Admin, 30 January 2026
"ទីផ្សារប្រផេះ" ឬទីផ្សារងងឹតនៃការកែច្នៃអាគុយរថយន្តអគ្គិសនីដែលកំពុងរីកដុះដាលខ្លាំងនៅក្នុងប្រទេសចិន ត្រូវបានគេរាយការណ៍ថា កំពុងកាន់កាប់ចំណែករហូតដល់ 75% នៃកញ្ចប់អាគុយដែលឈប់ប្រើប្រាស់នៅក្នុងប្រទេស។ ប្រតិបត្តិការខុសច្បាប់ទាំងនេះកំពុងបង្កើតប្រាក់ចំណេញយ៉ាងច្រើន សរុបប្រហែល 1,400 ដុល្លារអាមេរិក ក្នុងមួយគ្រឿង ខណៈពេលដែលបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន សុវត្ថិភាព និងធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មកែច្នៃដែលមានច្បាប់ត្រឹមត្រូវ។
ការស៊ើបអង្កេតដោយសារព័ត៌មានចិន Yicai បានរកឃើញរោងជាងសម្ងាត់មួយនៅជិតសួនឧស្សាហកម្ម Qingcaowo ក្នុងទីក្រុង Huizhou ខេត្ត Guangdong។ រោងជាងនេះដំណើរការដោយគ្មានឈ្មោះក្រុមហ៊ុន និងមានការយាមកាមតឹងរ៉ឹង ដោយនៅខាងក្នុងមានអាគុយរាប់រយដែលត្រូវបានរុះរើរប៉ាត់រប៉ាយនៅលើដី។ កម្មករត្រូវបានគេសង្កេតឃើញកំពុងធ្វើតេស្តគ្រឿងអាគុយ រុះរើដោយប្រើស្វាន និងរៀបចំវិចខ្ចប់គ្រាប់អាគុយដែលបាន "ជួសជុល" រួចដើម្បីយកទៅលក់បន្ត។
Wu Lei (ឈ្មោះបន្លំ) អ្នកគ្រប់គ្រងរោងជាង បានរៀបរាប់ពីដំណើរការដែលផ្តល់ចំណេញខ្ពស់នេះថា៖ ពួកគេដើរទិញអាគុយចាស់ៗពីទូទាំងប្រទេស រួចរុះរើវាជាគ្រាប់ៗដើម្បីធ្វើតេស្តគុណភាព។ គ្រាប់អាគុយដែលមានគុណភាពល្អ (នៅសល់ថាមពលលើសពី 50%) នឹងត្រូវបិទហ្វីលថ្មី រួចលក់ទៅឱ្យក្រុមហ៊ុនផលិតកង់អគ្គិសនី ម៉ូតូសណ្តោង ឧបករណ៍ ផ្ទុកថាមពលបម្រុង (Power banks) និងប្រព័ន្ធផ្ទុកថាមពលផ្សេងៗ។ ចំណែកគ្រាប់អាគុយ ដែលខូច ឬគុណភាពទាប នឹងត្រូវបំបែកដើម្បីយកលោហៈមានតម្លៃដូចជា នីកែល កូបាល់ និងលីចូម។
អត្ថប្រយោជន៍ហិរញ្ញវត្ថុ និងការប្រកួតប្រជែងមិនស្មើភាព ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ សម្រាប់ប្រតិបត្តិការខុសច្បាប់ទាំងនេះមានកម្រិតខ្ពស់ណាស់។ រោងជាងតូចៗអាចទិញអាគុយក្នុងតម្លៃ 0.5-0.6 យ័ន/Ah ហើយលក់គ្រាប់អាគុយដែល "ជួសជុលថ្មី" ក្នុងតម្លៃ 1 យ័ន/Ah។ សម្រាប់រថយន្តអគ្គិសនីមួយគ្រឿងដែលអាចបើកបរបានចម្ងាយ 600 គីឡូម៉ែត្រ ពួកគេអាចទទួលបានប្រាក់ចំណេញប្រហែល 1,400 ដុល្លារអាមេរិក។ អាជីវកម្មដែលមានចំណេញខ្ពស់បែបនេះ អនុញ្ញាតឱ្យពួកគេហ៊ានទិញអាគុយចាស់ក្នុងតម្លៃខ្ពស់ជាងក្រុមហ៊ុនស្របច្បាប់រហូតដល់ 30% ដែលជាហេតុធ្វើឱ្យពួកគេអាច ដណ្តើមយកប្រភពផ្គត់ផ្គង់បានស្ទើរតែទាំងអស់។
