Admin, 15 September 2026

       ប្រទេសចិន បានចេញផ្សាយផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ លើកទី 15 របស់ខ្លួន សម្រាប់ឧស្សាហកម្មយានយន្តថាមពលថ្មីភ្ជាប់ទំនាក់ទំនងឆ្លាតវៃ (Intelligent Connected NEV) ដោយបានរៀបចំផ្លូវបង្ហាញទិសដៅសម្រាប់ឆ្នាំ 2026-2030 ដែលផ្តល់អាទិភាពលើការទទួលយកប្រើប្រាស់ NEV ឱ្យកាន់តែទូលំទូលាយ, ប្រព័ន្ធបើកបរស្វ័យប្រវត្ត និងការត្រួតពិនិត្យសមត្ថភាពផលិតកម្មឱ្យកាន់តែរឹងមាំ។

នៅត្រឹមឆ្នាំ 2030 NEV ត្រូវ បានកំណត់គោលដៅដណ្តើមយកចំណែក 70% នៃទិន្នផលលក់រថយន្តអ្នកដំណើរថ្មីក្នុងស្រុក និង 40% នៃទិន្នផលលក់យានយន្តពាណិជ្ជកម្មថ្មី ដោយមានយានយន្តបំពាក់សមត្ថភាពបើកបរស្វ័យប្រវត្ត ត្រូវ បានដាក់ពង្រាយក្នុងទ្រង់ទ្រាយធំ។

ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន (MIIT) បានចេញផ្សាយផែនការនេះកាលពីថ្ងៃសុក្រ។ ឯកសារដែលចុះកាលបរិច្ឆេទថ្ងៃទី 9 ខែកញ្ញា ត្រូវ បានចេញផ្សាយរួមគ្នាដោយនាយកដ្ឋានរដ្ឋាភិបាលចំនួន 9 រួមមាន៖ ក្រសួង MIIT, គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ (NDRC) និងក្រសួងដឹកជញ្ជូន។

ផែនការនេះ មានគោលបំណងពង្រឹងបន្ថែមទៀតនូវឧត្តមភាពរបស់ប្រទេសចិន នៅទូទាំងខ្សែសង្វាក់ផ្គត់ផ្គង់យានយន្ត NEV ភ្ជាប់ទំនាក់ទំនងឆ្លាតវៃ និងបង្កើតប្រទេសនេះឱ្យស្ថិតនៅក្នុងចំណោមមហាអំណាចយានយន្តឈានមុខគេលើពិភពលោក នៅត្រឹមឆ្នាំ 2030

ឯកសារនេះ បានប្រែប្រួលសញ្ញាគោលនយោបាយកាលពីមុនៗ ឱ្យទៅជាគោលដៅជាក់ស្តែង។ មន្ត្រីក្រសួង MIIT បានថ្លែងកាលពីខែកក្កដាថា ពួកគេនឹងពន្លឿនការរៀបចំ និងការបញ្ចេញផែនការនេះ ដោយបានជួយជម្រុញឱ្យមានការកើនឡើងយ៉ាងទូលំទូលាយ នៃភាគហ៊ុនក្រុមហ៊ុនរថយន្តដែលចុះបញ្ជីនៅហុងកុងនាពេលនោះ។

ប្រព័ន្ធបើកបរស្វ័យប្រវត្ត គឺជាចំណុចផ្តោតសំខាន់។ ប្រទេសចិន មានគោលដៅសម្រេចឱ្យបាននូវការបើកបរស្វ័យប្រវត្តកម្រិតខ្ពស់ នៅលើផ្លូវហាយវេ, ផ្លូវល្បឿនលឿនក្នុងក្រុង និងផ្លូវក្នុងក្រុងមួយចំនួន នៅត្រឹមឆ្នាំ 2030

ផែនការនេះ ក៏ទាមទារឱ្យយានយន្តដែលបំពាក់ប្រព័ន្ធបើកបរស្វ័យប្រវត្ត មានសុវត្ថិភាពលើសពីអ្នកបើកបរជាមនុស្សយ៉ាងខ្លាំង ជាមួយនឹងយន្តការដើម្បីវាយតម្លៃភាពពេញវ័យ និងសុវត្ថិភាពនៃបច្ចេកវិទ្យានេះ។

ដើម្បីជម្រុញការធ្វើពាណិជ្ជកម្ម ប្រទេសចិន នឹងធ្វើការបង្ហាញគំរូដែលពាក់ព័ន្ធនឹងរថយន្តអ្នកដំណើរស្វ័យប្រវត្ត, រថយន្តក្រុង, ដឹកជញ្ជូនភស្តុភារចម្ងាយឆ្ងាយ និងការដឹកជញ្ជូនក្នុងក្រុង ខណៈពេលដែលអនុវត្តវិធីសាស្ត្រប្រកបដោយរៀបរយ ចំពោះការអនុម័តយានយន្ត និងការអនុញ្ញាតប្រើប្រាស់ផ្លូវថ្នល់។

ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ក៏នឹងត្រូវ បានពង្រីកផងដែរ។ ផែនការនេះ ទាមទារឱ្យមានការធ្វើអាប់ហ្គ្រេដឌីជីថល និងការភ្ជាប់ទំនាក់ទំនងឱ្យកាន់តែឆាប់រហ័ស នៅក្នុងទីក្រុងលំដាប់ទីមួយ និងទីពីរខ្នាតធំសំខាន់ៗ និងនៅលើផ្លូវហាយវេជាតិជ្រើសរើសមួយចំនួន ដើម្បីគាំទ្រដល់ការរួមបញ្ចូលគ្នារវាង យានយន្ត-ផ្លូវថ្នល់-ប្រព័ន្ធក្លោដ (vehicle-road-cloud integration)

អមជាមួយការទទួលយកប្រើប្រាស់យ៉ាងទូលំទូលាយ ផែនការនេះបានទាមទារយ៉ាងច្បាស់លាស់ ឱ្យមានការតាមដាន និងការគ្របគ្រងសមត្ថភាពផលិតកម្មឱ្យកាន់តែរឹងមាំ, លក្ខខណ្ឌតឹងរ៉ឹងសម្រាប់គម្រោងបង្កើតក្រុមហ៊ុនផលិត NEV ឯករាជ្យថ្មីៗ និងការគ្រប់គ្រងសមត្ថភាពផលិតកម្មអាគុយឱ្យកាន់តែតឹងរ៉ឹង។

ប្រទេសចិន នឹងបង្កើនការរួមបញ្ចូលគ្នា, ការកែសម្រួលរចនាសម្ព័ន្ធ និងការបូកបញ្ចូលឆ្លងតំបន់ ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្ត ដោយប្រើប្រាស់យន្តការទីផ្សារ និងផ្លូវច្បាប់ ដើម្បីផាត់ចេញនូវសមត្ថភាពផលិតកម្មដែលហួសសម័យ និងគ្មានប្រសិទ្ធភាព ក៏ដូចជាកែលម្អការប្រើប្រាស់សរុប។

ការត្រួតពិនិត្យការប្រកួតប្រជែងទីផ្សារ គឺជាអាទិភាពមួយផ្សេងទៀត។ ផែនការនេះ ទាមទារឱ្យមានការអនុវត្តច្បាប់ប្រឆាំងការផ្តាច់មុខ, ការប្រកួតប្រជែងមិនស្មោះត្រង់ និងការកំណត់តម្លៃឱ្យកាន់តែរឹងមាំ ក៏ដូចជាការទប់ស្កាត់ការខិតខំប្រឹងប្រែងក្នុងស្រុកមិនសមរម្យ ក្នុងការទាក់ទាញការវិនិយោគ តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភគ្មានការអនុញ្ញាត, ការលើកលែងពន្ធ និងគោលនយោបាយដីធ្លីអនុគ្រោះ។

ឯកសារនេះ ក៏ទាមទារឱ្យមានការត្រួតពិនិត្យកាន់តែល្អប្រសើរ លើការលាតត្រដាងទិន្នន័យឧស្សាហកម្ម និងការទូទាត់ប្រាក់របស់ក្រុមហ៊ុន, សកម្មភាពប្រឆាំងនឹងការជ្រៀតជ្រែកទីផ្សារមិនសមរម្យ និងការអភិវឌ្ឍទីផ្សារជាតិរួមតែមួយឱ្យកាន់តែឆាប់រហ័ស។

លើផ្នែកបច្ចេកវិទ្យា ផែនការនេះបានកំណត់អត្តសញ្ញាណបន្ទះឈីបយានយន្ត, ប្រព័ន្ធប្រតិបត្តិការ, ប្រព័ន្ធផ្នែកទន់ឧស្សាហកម្ម និងសម្ភារៈមូលដ្ឋានសំខាន់ៗ ថាជាវិស័យដែលត្រូវតែលុបបំបាត់គម្លាតខ្វះខាត។ វា ក៏ស្វែងរកការកែលម្អបន្ថែមទៀត លើសុវត្ថិភាពអាគុយ, អត្រាល្បឿនសាកភ្លើង និងសមត្ថភាពដំណើរការក្នុងសីតុណ្ហភាពទាប។

ប្រទេសចិន ក៏នឹងអនុវត្តគំនិតផ្តួចផ្តើម «AI+Automotive» (បញ្ញាសិប្បនិម្មិត + យានយន្ត) ដោយជម្រុញកម្មវិធីប្រើប្រាស់ AI ក្នុងការគ្រប់គ្រងថាមពលយានយន្ត, ការបញ្ជាចលនា, អន្តរកម្មរវាងមនុស្ស និងម៉ាស៊ីន និងការវិភាគទស្សន៍ទាយការខូចខាត ខណៈពេលដែលភ្ជាប់ទំនាក់ទំនងយានយន្ត ជាមួយរ៉ូបូតឆ្លាតវៃ និងផ្ទះឆ្លាតវៃ (smart homes)

