Admin, 22 November 2025

​​ ​          នៅ​​សហរដ្ឋអាមេរិក រថយន្ត​ភីកអាប់​ទំហំ​មធ្យម​ដូចជា Ford Ranger និង Toyota Hilux បានគ្រប់គ្រង​ទីផ្សារ​រថយន្ត​ភីកអាប់។ នៅ​អឺរ៉ុប និង​អូស្ត្រាលី រថយន្តភីកអាប់វាមានទំហំ​តូចជាង ​ពួកវា​ស័ក្តិសម​ជាង​សម្រាប់​ផ្លូវ​តូច​ចង្អៀត និង​នៅទីក្រុង​ដែល​មាន​មនុស្ស​កកកុញ។ លើស​ពី​នេះ យានយន្ត​ទាំងនេះនៅតែ​មាន​សមត្ថភាព​ផ្ទុក​ឬដឹកទំនិញ និង​អូសសណ្តោង​បាន​ច្រើន​ដើម្បី​បំពេញ​ការងារ។


ឥឡូវ​នេះ ក្រុមហ៊ុន Nissan កំពុង​ដាក់​លក់​រថយន្ត​ភីកអាប់​ទំហំ​មធ្យម Navara ជំនាន់​ចុងក្រោយ​របស់​ខ្លួន​នៅ​ទីផ្សារអូស្ត្រាលី។រថយន្តមួយ​នេះ​មាន​ប្រវត្តិ​យូរអង្វែង​នៅ​ទីនោះ តាំងពី​ទសវត្សរ៍ឆ្នាំ1980 ជាមួយ ​Local version ​នៃ​រថយន្ត​ភីកអាប់ D21-series និងដែល​គេ​ស្គាល់​ថា Hardbody នៅ​សហរដ្ឋអាមេរិក។ នៅពេល​ដែល​ម៉ូដែល​ថ្មី​នេះ​ដាក់​លក់​នៅទីផ្សារ​អូស្ត្រាលី​ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំ 2026 វា​ត្រូវនឹងខួប 40 ឆ្នាំ​នៃ​ម៉ូដែលនេះ​ក្នុង​ប្រទេស​មួយនេះ។

រថយន្ត Navara មាន​តែ​ជាមួយសេរី​ម៉ាស៊ីន​ម៉ាស៊ូត​ទួរប៊ីន 2.4លីត្រ បួន​ស៊ីឡាំង (2.4liter four- cylinder turbodiesel) ដែល​ផលិត​កម្លាំងបាន 201 សេះ និង​កម្លាំង​បង្វិល 470Nm ។ វា​ភ្ជាប់​ទៅ​នឹង​ប្រអប់លេខ​អូតូ ៦ វគ្គល្បឿន។ Nissan និយាយ​ថា​រថយន្ត​នេះ​មាន​ប្រព័ន្ធ "Easy 4WD" ដែល​ប្តូរ​ដោយ​ស្វ័យប្រវត្តិ​រវាង​ការ​បើកបរ​កង់​ក្រោយ (RWD) និង​កង់​បួន (4WD) អាស្រ័យ​លើ​លក្ខខណ្ឌ។ ឌីផេរ៉ង់ស្យែល​ក្រោយ​ចាក់សោ​អេឡិចត្រូនិច​ក៏​ជា​ស្តង់ដារ​ផង​ដែរ។ ម៉ូដែល ST-X និង Pro4-X ទទួល​បាន​ប្រព័ន្ធ "Super 4WD" ដែល​មាន​ប្រព័ន្ធ​បើកបរ​កង់​បួន​ជួរ​ខ្ពស់​ពេញ​ (full-time high-range four-wheel drive) និង​ឌីផេរ៉ង់ស្យែល Torsen limited-slip។ រថយន្ត​ភីកអាប់​ឥឡូវ​នេះ​មាន​ចង្កូត​អគ្គិសនី (electric power steering) ជំនួស​ឲ្យ​ការ​រៀបចំ​ hydraulically assisted setup បែប​បុរាណ។ គ្រប់​ម៉ូដែល​ទាំងអស់​នៃ​រថយន្ត​ថ្មី​នេះ​ផ្តល់​សមត្ថភាព​បន្ទុកសណ្តោង 3,499kg ដែល​ដូចគ្នា​ទៅ​នឹង​ម៉ូដែល​បច្ចុប្បន្នដែរ។


Navara ថ្មី​នេះ​ប្រើ​Renault-Nissan-Mitsubishi Alliance ដែល​ចែករំលែក​ជាមួយ Mitsubishi Triton​ L200 រថយន្ត​ភីកអាប់​នេះ​ទទួល​បាន​ការ​ជឿ​ជាក់​សម្រាប់​ទីផ្សារ​អូស្ត្រាលី។ ក្រុមហ៊ុន​វិស្វកម្ម Premcar បាន​អភិវឌ្ឍ​ប្រព័ន្ធ​ជើងក្រោម​ឲ្យ​សម​នឹង​លក្ខខណ្ឌ​ក្នុង​ស្រុក។ ការងារ​នេះ​រួមបញ្ចូល​ការ​អភិវឌ្ឍ​លើ​ផ្លូវ​ប្រហែល 18,024km។ លោក Andrew Humberstone នាយក​គ្រប់គ្រង​ក្រុមហ៊ុន Nissan Oceania និយាយ​ថា​កម្មវិធី​អភិវឌ្ឍន៍​ប្រព័ន្ធ​ជើងក្រោម"តំណាង​ឲ្យ​គម្រោង​វិស្វកម្ម​ដ៏​ទូលំទូលាយ​បំផុត​មួយ​ដែល​បាន​អនុវត្ត​ដោយ Nissan នៅ​ទីនេះ​ក្នុង​ប្រទេស​អូស្ត្រាលី"។

