Admin, 30 July 2026

               កាលពីខែមករា ឆ្នាំ 2024 ទស្សនាវដ្តី សហរដ្ឋអាមេរិកមួយ បានចុះផ្សាយរូបភាពលួចថត (spy photos) នៃម៉ូតូគំរូដើមដែលត្រូវបានដំឡើងជុំវិញម៉ាស៊ីនពីរស៊ីឡាំងស្រប (parallel-twin) កម្លាំង 457cc របស់ Aprilia ដែលជាម៉ាស៊ីនប្រើប្រាស់លើម៉ូឌែល RS 457 និង Tuono 457។ កាលណោះ យើងបានសន្និដ្ឋានថា វាប្រាកដជាម៉ូឌែលខាងមុខរបស់ Moto Guzzi ហើយលើសពីពីរឆ្នាំក្រោយមក ការសង្ស័យរបស់យើងហាក់ដូចជាត្រូវបានបញ្ជាក់ថាជាការពិត។ ម៉ូឌែលដដែលនេះត្រូវបានគេឃើញកំពុងធ្វើតេស្ត ហើយការចុះបញ្ជីម៉ាកសញ្ញាពាណិជ្ជកម្ម និងឡូហ្គោថ្មីបានបង្ហើបថា Moto Guzzi កំពុងរៀបចំផែនការបង្កើតម៉ូឌែលមួយដែលមានឈ្មោះប្លែកថា “The Trip 500”

ក្រុមហ៊ុនមេរបស់ Moto Guzzi គឺ Piaggio បានដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកសញ្ញាពាណិជ្ជកម្មជាច្រើនសម្រាប់ឈ្មោះ “The Trip 500” និងថែមទាំងមានឡូហ្គោដែលរួមបញ្ចូលម៉ាកយីហោ Moto Guzzi ទៀតផង។ ទោះបីជាឈ្មោះនេះស្តាប់ទៅដូចជាឈ្មោះព្រឹត្តិការណ៍ ឬការធ្វើដំណើរកម្សាន្តក៏ដោយ ប៉ុន្តែម៉ាកសញ្ញាពាណិជ្ជកម្មនេះគឺត្រូវបានបម្រុងទុកជាពិសេសសម្រាប់ប្រើប្រាស់លើម៉ូតូ។ ជាភាសាអ៊ីតាលី ឈ្មោះនេះគឺ “Il Viaggio Cinquecento” ដែលនិយាយតាមត្រង់ទៅ ស្តាប់ទៅពីរោះ និងសមស្របនឹងអត្តសញ្ញាណរបស់ Guzzi ជាង ប៉ុន្តែគួរឱ្យស្តាយ ម៉ាកយីហោដែលមានមូលដ្ឋាននៅ Mandello del Lario មួយនេះ បានសម្រេចចិត្តចុះបញ្ជីពាក្យបកប្រែជាភាសាអង់គ្លេសវិញ។

រំលងពីឈ្មោះ ម៉ូតូផ្ទាល់ហាក់ដូចជាមិនមានការផ្លាស់ប្តូរខ្លាំងនោះទេ ចាប់តាំងពីយើងបានឃើញវាកាលពីលើកដំបូង។ ម៉ាស៊ីន Aprilia ដែលផលិតដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Piaggio នៅក្នុងប្រទេសឥណ្ឌាដើមបីកាត់បន្ថយថ្លៃដើម គឺជាម៉ាស៊ីនពីរស៊ីឡាំងស្របកម្លាំង 457cc ដដែល ដែលប្រើលើ Tuono 457 និង RS 457 ហើយវាក៏ត្រូវបានរំពឹងថានឹងលេចមុខលើម៉ូតូ Adventure ធុនតូច Aprilia Tuareg នាពេលឆាប់ៗនេះផងដែរ។ កំណែទម្រង់របស់ Guzzi នឹងក្លាយជាការលេចមុខលើកដំបូងបង្អស់របស់ម៉ាស៊ីននេះ ក្រោមឈ្មោះម៉ាកយីហោផ្សេងទៀត។

