Admin, 15 April 2026
ក្រុមហ៊ុន Nissan បានដាក់សម្ពោធរថយន្ត SUV ម៉ូដែល NX8 របស់ខ្លួនជាផ្លូវការនៅក្នុងប្រទេសចិន ដោយក្នុងនោះក្រុមហ៊ុនបានប្រកាសថា ទទួលបានការបញ្ជាទិញរហូតដល់ 8,423 គ្រឿង ក្នុងរយៈពេលត្រឹមតែ 30 នាទីដំបូងនៃការលក់។ ម៉ូដែលនេះត្រូវបានដាក់លក់ក្នុងជម្រើសពីរគឺ ប្រភេទអគ្គិសនីសុទ្ធ (BEV) និងប្រភេទប្រើម៉ាស៊ីនសាំងជំនួយ (Range-extended) ជាមួយតម្លៃពិសេសចាប់ផ្តើមពី 20,700 ដុល្លារអាមេរិក ។
ការពង្រឹងវត្តមានក្នុងទីផ្សាររថយន្តថាមពលថ្មី (NEV)
NX8 គឺជាការជំរុញចុងក្រោយបង្អស់របស់ Nissan ចូលទៅក្នុងទីផ្សារ SUV ថាមពលថ្មីដ៏ប្រកួតប្រជែងរបស់ចិន។ វាត្រូវបានបង្កើតឡើងនៅលើស្ថាបត្យកម្ម Tianyan Architecture 2.0 និងប្រើប្រាស់ platform 800V silicon carbide សម្រាប់ជម្រើសទាំងពីរ ដែលអនុញ្ញាតឱ្យមានការសាកថ្មបានលឿនបំផុត និងបង្កើនប្រសិទ្ធភាពថាមពល។
យុទ្ធសាស្ត្រថាមពលទ្វេ (Dual Power Strategy)
Nissan ផ្តល់ជូន NX8 នូវជម្រើសថាមពលអគ្គិសនីពីរប្រភេទខុសគ្នា៖
- ប្រភេទអគ្គិសនីសុទ្ធ (BEV): ប្រើម៉ូទ័រទោលដែលមានកម្លាំង 215 គីឡូវ៉ាត់ ឬ 250គីឡូវ៉ាត់ ជាមួយអាគុយទំហំរហូតដល់ 81 គីឡូវ៉ាត់ម៉ោង (kWh)។ វាអាចរត់បានចម្ងាយ 650 គីឡូម៉ែត្រ (CLTC)។ ចំណុចលេចធ្លោគឺការសាកថ្មលឿន ដែលអាចសាកពី 10% ទៅ 80% ក្នុងរយៈពេលតែ 12 នាទី ប៉ុណ្ណោះ។
- ប្រភេទប្រើម៉ាស៊ីនសាំងជំនួយ (EREV): ប្រើម៉ាស៊ីន 1.5T ផ្គួបជាមួយម៉ូទ័រអគ្គិសនីកម្លាំង 250 គីឡូវ៉ាត់។ វាអាចបើកបរដោយអគ្គិសនីសុទ្ធបាន 310 គីឡូម៉ែត្រ និងមានចម្ងាយបើកបររួមគ្នាសរុបរហូតដល់ 1,450 គីឡូម៉ែត្រ។ កម្រិតស៊ីសាំងនៅពេលអស់ថ្មគឺត្រឹមតែ 4.51 លីត្រ/100 គីឡូម៉ែត្រ។
បច្ចេកវិទ្យាបើកបរឆ្លាតវៃ
NX8 រួមបញ្ចូលសេនស័រចាប់សញ្ញាកម្រិតខ្ពស់ចំនួន 29 គ្រាប់ រួមទាំង LiDAR ផងដែរ ដែលគាំទ្រមុខងារជំនួយការបើកបរទំនើបៗដូចជា ការបើកបរស្វ័យប្រវត្តិលើផ្លូវហាយវ៉េ និងក្នុងក្រុង (NOA) ព្រមទាំងប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិ។ ប្រព័ន្ធនេះដំណើរការដោយបច្ចេកវិទ្យារបស់ក្រុមហ៊ុន Momenta។
បច្ចេកវិទ្យាក្នុងកាប៊ីន
ផ្នែកខាងក្នុងនៃ NX8 បំពាក់នូវបច្ចេកវិទ្យាទំនើបៗរួមមាន៖
- អេក្រង់ភ្លោះទំហំ 15.6 អ៊ីញ និងអេក្រង់កុងទ័រ 10.25 អ៊ីញ។
- អេក្រង់បញ្ចាំងលើកញ្ចក់មុខ (AR HUD) ទំហំធំដល់ទៅ 63 អ៊ីញ។
- ដំណើរការដោយបន្ទះឈីប Qualcomm 8295P និងប្រព័ន្ធប្រតិបត្តិការ Nissan OS 2.0។
- ប្រព័ន្ធសំឡេងមានឧបករណ៍បំពងសរុប 25 គ្រាប់ (កម្លាំង 2000 វ៉ាត់)។
- មានធុងទឹកកក/កម្តៅចំណុះ 6.33 លីត្រ និងប្រព័ន្ធបញ្ជាដោយសំឡេង AI សម្រាប់តំបន់ទាំង 4 ក្នុងឡាន។
គោលដៅទីផ្សារ
ជាមួយប្រវែងចន្លោះកង់មុខក្រោយ (wheelbase) 2,917mm NX8 ស្ថិតនៅចន្លោះផ្នែក SUV ខ្នាតកណ្តាល និងខ្នាតធំ។ តម្លៃរបស់វាធ្វើឱ្យវាក្លាយជាគូប្រជែងផ្ទាល់ជាមួយម៉ូដែលល្បីៗដូចជា Li Auto L6, Aito M6 និងរថយន្ត SUV ស្រឡាយ G របស់ Xpeng៕
ប្រភព៖ China
ប្រែសំរួល៖ Chea SokNang (AC Auto)
