Admin, 14 April 2026
កាលពីចុងខែមករា ក្រុមហ៊ុន MV Agusta បានបង្ហាញរូបរាងម៉ូតូប្រភេទ Hyper Naked ម៉ូដែល Rush Titanio ថ្មីស្រឡាង ប៉ុន្តែព័ត៌មានលម្អិតសំខាន់ៗមួយចំនួនមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេនាពេលនោះ។
បច្ចុប្បន្ន ព័ត៌មានលម្អិតទាំងនោះត្រូវបានបង្ហាញហើយ រួមមានទាំងកម្លាំងសេះ កម្លាំងបង្វិលអតិបរមា និងប្រភេទប្រព័ន្ធបូមដែលម៉ូដែលផលិតក្នុងចំនួនកំណត់ (Limited-edition) មួយនេះនឹងប្រើប្រាស់។
កម្លាំងម៉ាស៊ីន និង Performent
ម៉ូដែលថ្មីនេះបំពាក់ដោយម៉ាស៊ីន 4 ស៊ីឡាំងជួរ ចំណុះ 1,000cc ដែលផលិតកម្លាំងបាន 198សេះ នៅកម្រិត 13,500 ជុំក្នុងមួយនាទី (សម្រាប់បំពង់ផ្សែងស្តង់ដារ)។ ប៉ុន្តែសម្រាប់អ្នកដែលជ្រើសរើសប្រព័ន្ធបំពង់ផ្សែង Arrow Titanium ប្រភេទ slip-on ដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវសម្រាប់ប្រើប្រាស់លើដងផ្លូវ កម្លាំងនឹងកើនឡើងដល់ 203 សេះ នៅកម្រិត 14,000 ជុំក្នុងមួយនាទី។
ម៉ាស៊ីនដែលអនុលោមតាមស្តង់ដារ Euro5+ នេះ ក៏ផលិតកម្លាំងបង្វិលអតិបរមា 115.92 N.m នៅកម្រិត 11,000 ជុំក្នុងមួយនាទីផងដែរ។ ការអាប់ដេតសំខាន់ៗលើម៉ាស៊ីនរួមមាន៖ ដើមរ៉ឺស័រ (Camshafts) ថ្មី, ការកំណត់ផែនទីម៉ាស៊ីនឡើងវិញ (Revised mapping), បង្កើនភាពរហ័សនៃដៃហ្គែរ, ការសម្រួលសមាមាត្រប្រអប់លេខឱ្យកាន់តែប្រសើរ និងការប្រើប្រាស់ស្ពឺបញ្ជូនចុងក្រោយតូចជាងមុន ដើម្បីផ្តល់នូវសន្ទុះស្ទុះខ្លាំង និងការឆ្លើយតបបានរហ័ស។
ប្រព័ន្ធបូម និងបច្ចេកវិទ្យាបញ្ជា
ចំណុចលេចធ្លោបន្ទាប់គឺប្រព័ន្ធបូម ដោយ Rush Titanio គឺជាម៉ូតូដំបូងគេដែលប្រើប្រាស់ប្រព័ន្ធបូមពាក់កណ្តាលស្វ័យប្រវត្តិចុងក្រោយបង្អស់ Ohlins Smart EC 3។ គ្រឿងបង្គុំថ្មីនេះទទួលបានបច្ចេកវិទ្យា Spool Valve ដ៏ទំនើបរបស់ Ohlins ដែលត្រូវបានគេនិយាយថា ផ្តល់ការឆ្លើយតបបានលឿនជាងប្រព័ន្ធមុនរហូតដល់ 7 ដង។
លើសពីនេះ វាក៏មានបំពាក់នូវកម្មវិធីបញ្ជា Event-Based Control ថ្មី ដែលវិភាគសក្ដានុពលនៃការជិះក្នុងពេលជាក់ស្តែង និងដំណើរការយ៉ាងរលូនជាមួយប្រព័ន្ធ ABS, Traction Control និងប្រព័ន្ធការពារការងើបកង់មុខ (Wheelie Control)។
ប្រព័ន្ធហ្វ្រាំង និងការរចនា
- ហ្វ្រាំង: គ្របដណ្តប់ដោយប្រេន Brembo ទាំងមុខនិងក្រោយ ដោយខាងមុខប្រើប្រាស់ថាសហ្វ្រាំងឌុប 320 មីលីម៉ែត្រ ជាមួយកាលីព័រ 4 ពីស្តុងប្រភេទ Stylema។ ចំណែកខាងក្រោយប្រើកាលីព័រ 2 ពីស្តុង ជាមួយថាសទោល 220 មីលីម៉ែត្រ។
- គ្រឿងបង្គុំទីតាញ៉ូម: MV Agusta បានប្រើប្រាស់លោហៈធាតុទីតាញ៉ូម (Titanium) យ៉ាងច្រើនសន្ធឹកសន្ធាប់លើផ្នែកផ្សេងៗនៃម៉ូតូ រួមមានវ៉ាល់ទីតាញ៉ូមចំនួន 16 គ្រាប់ និងដងពីស្តុង (Connecting rods) ទីតាញ៉ូមសិតចំនួន 4។ បំពង់ផ្សែង Arrow ថ្មីក៏ត្រូវបានផលិតពីទីតាញ៉ូម និងមានវាយឡូហ្គោ MV Agusta ផងដែរ។
ម៉ូតូស៊េរីថ្មីនេះនឹងមានតម្លៃលក់ 52,485 ដុល្លាអាមេរិក។ ផលិតកម្មត្រូវបានគ្រោងនឹងចាប់ផ្តើមនៅក្នុងខែកក្កដា ឆ្នាំនេះ៕
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
