Admin, 08 February 2026

           ការចង់ឱ្យលេចធ្លោនៅក្នុងទីផ្សាររថយន្ត SUV កៅអី 3 ជួរដ៏ណែនណាប់នាពេលបច្ចុប្បន្ន មិនមែនជារឿងងាយស្រួលនោះទេ។ ហើយតាមការពិតទៅ Nissan Pathfinder ហាក់មិន ទាន់អាចធ្វើឱ្យខ្លួនឯងមានភាពពិសេសខ្លាំង បើធៀបនឹងគូប្រជែងមកពី Hyundai, Kia និង Mazda ឡើយ។ ទោះជាយ៉ាងណាក៏ដោយ វាបានក្លាយជាជម្រើសដ៏រឹងមាំមួយ នៅក្នុងកម្រិត មធ្យម ចាប់តាំងពីការរចនាឡើងវិញក្នុងឆ្នាំ 2022 ហើយក៏សម្រេចបាននូវតួលេខលក់យ៉ាង ល្អផងដែរ ដោយរំពឹងថានឹងលក់បានជិត 100,000គ្រឿងនៅក្នុងសហរដ្ឋអាមេរិកក្នុងឆ្នាំ 2025។ Nissan ក៏បានលើកឡើងថាវាជាម៉ូដែលដែលផ្ដល់ប្រាក់ចំណេញខ្ពស់ ហើយសម្រាប់ ឆ្នាំ 2026 នេះ Pathfinder ទទួលបានការកែលម្អតិចតួចទៅលើបច្ចេកវិទ្យា និងការរចនា រូបរាង ឱ្យកាន់តែថ្មី ប៉ុន្តែមិនមានការផ្លាស់ប្តូរផ្នែកមេកានិចឡើយ។


រូបរាង និងមុខងារថ្មីៗ

Pathfinder ដែលត្រូវបានកែលម្អថ្មីមើលទៅពិតជាស្រស់ស្អាត ជាមួយនឹងការរចនា ផ្នែកខាង មុខឱ្យកាន់តែមុតស្រួច ដែលជួយបញ្ជាក់ពីភាពរឹងមាំ និងរាងប្រអប់ដ៏សង្ហារបស់វា។ ថាសកង់រចនាថ្មី និងជម្រើសពណ៌ថ្មីហៅថា Baltic Teal កាន់តែបង្កើនភាពទាក់ទាញ ហើយផ្នែកខាងក្នុងក៏ទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់សម្ភារៈដែលខុសប្លែកពីមុនបន្តិចដែរ។ ទោះបីជាវាមិនសូវប្រណីតដូចរថយន្ត Hyundai Palisade ឬ Mazda CX-90 ជំនាន់ក្រោយបង្អស់ក៏ដោយ ប៉ុន្តែម៉ូដែលកំពូល Pathfinder Platinum មានស្បែកពូកល្អជាង អ្វីដែលអ្នកនឹងរកឃើញនៅក្នុងម៉ូដែលខ្ពស់បំផុតរបស់ Honda Pilot ឬ Toyota Grand Highlander ទៅទៀត។

អេក្រង់កម្សាន្តបានពង្រីកទំហំរហូតដល់ 12.3 អ៊ីញ។ វាមានភាពងាយស្រួលក្នុងការបញ្ជា ប៉ុន្តែប៊ូតុងមួយចំនួននៅតែមានទំហំតូចបន្តិច បើធៀបនឹងទំហំអេក្រង់ដ៏ធំបែបនេះ។ វាក៏មានផ្ដល់ជូននូវកន្លែងសាកថ្មទូរស័ព្ទឥតខ្សែដែលរចនាឡើងវិញ ដើម្បីការពារ ទូរស័ព្ទរបស់អ្នកកុំឱ្យឡើងកម្ដៅខ្លាំងពេលកំពុងសាក ហើយវាក៏សាកបានលឿនជាងមុន គួរឱ្យកត់សម្គាល់ផងដែរ។



