Admin, 7 hours ago
រថយន្ត Mini Cooper S ដើមបានបង្ហាញខ្លួនក្នុងឆ្នាំ ១៩៦១ ហើយស្ទើរតែភ្លាមៗនោះ វាបានចាប់ផ្តើមទទួលបានជោគជ័យក្នុងវិស័យកីឡាម៉ូតូ ដោយមានជ័យជម្នះមួយដែល បានធ្វើឱ្យទាំង Mini និងលោក John Cooper ក្លាយជាវីរបុរសនៃរថយន្តប្រភេទ Hatchback នោះគឺ៖ ការប្រកួតក្នុងកម្មវិធី 1965 Monte Carlo Rally។ ឥឡូវនេះ ប្រហែល 6 ទសវត្សរ៍ ក្រោយមក រថយន្ត Mini Cooper John Cooper Works (JCW) ទំនើប កំពុងផ្ដល់កិត្តិយស ដល់ជ័យជម្នះនោះនៅក្នុងសហរដ្ឋអាមេរិក ជាមួយនឹងស៊េរីពិសេសដែលមានឈ្មោះថា 1965 Victory Edition។
សម្រាប់ទីផ្សារពិភពលោកផ្សេងទៀត ក៏ទទួលបាននូវប្រភេទ S និង JCW Electric ផងដែរ។ ប៉ុន្តែខណៈពេលដែលយើងមិនអាចកម្ម៉ង់ប្រភេទ JCW Electric បាន វាជារឿងគួរឱ្យសោក ស្តាយដែលយើងក៏មិនទទួលបានប្រភេទ S ដែលជាម៉ូដែលពិតប្រាកដដែលបានដណ្តើម ភាពល្បីល្បាញក្នុងកម្មវិធី Monte Carlo នោះដែរ។
ទោះជាយ៉ាងណា នេះនៅតែជាកញ្ចប់តុបតែងដ៏ទាក់ទាញ។ នៅផ្នែកខាងក្រៅ រថយន្ត 2026 Mini Cooper JCW 1965 Victory Edition (ដែលមានឈ្មោះយ៉ាងវែងមួយនេះ) បានដកស្រង់នូវចំណុចលម្អជាច្រើនពីរថយន្តដែលឈ្នះការប្រកួតឆ្នាំ 1965 រួមមានលេខ "52" និងផ្លាកលេខ "AJB 44B"។ តួខ្លួនត្រូវបានស្រោបដោយពណ៌ក្រហម Chili Red ដើម្បីឱ្យដូច ទៅនឹងពណ៌ Tartan Red នៃរថយន្តដើម។ ផ្នែកដំបូល និងស្រោមផ្ទាំងកញ្ចក់មើលក្រោយ ត្រូវបានតុបតែងពណ៌ស Glazed White ដែលជាពណ៌ដូចគ្នាទៅនឹងឆ្នូតនៅលើដំបូលមុខ និងទ្វារក្រោយ។ ឆ្នូតនៅលើដំបូលមុខមានបង្កប់នូវលេខចុះបញ្ជីដ៏ល្បីល្បាញ ខណៈដែល ឆ្នូតនៅទ្វារក្រោយមានអក្សរ "1965 Victory Edition"។ នៅលើសសរ C-pillar មានបិទស្ទីគ័រ ដែលរំលឹកដល់ការចូលរួមក្នុងកម្មវិធី Monte Carlo Rally ឆ្នាំ 1965 ផងដែរ។
គ្រឿងតុបតែងផ្សេងៗដូចជា ស្លាបកន្ទុយក្រោយ (Spoiler), កង់កាង, និងបន្ទះចំហៀង ត្រូវបានលាបពណ៌ខ្មៅរលោង (Gloss black) ចំណែកឯថាសកង់ JCW Lap Spoke ទំហំ 18អ៊ីញ ក៏មានបំពាក់នូវសញ្ញា "52" នៅលើក្បាលវ៉ាល់ខ្យល់ទៀតផង។
ផ្នែកខាងក្នុង៖ ការរចនាពណ៌ខ្មៅ Anthracite និងក្រហមរបស់ JCW នៅតែរក្សាទុកដដែល ប៉ុន្តែបានបន្ថែមនូវរចនាបថនៃស៊េរី 1965 Victory Edition។ ស្លាកសញ្ញា "1965" លេចឡើង នៅលើកាំចង្កូត និងនៅលើប្រអប់ផ្ទុកឥវ៉ាន់នៅកណ្តាល។ ឈ្នាន់មាត់ទ្វារ JCW ស្តង់ដារត្រូវ បានជំនួសដោយបន្ទះ "1965 Victory Edition" ហើយនៅស៊ុមទ្វារខាងក្នុងមានបិទស្ទីគ័រ ពិសេសដែលរៀបរាប់ពីព័ត៌មានលម្អិតនៃរថយន្តប្រណាំង និងឈ្មោះរបស់អ្នកបើកបរ ដ៏ល្បីល្បាញគឺលោក Timo Mäkinen និងលោក Paul Easter។
រថយន្ត 2026 Mini Cooper JCW 1965 Victory Edition នឹងមានវត្តមាននៅក្នុងអាមេរិក ចាប់ពីខែមីនាខាងមុខ ក្នុង "ចំនួនកំណត់"។ Mini មិនបានបញ្ជាក់ពីចំនួនពិតប្រាកដនោះទេ ប៉ុន្តែយើងរំពឹងថាវានឹងក្លាយជារថយន្តដ៏កម្រមួយ។ តម្លៃចាប់ផ្តើមគឺ 47,395 ដុល្លារអាមេរិក ដែលថ្លៃជាងម៉ូដែល John Cooper Works ស្តង់ដារចំនួនរហូតដល់ 7,320 ដុល្លារអាមេរិក៕
ប្រភព៖ United State News.
ប្រែសំរួល៖ Chea SokNang (AC Auto)