នៅត្រឹមឆ្នាំ 2030 កម្រិតប្រើប្រាស់អគ្គិសនីមធ្យម សម្រាប់រថយន្តអ្នកដំណើរអគ្គិសនីសុទ្ធ ត្រូវបានកំណត់គោលដៅនៅប្រហែល 11.5 kWh ក្នុង 100 គីឡូម៉ែត្រ ខណៈដែលកម្រិតស៊ីប្រេងមធ្យម សម្រាប់រថយន្តអ្នកដំណើរ ត្រូវបានកំណត់គោលដៅនៅ 3.3 លីត្រ ក្នុង 100 គីឡូម៉ែត្រ។

ផែនការនេះ ក៏កំណត់គោលដៅបង្កើនផលិតភាពពលកម្ម 15% ពីឆ្នាំ 2025 និងមានគោលបំណងបង្កើតក្រុមហ៊ុនផលិតរថយន្តជាច្រើន ឱ្យឈរជើងក្នុងចំណោមក្រុមហ៊ុនលក់ដាច់បំផុតទាំង 10 លើពិភពលោក រួមជាមួយក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ ស្ថិតក្នុងចំណោមក្រុមហ៊ុនទាំង 100 លំដាប់កំពូលលើលោក។

សម្រាប់ការសាកភ្លើង និងការផ្លាស់ប្តូរអាគុយ ប្រទេសចិន នឹងកែលម្អហេដ្ឋារចនាសម្ព័ន្ធ, រៀបចំផែនការដាក់ពង្រាយទីតាំងសាកភ្លើងថាមពលខ្ពស់, ពង្រឹងបណ្តាញសាកភ្លើងនៅតាមជនបទ និងពង្រីកទំហំអន្តរកម្មរវាងយានយន្ត និងបណ្តាញអគ្គិសនី (vehicle-grid interaction)

រថយន្តដឹកទំនិញធុនធ្ងន់ថាមពលថ្មី (NEV heavy-duty trucks) នឹងជាអាទិភាពមួយផ្សេងទៀត។ ផែនការនេះ ទាមទារឱ្យមានច្រករបៀងដឹកជញ្ជូនទំនិញតាមផ្លូវគោកកម្រិតកាបូនសូន្យឆ្លងតំបន់ សម្រាប់យានយន្តទាំងនេះ និងការបង្ហាញគំរូនៃរថយន្តដឹកទំនិញធុនធ្ងន់ស្វ័យប្រវត្ត។

សម្រាប់ការពង្រីកខ្លួនទៅក្រៅប្រទេស ផែនការនេះ គាំទ្រដល់ការអភិវឌ្ឍអាជីវកម្មអន្តរជាតិ តាមរយៈពាណិជ្ជកម្ម, ការវិនិយោគ និងភាពជាដៃគូបច្ចេកវិទ្យា។ វា លើកទឹកចិត្តឱ្យមានការចែករំលែកឃ្លាំងស្តុកគ្រឿងបន្លាស់សំខាន់ៗនៅក្រៅប្រទេស រវាងម៉ាកយីហោផ្សេងៗគ្នា និងកិច្ចសហប្រតិបត្តិការសាកល្បង លើលំហូរទិន្នន័យឆ្លងដែន។

ឯកសារនេះ ក៏លើកទឹកចិត្តឱ្យក្រុមហ៊ុនចិន និងបរទេស ជម្រុញកិច្ចសហប្រតិបត្តិការស៊ីជម្រៅ លើការស្រាវជ្រាវ និងការវិនិយោគលើយានយន្ត និងគ្រឿងបង្គំសំខាន់ៗ ខណៈពេលដែលតម្រូវឱ្យមានការប្រព្រឹត្តស្មើភាពគ្នា រវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស ក្នុងការរៀបចំការទិញរបស់រដ្ឋាភិបាល (government procurement) និងសកម្មភាពផ្សេងៗទៀត។

ដើម្បីអនុវត្តផែនការនេះ ប្រទេសចិន នឹងរក្សាទុកនូវកញ្ចប់លើកទឹកចិត្តពន្ធ NEV, គាំទ្រការផ្លាស់ប្តូររថយន្តចាស់យកថ្មី (trade-ins), ជម្រុញការទទួលយក NEV នៅក្នុងតំបន់ជនបទ និងគាំទ្រការផ្លាស់ប្តូររថយន្តក្រុងតាមទីក្រុង និងអាគុយរបស់ពួកវា។ វា ក៏នឹងធ្វើកំណែទម្រង់ស៊ីជម្រៅ លើការធានារ៉ាប់រង NEV ផងដែរ។

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)