Admin, 18 February 2026
ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) របស់ប្រទេសចិន មានបំណងតម្រូវឱ្យមានយន្តការបញ្ជាបែបបុរាណ (ប៊ូតុង ឬកុងតាក់) សម្រាប់មុខងារសំខាន់ៗ ដូចជាការបើក/បិទភ្លើងស៊ីញ៉ូ ការដាក់កញ្ចក់ឡើង/ចុះ និងការដំណើរការប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ។ បទប្បញ្ញត្តិថ្មីនេះ ត្រូវបានរំពឹងថានឹងក្លាយជាកាតព្វកិច្ចសម្រាប់តែរថយន្តដែលផលិតថ្មី ចាប់ពីថ្ងៃទី 01 ខែកក្កដា ឆ្នាំ 2027 តទៅ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និន្នាការនៃរថយន្តថាមពលថ្មីរបស់ចិន គឺការរចនា កាប៊ីនបែបសាមញ្ញ (Minimalistic) ដែលលក្ខណៈពិសេសមួយរបស់វាគឺការមិន សូវមាន ប៊ូតុងបញ្ជា។ ផ្ទុយទៅវិញ អេក្រង់បញ្ជាកណ្តាលដ៏ធំមួយត្រូវបានប្រើសម្រាប់ផ្ទុកមុខងារ ភាគច្រើនរបស់រថយន្ត ហើយជួនកាលត្រូវបានផ្គួបផ្សំជាមួយអេក្រង់កម្សាន្តសម្រាប់អ្នក ដំណើរខាងមុខថែមទៀត។ ការរចនាដ៏ពេញនិយមនេះត្រូវបានអនុប្រធានក្រុមហ៊ុន Geely ពណ៌នាថាជា "ឧស្សាហកម្មរថយន្តចិនកំពុងរងគ្រោះដោយសារនិន្នាការនៃការដើរតាមគ្នា ដោយខ្វាក់ភ្នែក"។
Aito M9 Cockpit
ក្នុងនាមជាការកែសម្រួលទៅលើស្តង់ដារជាតិដែលមានស្រាប់គឺ GB4094—2016 "ការសម្គាល់គ្រឿងបង្គុំបញ្ជារថយន្ត សូចនាករ និងឧបករណ៍ផ្តល់សញ្ញា" ការធ្វើបច្ចុប្បន្នភាពនេះបានបន្ថែមប្រភេទ និងលក្ខខណ្ឌបច្ចេកទេសថ្មីៗសម្រាប់ គ្រឿងបង្គុំ បញ្ជាបែបបុរាណ ដើម្បីធានាថាគ្រឿងបង្គុំបញ្ជាសំខាន់ៗអាចចូលទៅប្រើប្រាស់បាន ងាយស្រួលប្រើ និងអាចបញ្ជាបានដោយមិនបាច់មើល (Blind-operable) ក្នុងអំឡុង ពេលបើកបរ ដោយមិនចាំបាច់ពឹងផ្អែកខ្លាំងលើការមើលអេក្រង់ និងកាត់បន្ថយការរំខាន ដែលបង្កឡើងដោយអេក្រង់បង្ហាញ។
Physical control buttons inside BYD Fang Cheng Bao Bao 5's cockpit. Credit: BYD
ការកែសម្រួលនេះបានចាប់ផ្តើមតាំងពីឆ្នាំ 2023 ដោយមានការចូលរួមពីក្រុមហ៊ុន ផលិតរថយន្តធំៗ និងស្ថាប័នធ្វើតេស្ត រួមមានមជ្ឈមណ្ឌលស្រាវជ្រាវ និងបច្ចេកវិទ្យា រថយន្តចិន (CATARC), Geely, FAW-Volkswagen, BYD និង Great Wall Motor។ សេចក្តីព្រាងសម្រាប់មតិសាធារណៈត្រូវបានបញ្ចប់ ហើយនឹងត្រូវបញ្ចេញក្នុងពេលឆាប់ៗនេះ ដែលរួមមានមុខងារជាក់លាក់ដូចខាងក្រោម៖
- ប្រព័ន្ធភ្លើង៖ ភ្លើងស៊ីញ៉ូ, ភ្លើងសញ្ញាអាសន្ន (Double flashers), ស៊ីផ្លេ។
- ការដាក់លេខ៖ P/R/N/D (ហាមដាច់ខាតការដាក់លេខតាមរយៈអេក្រង់តែមួយមុខ )។
- ជំនួយការបើកបរ៖ កុងតាក់ដំណើរការប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ (ADAS)។
- សុវត្ថិភាព/អាសន្ន៖ ផ្លិតទឹក, ប្រព័ន្ធកម្ចាត់ចំហាយទឹកលើកញ្ចក់, បង្អួចអគ្គិសនី, ប្រព័ន្ធហៅទូរស័ព្ទអាសន្ន (AECS) និងកុងតាក់បិទថាមពលរថយន្តអគ្គិសនី។
Li L8 Cockpit
លក្ខខណ្ឌលម្អិតផ្សេងទៀតសម្រាប់ប៊ូតុងបញ្ជាក៏ត្រូវបានបញ្ជាក់ផងដែរ ដូចជាវិមាត្រ (ផ្ទៃប្រតិបត្តិការមានប្រសិទ្ធភាព ≥ 10 មីលីម៉ែត្រ x 10 មីលីម៉ែត្រ), ភាពងាយស្រួល (ទីតាំងថេរ, ការបញ្ជាដោយមិនបាច់មើល, មានការឆ្លើយតបតាមរយៈការប៉ះ ឬសំឡេង) និងភាពជឿជាក់ (មុខងារមូលដ្ឋាននៅតែអាចប្រើបាន ទោះបីជាប្រព័ន្ធរថយន្តគាំង ឬដាច់ថាមពលក៏ដោយ)៕
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
