Admin, 28 January 2026

            ក្រុមហ៊ុន Porsche នឹងបិទភ្នាក់ងារចែកចាយ (Dealers) របស់ខ្លួនចំនួន 30% នៅក្នុង ប្រទេសចិន ដើម្បីសន្សំសំចៃថវិកាសម្រាប់វិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D)។ នេះបើតាមការលើកឡើងរបស់លោក Pan Liqi នាយកប្រតិបត្តិ Porsche ប្រចាំប្រទេសចិន។ លោកក៏បានបដិសេធផងដែរថា ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់មួយនេះ គ្មានផែនការបង្កើត រោងចក្រផលិតនៅក្នុងប្រទេសចិននោះទេ។

Porsche R&D hub in Shanghai


Porsche បានធ្លាក់ចូលក្នុងរឿងអាស្រូវកាលពីចុងឆ្នាំ 2025 នៅពេលដែលមានរបាយការណ៍ ថា ភ្នាក់ងារចែកចាយរបស់ខ្លួនបានផ្អាកប្រតិបត្តិការនៅក្នុងប្រទេសចិន ដោយសារការ លក់ធ្លាក់ចុះ និងបញ្ហាហិរញ្ញវត្ថុ។ នៅក្នុងខែមករា ឆ្នាំ 2026 នេះ ស្ថានភាពបានឈានដល់ការ បញ្ឈប់ប្រតិបត្តិការជាស្ថាពរសម្រាប់មជ្ឈមណ្ឌល Zhengzhou Zhongyuan Porsche និងមជ្ឈមណ្ឌល Guiyang Mengguan Porsche។ ជាលទ្ធផល Porsche China ត្រូវបង្ខំ ចិត្តដោះស្រាយបញ្ហាប្រាក់កក់ដែលមិនទាន់ដោះស្រាយ និងឯកសាររថយន្ត ដែលបាត់បង់ ដោយខ្លួនឯង។បញ្ហាដ៏ធំនេះ គឺជាលទ្ធផលនៃបន្តការធ្លាក់ចុះនៃការលក់របស់ Porsche នៅក្នុងប្រទេសចិនយ៉ាងគំហុក៖

  • ក្នុងឆ្នាំ 2025 Porsche ចែកចាយរថយន្តបានត្រឹមតែ 41,938 គ្រឿង ប៉ុណ្ណោះ ដែលធ្លាក់ចុះ 26% បើធៀបនឹងឆ្នាំមុន។
  • ការលក់បានធ្លាក់ចុះជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ 2022 ដែលកាលនោះលក់បាន 95,671​គ្រឿង។ ក្នុងរយៈពេលត្រឹមតែ 3 ឆ្នាំ ការលក់របស់ក្រុមហ៊ុនអាល្លឺម៉ង់ ដ៏ល្បីល្បាញ មួយនេះ បានដាំក្បាលចុះរហូតដល់ 56.2%។



ផែនការរបស់ Porsche នៅក្នុងប្រទេសចិន

យោងតាមសម្តីរបស់លោក Pan Liqi ដែលបានប្រាប់សារព័ត៌មាន Yicai កាលពីថ្ងៃទី 26 ខែមករា (ឆ្នាំ 2026) គោលដៅចម្បងរបស់ក្រុមហ៊ុនគឺការអនុវត្តវិធានការកាត់បន្ថយចំណាយ។ ក្រុមហ៊ុនគ្រោងនឹងកាត់បន្ថយភ្នាក់ងារចែកចាយឱ្យនៅសល់ត្រឹមតែ 80 កន្លែង នៅត្រឹមឆ្នាំ 2026 (ធៀបនឹង 150 កន្លែងកាលពីចុងឆ្នាំ 2024)។

ថវិកាដែលសន្សំបាន នឹងត្រូវយកទៅវិនិយោគលើមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) រួមបញ្ចូលគ្នាដំបូងគេនៅក្រៅប្រទេស ដែលស្ថិតក្នុងទីក្រុងស៊ាងហៃ។ លោក Pan Liqi បានចែករំលែកថា Porsche China កំពុងស្ថិតក្នុងដំណាក់កាលកែសម្រួលឡើងវិញ ដោយមានគោលដៅរយៈពេលវែងក្នុងការបង្កើនការលក់ តាមរយៈការធ្វើឱ្យបណ្តាញ ចែកចាយមានប្រសិទ្ធភាព និងការដាក់លក់ម៉ូដែលផ្តាច់មុខ។



Porsche keeps struggling in China. Credit: Porsche


បច្ចុប្បន្ន Porsche ក៏កំពុងស្វែងរកការសហការជាមួយអ្នកផ្គត់ផ្គង់ចិនមួយចំនួននៅក្នុងវិស័យ ប្រព័ន្ធបើកបរឆ្លាតវៃ ផងដែរ។ លើសពីនេះ Porsche គ្រោងនឹងបន្ថែមម៉ូដែលថ្មី ចំនួនពីរ ប្រភេទ (ម៉ាស៊ីនសាំង និង PHEV) ទៅក្នុងខ្សែស្រឡាយផលិតផលនៅចុងឆ្នាំនេះ រួមមាន រថយន្ត Crossover ក្នុងផ្នែក B និង D-segment។

យុទ្ធសាស្ត្ររយៈពេលខ្លីសម្រាប់ឆ្នាំ 2026 របស់ Porsche គឺ "ផ្តល់អាទិភាពលើគុណភាព ជាជាងបរិមាណ" ដោយមិនយកចំនួននៃការលក់មកធ្វើជាជោគជ័យតែមួយមុខនោះទេ។ ពាក្យពេចន៍នេះបានបង្កប់ន័យថា Porsche រំពឹងថានឹងមានការធ្លាក់ចុះនៃការលក់ម្តងទៀត នៅក្នុងឆ្នាំ 2026 ខណៈពេលដែលពួកគេត្រូវការពេលវេលាដើម្បីណែនាំផលិតផលថ្មីៗ សម្រាប់ទីផ្សារក្នុងស្រុក៕

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)