Admin, 18 February 2026
Midual ដែលជាក្រុមហ៊ុនបារាំងជំនាញខាងសាងសង់ម៉ូតូប្រណីត បានបង្ហាញនូវម៉ូតូប្រភេទ Cafe Racer ដ៏កម្របំផុត ដែលនឹងមានលក់ត្រឹមតែ 5 គ្រឿង ប៉ុណ្ណោះ។
ម៉ូតូថ្មីនេះមានឈ្មោះថា ‘Francaise’ ដែលត្រូវបានរចនាឡើងផ្អែកលើម៉ូដែល Type 1 Series 3 ដែលទើបនឹងដាក់បង្ហាញនាពេលថ្មីៗនេះ។ ម៉ូដែលមុននោះ (Type 1 Series 3) បានមកដល់ជាមួយនឹងតម្លៃដ៏គួរឱ្យភ្ញាក់ផ្អើលគឺ 186,000 អឺរ៉ូ (ឬប្រហែល 220,000ដុល្លាអាមេរិក)។ ចំពោះតម្លៃនៃម៉ូដែល Francaise ថ្មីនេះ គិតត្រឹមពេលនេះ គឺនៅមិនទាន់ដឹងនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ វាអាចនឹងឈានទៅដល់កម្រិតតម្លៃ 300,000 អ៊ឺរ៉ូ (ប្រហែល 354,996 ដុល្លាអាមេរិក) ដែលវាមិនមែនជារឿងចម្លែកនោះទេសម្រាប់ម៉ូតូរបស់ក្រុមហ៊ុន Midual។
នោះក៏ព្រោះតែជាប្រេនរបស់ប្រទេសបារាំង ធ្លាប់បានមានបង្ហាញម៉ូដែលមួយ Quintessence កាលពីឆ្នាំ 2025 ដែលត្រូវបានដាក់លក់ក្នុងតម្លៃគឺ 300,000 អឺរ៉ូ (354,996ដុល្លាអាមេរិក)។ ទោះបីជាម៉ូដែល Francaise ថ្មីនេះមានចំនួនតិចតួចបំផុតក៏ដោយ ប៉ុន្តែម៉ូដែល Quintessence ត្រូវបានដាក់សម្ពោធក្នុងចំនួនកាន់តែតិចជាងនេះទៅទៀត គឺត្រូវបានផលិតឡើងត្រឹមតែ 3 គ្រឿង ប៉ុណ្ណោះ។ ម៉ូតូទាំងពីរនេះមានរូបរាងស្រដៀងគ្នាខ្លាំងត្រង់ផ្នែកខាងក្រោយដ៏ស្រឡូន នៅពីក្រោយកៅអីអ្នកជិះ ខណៈដែលការរៀបចំបំពង់ស៊ីមាំងក៏យកតាមការរចនារបស់ម៉ូដែល Type 1 Series 3 ដែរ។
Midual Francaise cafe racer
ផ្នែកគ្រឿងម៉ាស៊ីន ម៉ូតូនេះប្រើប្រាស់ម៉ាស៊ីនប្រភេទ Boxer Twin ដ៏ប្លែក និងគួរឱ្យចាប់អារម្មណ៍របស់ Midual។ ជំនួសឱ្យការឱ្យស៊ីឡាំងលយចេញមកខាងផ្នែកក្រៅសងខាងនៃម៉ូតូ ម៉ាស៊ីនរបស់ Midual ត្រូវបានតម្លើងតាមបណ្តោយ (longitudinally) ដោយមានពីស្តុងរត់ទៅមុខ និងទៅក្រោយវិញ។ ទោះបីជាមានការរចនាប្លែកខុសគេយ៉ាងណាក៏ដោយ ប៉ុន្តែសមត្ថភាពម៉ាស៊ីនចំណុះ 1,036cc នេះ នៅតែមានកម្រិតមធ្យមប៉ុណ្ណោះ ដោយអះអាងថាមាន កម្លាំងត្រឹមតែ 100 សេះ (bhp) និងកម្លាំងបង្វិល 93Nm។ បើគិតពីចំណុចនេះ នេះប្រហែលជា ការបំប្លែងតម្លៃផោនធៀបនឹងកម្លាំងសេះ (£ per BHP) ដែលថ្លៃបំផុតមួយនៅក្នុងពិភពម៉ូតូ។
Midual Francaise cafe racer
ម៉ូតូនេះត្រូវបានគេនិយាយថាអាចជិះលើផ្លូវបានស្របច្បាប់ (road-legal) ដែលជាអ្វីដែល យើងរំពឹងទុក ទោះបីជាវាជាម៉ូតូដែលភាគច្រើននឹងទាក់ទាញតែអ្នកចូលចិត្តទិញសន្សំទុកតាំង ហើយប្រហែលជាមិនអាចឃើញវត្តមានរបស់វានៅលើដងផ្លូវក៏ថាបាន។ ម៉ូតូនេះត្រូវបានគេឃើញជាលើកដំបូងនៅក្នុងពិព័រណ៍ Retromobile ក្នុងទីក្រុងប៉ារីសកាលពីខែមុន ហើយវានឹងត្រូវបង្ហាញខ្លួននៅក្នុងពិព័រណ៍ 2-Wheel Show ក្នុងទីក្រុង Lyon នៅចុងខែនេះ៕
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