រថយន្ត Navara ថ្មីនេះ​​មើល​ទៅមិន​ខុសគ្នា​ខ្លាំង​ពី​ម៉ូដែល​មុនៗ​ទេ។ វា​មាន​របាំង​មុខ(បន្ទះប៉ាណា)​ដែល​បាន​រចនា​ឡើងវិញ​ជាមួយ​នឹង​រន្ធ​ចូល​រាង​ចតុកោណ​តូច​ចង្អៀត ស្រដៀង​ទៅ​នឹង​រថយន្ត​ភីកអាប់ Hardbody ទសវត្សរ៍ 1980។ ឥឡូវ​នេះ​មាន​ភ្លើង​មុខ​ចែកជាផ្នែក រវាង Head light ​ជាមួយ​នឹង narrow running light ​នៅ​ក្រោម​គម្រប​មុខ ជាមួយ​នឹង main units​ នៅ​ខាងក្រោម​ពួកវា។ ផ្នែក​ការពារ​កង់ (fender flares) រាង​បួនជ្រុង​ផ្តល់​ឲ្យ​រថយន្ត​មាន​រូបរាង​រឹងមាំ។ ម៉ូដែល Pro-4X សេរី​ខ្ពស់​ ​ទទួល​បាន​ការ​តុបតែង​ជាពិសេស រួម​មាន Lava Red accents, របារ​ស្ព័រ​ពណ៌​ខ្មៅ​រវាង​កាប៊ីន និង​ឃ្លុបផ្ទុក​ទំនិញ, កង់ទំហំ 17 អ៊ីញ, សំបក​កង់​គ្រប់​ស្ថានភាព​ផ្លូវ, និងទំពក់សំរាប់​អូសសណ្តោង។




ក្រុមហ៊ុន Nissan ធ្លាប់​ផ្តល់​ជម្រើសសេរី Navara ជាច្រើន​ប្រភេទ ទោះជាយ៉ាងណា ក្រុមហ៊ុន​បាន​រក​ឃើញ​ថា 90% នៃ​អតិថិជន​បាន​ទិញ​ជំនាន់​មុន​ជាមួយ​នឹង​តួ double-cab និង​ប្រអប់លេខ​អូតូ។ ដូចនេះក្រុមហ៊ុន​បាន​សម្រេច​ចិត្តកំណត់បំពាក់ការរចនាទាំង​នេះ​សម្រាប់​ម៉ូដែល​ថ្មីមួយនេះ។

នៅ​ផ្នែកខាងក្នុង Navara ថ្មីមួយនេះ​មាន​អេក្រង់តាប្លូទំហំ 7.0 អ៊ីញ (​ផ្ទាំងកុងទ័រ) និងអេក្រង់ ​ព័ត៌មាន​កម្សាន្តទំហំ 9.0 អ៊ីញ ដែល​មានបំពាក់ជាមួយ Android Auto និង Apple CarPlay។ ម៉ូដែល ST-X និង Pro-4X ក៏​ទទួល​បាន​បន្ទះ​សាក​ថ្ម​ទូរស័ព្ទ​ផង​ដែរ។ បច្ចេកវិទ្យា​សុវត្ថិភាព​រួម​មាន ប្រព័ន្ធជំនួយ​គន្លង​សង្គ្រោះបន្ទាន់ (emergency lane assist), ប្រព័ន្ធកំណត់ការ​សម្គាល់​សញ្ញា​ចរាចរណ៍, ប្រព័ន្ធការ​ព្រមាន​ចាកចេញ​ពី​គន្លង, blind spot warning, ការ​ជូនដំណឹង​ចរាចរណ៍​ឆ្លងកាត់​ខាងមុខ និង​ខាងក្រោយ, និង​high beam assist។ Nissan ក៏​នឹង​ផ្តល់​គ្រឿងបន្លាស់​ឬ​គ្រឿងតុបតែងរថយន្ត​យ៉ាង​ទូលំទូលាយ​សម្រាប់​អតិថិជន​ដែល​ចង់​កែច្នៃរ​តាម​បំណង Navara ម៉ូដែលថ្មី​របស់​ពួកគេ។ ពួកវា​រួម​មាន​គ្រឿងបំពាក់លេង​ដើម្បី​ការពារ​តួ​រថយន្ត​ពេល​បើកបរ​Off-road, ប្រអប់បន្ទះការពារនិង​គ្រប់គ្រង​ទំនិញ​សម្រាប់​ឃ្លុប​ផ្ទុក​ទំនិញ, និង​គ្រឿងបន្លាស់​ផ្សេងទៀត​ជាច្រើន។

ក្រុមហ៊ុន Nissan មិនទាន់​ប្រកាស​ព័ត៌មាន​លម្អិត​អំពី​តម្លៃ​ពេញលេញ ឬ​លក្ខណៈ​ពិសេស​តាម​ម៉ូដែល​សម្រាប់​រថយន្ត​នេះ​នៅឡើយ​ទេ។ ក្រុមហ៊ុន​គ្រោង​នឹង​ចេញ​ផ្សាយ​ព័ត៌មាន​នេះ​នៅ​ពេល​ដែល​រថយន្ត​ជិត​ដាក់​លក់​ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំ 2026ខាងមុខនេះ៕​​

ប្រភព៖ United State News.

ប្រែសំរួល៖ Chea SokNang (AC Auto)