ទម្រង់ម៉ាស៊ីនពីរស៊ីឡាំងស្រប (parallel-twin) អាចជាការដើរចេញពីម៉ាស៊ីន V-twin ដែលជាអត្តសញ្ញាណរបស់ Moto Guzzi ប៉ុន្តែការមានម៉ូឌែលបែបបុរាណ (retro) នៅក្នុងផ្នែកម៉ូតូកម្លាំង 400cc–500cc ដែលកំពុងទទួលបានការពេញនិយមខ្លាំង គួរតែជាការជួយជ្រោមជ្រែងដល់ក្រុមហ៊ុនទាំងមូល។ ការលក់សកលសម្រាប់ម៉ូឌែលនៅក្នុងថ្នាក់នេះបានកើនឡើងជាច្រើនឆ្នាំមកហើយ ដូច្នេះការរៀបចំម៉ូឌែលថ្មីនៅក្នុងផ្នែកបុរាណ និងការទាញយកប្រយោជន៍ពីបេតិកភណ្ឌរបស់ Moto Guzzi គឺជាជំហានដ៏សមហេតុផលមួយ។

គ្រោងឆ្អឹង និងការរចនា

ខណៈពេលដែល Aprilia ចាប់ម៉ាស៊ីនជាប់ទៅនឹងគ្រោងឆ្អឹងអាលុយមីញ៉ូមសក ផ្ទុយទៅវិញ Moto Guzzi បានជ្រើសរើសប្រើប្រាស់គ្រោងឆ្អឹងដែកថែប (steel-trellis chassis) ដែលសមស្របនឹងស្ទីលបុរាណជាង។ ម៉ាស៊ីននៅតែត្រូវបានប្រើប្រាស់ជាផ្នែកមួយនៃរចនាសម្ព័ន្ធទ្រទ្រង់ និងទប់ទល់ដៃគ្រវាត់កង់ក្រោយ (swingarm)។ ម៉ូតូគំរូដើមប្រើប្រាស់បូមក្រោយទោលដ៏ប្លែកដែលត្រូវបានបំពាក់តម្រង់ទៅផ្នែកខាងក្រោយនៃដៃគ្រវាត់កង់។ ផ្អែកលើអ្វីដែលគេអាចមើលឃើញ ការរចនារូបរាងហាក់ដូចជាមានលក្ខណៈស្រដៀងទៅនឹងត្រកូល V7 ដោយប្រើប្រាស់ចង្កៀងមុខដូចគ្នា ជាមួយឡូហ្គោ Moto Guzzi ដែលមានលេចចេញនៅលើផ្ទៃខាងមុខនៃកញ្ចក់ចង្កៀង។

ធាតុផ្សំបែបបុរាណមិនបានរាប់បញ្ចូលទៅដល់ប្រព័ន្ធបូម និងប្រព័ន្ធហ្វ្រាំងនោះទេ បូមមុខបញ្ច្រាស (inverted fork) និងដង្កាប់ហ្វ្រាំងមុខ Radial ទោល ហាក់ដូចជាត្រូវបានខ្ចីពី Aprilia RS 457 ដែលក៏បានផ្តល់នូវប្រព័ន្ធបំពង់ស៊ីម៉ាំងបំពាក់ក្រោមពោះម៉ូតូផងដែរ ដែលនេះបញ្ជាក់ថាការកំណត់កម្លាំងម៉ាស៊ីនគឺមិនមានការផ្លាស់ប្តូរនោះទេ។

តើម៉ូតូ Moto Guzzi ម៉ាស៊ីនពីរស៊ីឡាំងស្របដែលមានតម្លៃសមរម្យ មានភាពទាក់ទាញចំពោះអ្នកដែរឬទេ? ឬមួយក៏ម៉ាកយីហោមួយនេះកំពុងតែបំពានព្រំដែន ដោយសារតែការដើរចេញពីអត្តសញ្ញាណដើមនៃម៉ាស៊ីន V-twin តាមបណ្តោយរបស់ខ្លួន?


ប្រភព៖ United State

ប្រែសំរួល៖ AC Motors