ទោះបីជាចិនមានសមត្ថភាពកែច្នៃជាផ្លូវការរហូតដល់ 3.8 លានតោនក៏ដោយ ប៉ុន្តែក្រុមហ៊ុន ដែលស្ថិតក្នុង "បញ្ជីស" (White list) ឬក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ បែរជាអាច កែច្នៃបានត្រឹមតែ 623,000 តោនប៉ុណ្ណោះ (តិចជាង 18% នៃសមត្ថភាពសរុប)។ ផ្ទុយទៅវិញ រោងជាងតូចៗគ្មានច្បាប់ បែរជាគ្រប់គ្រងការកែច្នៃរហូតដល់ 75%នៃអាគុយចាស់ៗទាំងអស់។
ហានិភ័យបរិស្ថាន និងសុវត្ថិភាព កង្វះនីតិវិធីត្រឹមត្រូវក្នុងរោងជាងទាំងនេះ បង្កឱ្យមាន ហានិភ័យធ្ងន់ធ្ងរ។ កម្មករខ្វះឧបករណ៍ការពារសុវត្ថិភាព ហើយសម្ភារៈគ្រោះថ្នាក់ត្រូវបាន ចាត់ចែងដោយខ្វះការប្រុងប្រយ័ត្ន។ ជាពិសេស រោងជាងទាំងនេះខ្វះបច្ចេកវិទ្យាកម្រិតខ្ពស់ ដើម្បីទាញយកលោហៈមានតម្លៃឱ្យបានច្រើនបំផុត។ ខណៈដែលក្រុមហ៊ុនស្របច្បាប់ដូចជា CATL អាចទាញយកលីចូមបានលើសពី 90% និងនីកែល កូបាល់ បានលើសពី 98% ប៉ុន្តែរោងជាងតូចៗអាចធ្វើបានត្រឹមតែការរុះរើបឋម និងផលិតបានត្រឹមតែ "ម្សៅខ្មៅ" (Black powder) ដែលជាវត្ថុធាតុដើមមិនទាន់សម្រេចតែប៉ុណ្ណោះ។ ដំណើរការដែលមិនមាន សុវត្ថិភាពនេះ នាំឱ្យមានការខ្ជះខ្ជាយធនធាន និងការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ។
ការឆ្លើយតប និងបទប្បញ្ញត្តិថ្មី ប្រទេសចិនកំពុងឈានចូលដំណាក់កាលនៃ "រលកនៃការឈប់ប្រើប្រាស់អាគុយ" ក្នុងទ្រង់ទ្រាយធំ ដោយរំពឹងថានឹងមានអាគុយចំនួន 820,000 តោនក្នុងឆ្នាំ 2025 និងលើសពី 1 លានតោនក្នុងឆ្នាំ 2030។
ដើម្បីឆ្លើយតបនឹងបញ្ហានេះ បទប្បញ្ញត្តិថ្មីដែលមានឈ្មោះថា "វិធានការបណ្តោះ អាសន្នសម្រាប់ការគ្រប់គ្រងការកែច្នៃ និងការប្រើប្រាស់គ្រប់ជ្រុងជ្រោយនៃអាគុយថាមពល ចាស់សម្រាប់រថយន្តថាមពលថ្មី" នឹងត្រូវចូលជាធរមានក្នុងខែមេសា (ឆ្នាំ 2026) នេះ។ វិធានការទាំងនេះមានគោលបំណងពង្រឹងការតាមដានព័ត៌មាន ការគ្រប់គ្រងការកែច្នៃ និងជំរុញឱ្យមានកិច្ចសហការក្នុងឧស្សាហកម្មផលិត និងការបង្កើតថ្មីឡើងវិញ។
អ្នកជំនាញបានផ្តល់យោបល់ថា ដើម្បីលុបបំបាត់ទីផ្សារងងឹតនេះ ចាំបាច់ត្រូវមានវិធានការ ច្រើនផ្នែក រួមមាន៖ ការពង្រឹងការត្រួតពិនិត្យគោលនយោបាយ, ការបញ្ជាក់ឱ្យច្បាស់ ពីការទទួលទោសព្រហ្មទណ្ឌសម្រាប់ការកែច្នៃខុសច្បាប់ និងការបង្កើតយន្តការ "កាតក្រហម/កាតលឿង" សម្រាប់អ្នកកែច្នៃដែលមិនអនុលោមតាមច្បាប់។ ក្រសួងបរិស្ថានចិនក៏បានជំរុញឱ្យអ្នកប្រើប្រាស់ចូលរួមគាំទ្របទប្បញ្ញត្តិថ្មី និងជៀសវាងការប្រគល់អាគុយទៅឱ្យបណ្តាញដែលគ្មានការគ្រប់គ្រងត្រឹមត្រូវ៕
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
