Admin, 09 January 2026

              ដោយផ្អែកលើម៉ូដែល Changan Deepal L07, រថយន្ត Mazda 6e គឺជារថយន្ត sedan អគ្គិសនីដែលត្រូវបានកែសម្រួលថ្មី ដោយប្រើប្រាស់គ្រឿងបង្គុំខាងក្រោមរបស់ចិន និងការរចនារូបរាងបែបអឺរ៉ុប។

ក្នុងនាមភាពជាដៃគូរបស់ Mazda ជាមួយ Changan បានកើតមានឡើងអស់​រយៈពេល​ពីរទសវត្សរ៍មកហើយនៅក្នុងប្រទេសចិន។ ដូចទៅនឹងម៉ាកយីហោផ្សេងទៀតដែរ Mazda មានក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា (Joint Venture) ជាមួយម៉ាករបស់ចិន ដើម្បីផលិត​រថយន្ត​នៅទីនោះសម្រាប់លក់ក្នុងទីផ្សារក្នុងស្រុក។ ម៉ាកមួយចំនួនថែមទាំងមានក្រុមហ៊ុនរួមគ្នាលើសពីមួយទៀតនោះ ដូចជាក្រុមហ៊ុន Toyota សហការជាមួយ GAC និង FAW, Volkswagen មានជាមួយ FAW និង SAIC ហើយ Changan ក៏មានក្រុមហ៊ុនរួមគ្នាជាមួយ Ford ផងដែរ។


នេះបើយោងតាមទស្សនាវដ្តី CarsGuide បានសាកល្បងបើកបរ Mazda 6e ថ្មីនេះរួចហើយ ទោះបីជាវាមិនទាន់ជាស៊េរីដែលត្រូវលក់នៅលើទីផ្សារក៏ដោយ ប៉ុន្តែលទ្ធផលគឺមើលទៅមាន​សង្ឃឹមណាស់។ បន្ថែមលើនេះ លោក Alexander Fritsche អ្នកគ្រប់គ្រងជាន់ខ្ពស់​ផ្នែកអភិវឌ្ឍន៍​ផលិតផលរបស់ Mazda Europe បានបង្ហើបថា ក្រុមហ៊ុនបានខិតខំប្រឹងប្រែង​យ៉ាងខ្លាំង ដើម្បីធ្វើឱ្យ 6e ស័ក្តិសមសម្រាប់អតិថិជនទូទាំងពិភពលោក។

ដូច្នេះសំណួរបានចោទឡើងថា តើរឿងនេះនឹងក្លាយជារឿងធម្មតាសម្រាប់ម៉ាកធំៗដូចជា Mazda ដែរឬទេ? សមត្ថភាពរបស់ចិនក្នុងការផលិតរថយន្តអគ្គិសនីក្នុងតម្លៃទាប រួមផ្សំជាមួយ​នឹងតម្រូវការរបស់ Mazda (និង Toyota និងម៉ាកដទៃទៀត) ក្នុងការមានរថយន្តអគ្គិសនី​លក់នៅអឺរ៉ុប និងអូស្ត្រាលី បានបង្កើតឱ្យមានឱកាសដ៏ល្អឥតខ្ចោះ។

លោក Vinesh Bhindi នាយកគ្រប់គ្រងរបស់ Mazda Australia បានពន្យល់ថា៖ «មានចំណុចពីរដែលត្រូវមើល។ ទីមួយ តាមទស្សនៈទីផ្សារទូទៅ អតិថិជនអូស្ត្រាលីនាពេល​ថ្មីៗនេះបានបង្ហាញថា ប្រសិនបើយើងនិយាយថារថយន្តនេះផលិត ឬដំឡើងនៅប្រទេសចិន ពួកគេមានចិត្តទូលាយ និងមានឆន្ទៈទទួលយកកាន់តែខ្លាំង វាប្រហែលជាដោយសារ​តែការគាំទ្រ​លើកេរ្តិ៍ឈ្មោះម៉ាកយីហោ»។


លោក Bhindi បន្តថា៖ «សម្រាប់ម៉ាកធំៗដូចជា Mazda ឬម៉ាកល្បីៗផ្សេងទៀត ដោយសារយើងផ្តល់នូវកម្រិតនៃការគាំទ្រដូចគ្នា ទាំងការធានា និងអ្វីៗផ្សេងទៀត អតិថិជននៅតែមើលឃើញពីការធានារ៉ាប់រងពីម៉ាកយីហោមួយនេះ។ កាលពី 2 ឬ 4 ឆ្នាំមុន នៅពេលដែលចំនួនរថយន្តអគ្គិសនីនៅមានតិចតួច យើងប្រហែលជាត្រូវសួរថា តើវាជាអ្វីដែលអតិថិជនចង់បានមែនឬអត់ ប៉ុន្តែនៅពេលដែលរដ្ឋាភិបាលចាប់ផ្តើមចេញច្បាប់ និងទីផ្សារទទួលយកកាន់តែខ្លាំង វាក៏ផ្តល់ទំនុកចិត្តដល់យើងក្នុងការស្វែងរកជម្រើសផ្សេងៗ ពីជុំវិញពិភពលោក»។

ជាក់លាក់ចំពោះ Mazda លោក Bhindi និយាយថា ភាពជាដៃគូជាមួយ Changan គឺលើសពីការចែករំលែកគ្រោងឆ្អឹងរថយន្តទៅទៀត ដោយអ្នកជំនាញរបស់ Mazda ជប៉ុនជាច្រើននាក់បានទៅឈរជើងនៅប្រទេសចិនផ្ទាល់ ដើម្បីចូលរួមអភិវឌ្ឍផលិតផល។ «Mazda Corporation គឺជាម្ចាស់កម្មសិទ្ធិ 50 ភាគរយនៃប្រតិបត្តិការ Changan-Mazda នៅក្នុងប្រទេសចិន»។


តើយើងនឹងឃើញរឿងនេះកាន់តែច្រើនពីម៉ាកផ្សេងទៀតដែរឬទេ? លោក Bhindi ជឿថាពិតជាមាន។ លោកបានប្រៀបធៀបថា ប្រទេសចិនកំពុងដើរតាមគន្លងរបស់​ប្រទេសមួយនៅប៉ែកអាស៊ីអាគ្នេយ៏ កាលពីមុន ឬម៉ិកស៊ិក និងសហរដ្ឋអាមេរិក ដែលធ្លាប់ជាប្រភពផលិតរថយន្តដ៏សំខាន់។

ចំពោះរថយន្ត Mazda 6e ដែលគ្រោងនឹងមានតម្លៃចាប់ពីក្រោម $55,000 ចុះក្រោម លោក Bhindi បានសង្ខេបថា៖ «វាតំណាងឱ្យអត្ថប្រយោជន៍នៃថ្លៃដើមផលិតកម្មដែលទទួលបានពីប្រទេសចិន... រថយន្តនេះនឹងមានតម្លៃប្រកួតប្រជែងខ្លាំង ព្រោះទោះបីជាយើងជាម៉ាកល្បី ប៉ុន្តែយើងក៏ចង់បង្ហាញពីតម្លៃ (Value) ដែលអតិថិជនទទួលបានផងដែរ»៕​

ប្រភព៖ Australia Auto News

ប្រែសំរួល៖ Chea SokNang (AC Auto)