បទពិសោធន៍នៃការបើកបរ

បច្ចុប្បន្ននេះ ម៉ូដែលសម្រាប់ Off-road គឺជាតម្រូវការចាំបាច់ ហើយម៉ូដែល Rock Creek របស់ Pathfinder នៅតែបន្តមានវត្តមាន ជាមួយប្រព័ន្ធប៉ុងពីរ (AWD) ជាស្តង់ដារ, សំបកកង់សម្រាប់ គ្រប់ស្ថានភាពផ្លូវ, រូបរាងបែប Off-road និងមានកម្លាំងបន្ថែមបន្តិច (បន្ថែម 11 សេះ និងកម្លាំង រមួលបន្ថែមបន្តិច)។ យើងបានសាកល្បងបើកបរម៉ូដែល Rock Creek ឆ្នាំ 2026 ប្រៀបធៀប ជាមួយម៉ូដែល Platinum ហើយបានកត់សម្គាល់ឃើញថា Rock Creek មាន សំឡេងរំខាន ពីសំបកកង់ខ្លាំងជាង និងចង្កូតហាក់មិនសូវច្បាស់លាស់បន្តិច។ ប៉ុន្តែឥឡូវនេះ អ្នកអាច ជ្រើសរើសម៉ូដែល Rock Creek ជាមួយគ្រឿងបរិក្ខារកាន់តែច្រើន តាមរយៈកញ្ចប់ Premium ដែលបន្ថែមនូវដំបូលកញ្ចក់ប៉ាណូរ៉ាម៉ា, ចង្កូតមានមុខងារកម្ដៅ និងគ្រឿងបង្កើនផាសុកភាព ផ្សេងៗទៀត។


ម៉ាស៊ីនតែមួយគត់របស់ Pathfinder គឺប្រភេទ V-6 ចំណុះ 3.5 លីត្រ កម្លាំង 284 សេះ (295សេះ សម្រាប់ Rock Creek) ប្រើប្រអប់លេខអូតូ 9 វគ្គល្បឿន ចាប់ផ្ដើមមើល​ទៅហាក់​ដូចជាហួសសម័យបន្តិច បើធៀបនឹងម៉ាស៊ីន Turbo 4 ស៊ីឡាំង និងប្រព័ន្ធ Hybrid ដែលមាន នៅក្នុងគូប្រជែងដទៃទៀត។ ម៉ាស៊ីននេះនៅតែអាចបំពេញការងារបានល្អ និងមានសំឡេង ពិរោះគួរសមពេលអ្នកជាន់បន្ថែមល្បឿន ប៉ុន្តែគូប្រជែងជាច្រើនផ្ដល់នូវកម្លាំងខ្លាំងជាង និងការសន្សំសំចៃប្រេងល្អជាង។

ទោះបីជា Pathfinder មិនមែនជារថយន្តដែលមានលំហធំបំផុត, សន្សំសំចៃប្រេងបំផុត, បើកបរ Off-road ខ្លាំងបំផុត ឬផ្ដល់នូវអារម្មណ៍បើកបរជក់ចិត្តបំផុតក៏ដោយ ប៉ុន្តែវាគឺជា រថយន្ត SUV ខ្នាតមធ្យមដែលមានតម្លៃសមរម្យបំផុតមួយ ដែលអ្នកអាចទិញបានជាមួយកៅអី 3 ជួរ។ វាមានតម្លៃចាប់ផ្ដើមត្រឹមតែក្រោម $39,000 ប៉ុណ្ណោះ ដែលជារឿងគួរឱ្យកត់សម្គាល់ នាពេលបច្ចុប្បន្ននេះ ហើយសូម្បីតែម៉ូដែលខ្ពស់បំផុត Platinum AWD ក៏មានតម្លៃចាប់ ផ្ដើមត្រឹមតែ $52,895 ដែរ។ តម្លៃនេះគឺធូរថ្លៃជាងគូប្រជែងជិតស្និទ្ធរបស់វាជារាប់ពាន់ដុល្លារ៕



ប្រភព៖ United State News.

ប្រែសំរួល៖ Chea SokNang (AC Auto)