Admin, 30 October 2026
ក្រុមហ៊ុន Moto Guzzi បានបើកបង្ហាញម៉ូឌែល The Trip 500 ដែលជាម៉ូតូ Roadster ប្រភេទ A2-friendly ថ្មីមួយ ដែលកត់សម្គាល់ពីការផ្លាស់ប្តូរយ៉ាងសំខាន់សម្រាប់ក្រុមហ៊ុនផលិតរបស់អ៊ីតាលីមួយនេះ បានក្លាយជាម៉ូឌែលដំបូងគេបង្អស់នៅក្នុងជំនាន់ថ្មីនៃម៉ូតូដែលផ្តល់ថាមពលដោយម៉ាស៊ីនពីរស៊ីឡាំងស្រប (parallel-twin) ជំនួសឱ្យទម្រង់ម៉ាស៊ីន V-twin ទទឹងដែលជាអត្តសញ្ញាណដ៏ល្បីល្បាញរបស់ម៉ាកយីហោនេះ។
ម៉ូឌែលថ្មីនេះ ដែលនឹងត្រូវបង្ហាញខ្លួនជាលើកដំបូងនៅក្នុងពិព័រណ៍ EICMA ក្នុងទីក្រុង Milan វាត្រូវបានរចនាឡើងដើម្បីទាក់ទាញអ្នកជិះជំនាន់ថ្មីៗ និងអ្នកដែលស្វែងរកម៉ូតូ Roadster ដែលមានទម្ងន់ស្រាល និងងាយស្រួលបញ្ជា។ វាមានទម្ងន់ 180 គីឡូក្រាម វាមានកម្ពស់កែប 790 មីលីម៉ែត្រ និងប្រើប្រាស់ម៉ាស៊ីនពីរស៊ីឡាំងស្របទំនើប ផលិតកម្លាំងបានជិត 48 សេះ (48hp) ដែលស្ថិតនៅក្នុងដែនកំណត់នៃប័ណ្ណបើកបរម៉ូតូថ្នាក់ A2។
ម៉ូឌែល The Trip គឺជាការផ្លាស់ប្តូរយ៉ាងច្បាស់ចេញពីរចនាសម្ព័ន្ធម៉ាស៊ីនដែលបានកំណត់អត្តសញ្ញាណរបស់ Moto Guzzi អស់រយៈពេលជាច្រើនទសវត្សរ៍។ ខណៈពេលដែលក្រុមហ៊ុននេះធ្លាប់បានធ្វើតេស្តសាកល្បងជាមួយនឹងទម្រង់ម៉ាស៊ីនខុសៗគ្នាក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ម៉ាស៊ីន V-twin ទទឹងបានក្លាយជាលក្ខណៈពិសេសមួយក្នុងចំណោមលក្ខណៈពិសេសដែលគេស្គាល់ច្រើនបំផុតនៃម៉ូតូរបស់ខ្លួន ដែលធ្វើឱ្យការផ្លាស់ប្តូរទៅប្រើប្រាស់ម៉ាស៊ីនពីរស៊ីឡាំងស្របក្លាយជាពេលវេលាដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនផលិតដែលមានមូលដ្ឋាននៅ Mandello del Lario មួយនេះ។
ម៉ាស៊ីន និងគ្រោងឆ្អឹងរបស់ Moto Guzzi The Trip 500
នៅបេះដូងនៃម៉ូឌែល The Trip គឺជាម៉ាស៊ីនពីរស៊ីឡាំងស្របដែលផលិតកម្លាំងបានជិត 48សេះ ដោយ Moto Guzzi បានរំលេចពីការបញ្ចេញថាមពលដ៏ងាយស្រួល និងភាពជាក់ស្តែងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ជាជាងសមត្ថភាពល្បឿនសុទ្ធសាធ។ ម៉ាស៊ីននេះត្រូវបានភ្ជាប់ជាមួយប្រព័ន្ធបញ្ជាហ្គាសអគ្គិសនី (ride-by-wire) និងទម្រង់បើកបរចំនួន 3 រួមមាន Road, Sport និង Rain ដែលអនុញ្ញាតឱ្យអ្នកជិះកែតម្រូវការឆ្លើយតបរបស់វាឱ្យត្រូវតាមលក្ខខណ្ឌផ្លូវខុសៗគ្នា។
ក្រុមហ៊ុនមិនទាន់បានផ្តល់នូវលក្ខណៈបច្ចេកទេសពេញលេញនៃម៉ាស៊ីននៅឡើយទេ រួមទាំងទំហំស៊ីឡាំងជាក់ស្តែង, កម្លាំងរមួល ឬរចនាសម្ព័ន្ធខាងក្នុង ដូច្នេះព័ត៌មានលម្អិតទាំងនោះនៅតែមិនទាន់បានបញ្ជាក់នៅឡើយ។
