Admin, 26 April 2026

​​           កាលពីថ្ងៃទី 23 ខែមេសា រថយន្ត Mercedes-Benz GLC L EV ស៊េរីថ្មីស្រឡាង បានធ្វើការសម្ពោធជាលើកដំបូងនៅលើពិភពលោក មុនការបើកពិព័រណ៍រថយន្តក្រុងប៉េកាំងឆ្នាំ 2026។ រថយន្ត SUV អគ្គិសនីនេះ គឺជាការរួមបញ្ចូលគ្នារវាងការរចនាបែបបុរាណរបស់ Mercedes-Benz ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយ រួមមានស្ថាបត្យកម្មតង់ស្យុងខ្ពស់ 800V និងប្រព័ន្ធបូមខ្យល់ដែលដកស្រង់ចេញពីម៉ូដែលកំពូល S-Class


ការរចនាខាងក្រៅ

GLC L EV មានប៉ាណាមុខរាងខែលបែបបុរាណ ដែលបំផុសគំនិតដោយការរចនាម៉ូដែលឆ្នាំ 1900។ ប៉ាណានេះបំពាក់នូវអំពូល LED តូចៗចំនួន 942គ្រាប់ ដែលអាចបញ្ចេញពន្លឺ និងមានចលនាឆ្លើយតបនៅពេលចាក់សោ ឬសាកថ្ម អមដោយស្លាកសញ្ញាផ្កាយដែលភ្លឺច្បាស់។

  • ចង្កៀងមុខ: ជាប្រភេទ LED Digital ស៊េរីថ្មី ដែលមានសមត្ថភាពសារ៉េពន្លឺខ្ពស់ទាបដោយស្វ័យប្រវត្តិ។
  • កន្លែងផ្ទុក: រថយន្តនេះមានឃ្លុបខាងមុខ (Frunk) ចំណុះ 128 លីត្រ សម្រាប់ដាក់ឥវ៉ាន់បន្ថែម។


វិមាត្រ និងលំហខាងក្នុង

រថយន្តនេះត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់អតិថិជនចិនដែលចូលចិត្តកាប៊ីនធំទូលាយ៖

  • វិមាត្រ: បណ្តោយប្រវែង 4,949mm, ទទឹងប្រវែង 1,970mm, និងកម្ពស់ 1,710mm
  • Wheelbase: មានប្រវែង 3,027mm (វែងជាងកំណែនៅបរទេសចំនួន  55mm និងតួខ្លួនវែងជាង 105mm) ដែលជួយឱ្យកន្លែងដាក់ជើងជួរក្រោយកាន់តែធំទូលាយ។
  • ពណ៌ថ្មី: មានជម្រើសពណ៌ថ្មីចំនួនបីគឺ Purple Silver, Mist Blue, និង Ink Jade Grey

បច្ចេកវិទ្យា និងផាសុកភាព

ក្នុងកាប៊ីនមានអេក្រង់ MBUX Super Screen ទំហំ 39.1 អ៊ីញ ដែលគ្របដណ្តប់លើតាប្លូ (រួមមានអេក្រង់កណ្តាល 14.4 អ៊ីញ និងអេក្រង់សម្រាប់អ្នករួមដំណើរ 12.3 អ៊ីញ)។

  • ប្រព័ន្ធប្រតិបត្តិការ: ប្រើប្រាស់ MB.OS ថ្មី ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8295
  • ជំនួយការឆ្លាតវៃ: មានជំនួយការនិម្មិតឈ្មោះ “Xiao Ben” (បកប្រែថា "បេនតូច") ដែលគាំទ្រការអាប់ដេត OTA
  • ផាសុកភាព: កៅអីស្បែកកម្រិតខ្ពស់មានមុខងារកម្តៅ ខ្យល់ចេញចូល និងម៉ាស្សា។ វាក៏មានប្រព័ន្ធសំឡេង Burmester និងដំបូល Panoramic ដែលអាចកែសម្រួលកម្រិតភាពច្បាស់បាន 9 កម្រិត។


គ្រឿងគ្រោង និងការបើកបរ

គ្រោងឆ្អឹងរថយន្តមកជាស្តង់ដារជាមួយបូមខ្យល់ ដែលអាចសារ៉េកម្រិតភាពទន់រឹង និងកម្ពស់ដោយស្វ័យប្រវត្តិតាមស្ថានភាពផ្លូវ។ លើសពីនេះ វាមានបច្ចេកវិទ្យាបត់កង់ក្រោយ (Rear-axle steering) រហូតដល់ 4.5 ដឺក្រេ ដែលជួយឱ្យការបើកបរក្នុងល្បឿនទាបកាន់តែងាយស្រួល និងមានលំនឹងក្នុងល្បឿនលឿន។


កម្លាំងម៉ាស៊ីន និងអាគុយ

  • កម្លាំង: ម៉ូទ័រភ្លោះផ្តល់កម្លាំងសរុប 310 គីឡូវ៉ាត់ (416 សេះ) និងកម្លាំងរមួល 800 ញូតុនម៉ែត្រ ប្រើប្រាស់ប្រព័ន្ធបញ្ជូនកម្លាំង 2 វគ្គ។
  • អាគុយ: កញ្ចប់អាគុយ 89 kWh អាចរត់បានចម្ងាយលើសពី 700 គីឡូម៉ែត្រ (CLTC)
  • ការសាកថ្ម: ស្ថាបត្យកម្ម 800V គាំទ្រការសាកលឿន ដោយសាកត្រឹម 10 នាទី អាចបន្ថែមចម្ងាយបាន 260 គីឡូម៉ែត្រ។

ទោះបីជា Mercedes-Benz លក់រថយន្តបានចន្លោះពី 30,000 ទៅ 40,000 គ្រឿងក្នុងមួយខែក្នុងប្រទេសចិនក៏ដោយ ប៉ុន្តែចំណែកទីផ្សាររថយន្តប្រណីតរបស់ខ្លួន កំពុងត្រូវបានដណ្តើមយកជាបន្តបន្ទាប់ដោយម៉ាករថយន្តប្រណីតរបស់ចិនផ្ទាល់។ កាលពីមុន Mercedes ក៏បានដាក់លក់ម៉ូដែល CLA L EV ផងដែរ ប៉ុន្តែការលក់មិនសូវទទួលបានលទ្ធផលល្អនោះទេ៕

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)