងរមួល ដំណើរ ការបានរលូន។ ម៉ាស៊ីនដែលបានកែលម្អនេះ ក៏មានក្បាលស៊ីឡាំងថ្មី និងទុយោខ្យល់ថ្មី ផងដែរ។ លើសពីនេះ វាក៏ត្រូវបានរចនាឱ្យមានសំឡេងខ្លាំងជាងមុន ដែលសំឡេង បំពង់ស៊ីម៉ាំងនឹងប្រែប្រួលទៅតាមរបៀបបើកបរ (Drive modes) ទាំង 5 ដែលមានផ្ដល់ជូន។ កញ្ចប់ AMG Dynamic Plus ក៏បានបន្ថែមរបៀបបើកបរ Race mode ផងដែរ។
ប្រព័ន្ធអាគុយជំនួយ (Integrated starter-generator) ជំនាន់ទី 2 ដើរតួជាផ្នែក Hybrid ដោយជួយគាំទ្រម៉ាស៊ីនក្នុងល្បឿនទាបជាមួយនឹងកម្លាំង 23 សេះ និងកម្លាំងរមួល 204Nm ព្រមទាំងជួយក្នុងការទាញយកថាមពលមកវិញ និងធ្វើឱ្យដំណើរការបិទ-បញ្ឆេះម៉ាស៊ីនកាន់ តែរលូន។ ចំណែកឯប្រព័ន្ធបត់កង់ក្រោយ (Rear-axle steering) ជាស្តង់ដារ ជួយឱ្យការ បត់បែនកាន់តែរហ័សរហួន ការបញ្ជាកាន់តែប្រសើរ និងកាត់បន្ថយរង្វង់បត់។
កញ្ចប់តុបតែងពិសេស Golden Accents សម្រាប់តែឆ្នាំ 2027
អ្វីដែលពិសេសបំផុតនោះគឺ កញ្ចប់តុបតែង Golden Accents ដែលផ្តល់ជូនសម្រាប់តែ ម៉ូដែលឆ្នាំ 2027 ប៉ុណ្ណោះ។ វាមានជម្រើសពណ៌ខាងក្រៅជាពណ៌ខ្មៅ Obsidian Black Metallic ឬពណ៌ប្រផេះ Graphite Grey Magno ជាមួយពណ៌មាសដើម្បីបង្ហាញភាពទាក់ទាញជាប្រភេទពណ៌ឆ្លាស់គ្នា រួមជាមួយក្រាហ្វិក AMG។
កញ្ចប់នេះក៏រួមបញ្ចូលនូវគ្រឿងបរិក្ខារជាច្រើនដូចជា៖ ថាសកង់ AMG ទំហំ 21អ៊ីញ ពណ៌ខ្មៅរលោងដែលមានគែមពណ៌មាស, ឈ្នាន់ហ្វ្រាំងពណ៌ខ្មៅជាមួយម៉ាក AMG ពណ៌ស និងគម្របធុងសាំងពណ៌ប្រាក់ក្រូមេ។ ផ្នែកខាងក្នុងមានកៅអីស្ព័រ AMG ស្រោបស្បែកពណ៌ខ្មៅ និងមានថ្នេរដេរពណ៌ឆ្លាស់គ្នានៅពេញផ្ទៃកាប៊ីន។ សូម្បីតែគ្រឿងតុបតែង Carbon fiber ក៏មានត្បាញលាយជាមួយសរសៃលោហៈពណ៌មាសផងដែរ។ រថយន្ត 2027 Mercedes-AMG GLC53 ចំពោះតម្លៃផ្លូវការនឹងត្រូវប្រកាសនៅពេលជិតដល់ថ្ងៃចេញលក់៕
ប្រភព៖ United State News.
ប្រែសំរួល៖ Chea SokNang (AC Auto)