Moto Guzzi និយាយថាម៉ូតូនេះត្រូវបានរចនាឡើងដើម្បីឱ្យងាយស្រួលជិះនៅក្នុងបរិយាកាសទីក្រុង ខណៈពេលដែលវារក្សាបាននូវអត្តសញ្ញាណគ្រប់គ្រាន់សម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ។ ធុងសាំងដែកចំណុះ 15 លីត្រ, ទម្រង់ជិះបែបធម្មជាតិ និងកម្ពស់កែប 790 មីលីម៉ែត្រ ដោយមិនបាត់បង់នូវការរចនាម៉ូដដែលជាប់ទាក់ទងនឹងម៉ាកយីហោនេះឡើយ។
ការរចនាថ្មីសម្រាប់ជំនាន់ថ្មី
ម៉ូឌែល The Trip រចនាថ្មីសម្រាប់ Moto Guzzi ជាមួយនឹងស្ទីលបង្រួមសាមញ្ញ, ផ្ទៃខាងក្រៅស្អាតបាត និងម៉ាស៊ីនពីរស៊ីឡាំងពណ៌ខ្មៅលេចធ្លោ។ ផ្នែកខាងមុខមានបំពាក់ចង្កៀងមុខ LED ពេញលេញដែលបង្កប់នូវរូបសញ្ញាសត្វឥន្ទ្រីរបស់ម៉ាកយីហោ ខណៈដែលអេក្រង់ TFT រាងមូលទំហំ 3.6 អ៊ីញ ផ្តល់នូវផ្ទាំងបញ្ជាចម្បង និងការភ្ជាប់ទំនាក់ទំនងជាមួយទូរស័ព្ទដៃ។
កុងតាក់លើដៃចង្កូតមានភ្លើងបំភ្លឺពីខាងក្រោយ (backlit switchgear) ក៏ត្រូវបានបំពាក់ផងដែរ ខណៈដែលប្រព័ន្ធចង្អុលទិសដៅជាប់ម៉ូតូ (integrated navigation) និងប្រព័ន្ធចូលលេខលឿន (quickshifter) នឹងមានជាគ្រឿងបំពាក់បន្ថែម។ ម៉ូតូនីនឹងមាន 3 ជម្រើសពណ៌ស្តង់ដារគឺ Black Metropolis, Green Grove និង Red Beat អមដោយម៉ូឌែលស៊េរីពិសេស Opening ដើម្បីកត់សម្គាល់ពីការដាក់បង្ហាញខ្លួន។
Moto Guzzi និយាយថា The Trip មានបំណងបូកបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើប ជាមួយនឹងបទពិសោធន៍បើកបរដ៏សាមញ្ញ និងត្រង់ៗ ជាជាងការបន្ថែមគ្រឿងបំពាក់គ្រាន់តែដើម្បីតែការបំពាក់នោះឡើយ។
ទិសដៅថ្មីសម្រាប់ Moto Guzzi
ម៉ូឌែល The Trip តំណាងឱ្យការផ្លាស់ប្តូរទិសដៅសម្រាប់ក្រុមហ៊ុនផលិតដែលអត្តសញ្ញាណរបស់ខ្លួនត្រូវបានភ្ជាប់យ៉ាងជិតស្និទ្ធជាយូរមកហើយជាមួយនឹងម៉ាស៊ីន V-twin ទទឹង។ ម៉ូតូ Roadster ម៉ាស៊ីនពីរស៊ីឡាំងស្របថ្មីនេះ ក៏ផ្តល់ឱ្យ Moto Guzzi នូវម៉ូឌែលដែលតម្រង់ទិសដៅចំប្រភេទប័ណ្ណបើកបរ A2 បើកទ្វារស្វាគមន៍អតិថិជនដែលកាលពីមុនអាចនឹងយល់ឃើញថាវាជា ខ្សែស្រឡាយម៉ូតូដែលមានស្រាប់របស់ម៉ាកយីហោនេះពិបាកចូលទៅដល់។
តម្លៃពេញ, លក្ខណៈបច្ចេកទេសលម្អិតនៃម៉ាស៊ីន និងកាលបរិច្ឆេទដាក់លក់ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។ ម៉ូតូនីនឹងត្រូវ បានបើកបង្ហាញនៅក្នុងពិព័រណ៍ EICMA នាខែវិច្ឆិកា ដែលពេលនោះព័ត៌មានបន្ថែមត្រូវបានរំពឹងថានឹងដឹងពេលឆាប់ៗ។
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
