Admin, 03 March 2026
ទីផ្សាររថយន្តប្រណីតរបស់ប្រទេសចិនបានបន្តមានការប្រែប្រួលយ៉ាងខ្លាំងនៅដើមឆ្នាំ 2026 ខណៈដែលការបញ្ចុះតម្លៃយ៉ាងគំហុកពីសំណាក់ម៉ាករថយន្តលំដាប់ខ្ពស់របស់អឺរ៉ុប បានជួប ប្រទះនឹងវិបត្តិរបស់ភ្នាក់ងារចែកចាយ និងបញ្ហាប្រឈមជាចរចនាសម្ព័ន្ធនៃការលក់រាយ នៅ ទូទាំងប្រទេស។ យោងតាមរបាយការណ៍កាលពីថ្ងៃទី 13 ខែកុម្ភៈ 2026 និងការវិភាគពី AutoReport បានបង្ហាញថា បណ្តាញលក់រាយកំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើង ដោយសារប្រាក់ចំណេញរួមតូច និងការផ្លាស់ប្តូរតម្រូវការរបស់អ្នកប្រើប្រាស់។
ការបញ្ចុះតម្លៃធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចភ្នាក់ងារចែកចាយ
បន្ទាប់ពីមានការកាត់បន្ថយតម្លៃដែលក្នុងករណីខ្លះលើសពី 10% លើម៉ូដែលបង្គោលជាច្រើន រួមទាំងការកាត់បន្ថយតម្លៃទូទាំងប្រទេសលើរថយន្ត Sedan និង SUV របស់ BMW ក៏ដូចជា Mercedes-Benz ត្រកូល C-Class និង GLC នោះ ភ្នាក់ងារចែកចាយជាច្រើនបាន រាយការណ៍ថា ការបញ្ចុះតម្លៃផ្លូវការនេះមិនទាន់អាចដោះស្រាយបញ្ហាប្រាក់ចំណេញ ដែលមានតាំងពីយូរមកហើយនោះទេ។ ការបញ្ចុះតម្លៃក្រៅផ្លូវការនៅតាមហាងលក់ នៅតែបន្តកើតមាន ខណៈដែលការកកស្ទះស្តុកទំនិញបានធ្វើឱ្យប៉ះពាល់ដល់លំហូរ សាច់ប្រាក់។
ក្រុមឧស្សាហកម្មលក់រាយមួយបានកត់សម្គាល់ថា៖
- ជាងពាក់កណ្តាលនៃភ្នាក់ងារចែកចាយរថយន្តក្នុងប្រទេសចិនបានដំណើរការក្នុងស្ថានភាពខាតបង់ នៅក្នុងឆមាសទីមួយនៃឆ្នាំ 2025។
- មានតែប្រហែល 30% ប៉ុណ្ណោះដែលទទួលបានប្រាក់ចំណេញ ដែលតួលេខនេះ ស្ទើរតែមិនមានការកែលម្អឡើយនៅពេលឈានចូលដល់ឆ្នាំ 2026។
- ការបញ្ចុះតម្លៃបន្តបន្ទាប់បានធ្វើឱ្យប្រាក់ចំណេញលើការចែកចាយរថយន្តថ្មី ធ្លាក់ចុះក្រោមចំណុចស្មើដើម (Break-even) ដែលបង្ខំឱ្យហាងជាច្រើនត្រូវវាយ តម្លៃប្រតិបត្តិការរបស់ខ្លួនឡើងវិញ។
ការបិទភ្នាក់ងារចែកចាយ និងការរួមតូចនៃបណ្តាញលក់
ផលប៉ះពាល់នៃការធ្លាក់ចុះតម្រូវការ និងសម្ពាធតម្លៃបានបង្ហាញឱ្យឃើញកាន់តែច្បាស់។ ភ្នាក់ងារចែកចាយរថយន្តប្រណីតជាច្រើនបានចាកចេញពីទីផ្សារនៅចុងឆ្នាំ 2025និងដើមឆ្នាំ 2026 ជាពិសេសនៅក្នុងទីក្រុងលំដាប់ទី 2 និងទី 3។ របាយការណ៍បានគូសបញ្ជាក់ពីការកើន ឡើងនៃការបិទហាង និងការបង្រួបបង្រួមក្រុមហ៊ុន ខណៈដែលក្រុមភ្នាក់ងារចែកចាយ ព្យាយាមកាត់បន្ថយការចំណាយថេរ និងងាកទៅរកម៉ាករថយន្តណាដែលមានមូលដ្ឋាន គ្រឹះលក់រាយរឹងមាំជាង។ អ្នកវិភាគរំពឹងថានឹងមានការកាត់បន្ថយចំនួនភ្នាក់ងារចែកចាយ បន្ថែមទៀតពេញមួយឆ្នាំ 2026 ដើម្បីសម្របខ្លួនទៅនឹងកម្រិតប្រាក់ចំណេញទាប។
ការផ្លាស់ប្តូរតម្រូវការ និងការប្រកួតប្រជែង
សម្ពាធលើការលក់រាយនេះ កើតឡើងទន្ទឹមនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធកាន់តែទូលំទូលាយ នៅក្នុងទីផ្សាររថយន្តទេសចរណ៍របស់ចិន។ ទោះបីជានៅតែមានការចាប់អារម្មណ៍លើម៉ូដែល អគ្គិសនី និងរថយន្តកម្រិតខ្ពស់ក៏ដោយ ប៉ុន្តែការរីកចម្រើននៃការលក់រថយន្តជារួមមានភាព យឺតយ៉ាវ ហើយម៉ាករថយន្តថាមពលថ្មី (NEV) ក្នុងស្រុកកំពុងដណ្តើមយកការយកចិត្ត ទុកដាក់ពីអ្នកទិញកាន់តែខ្លាំង។ ការផ្លាស់ប្តូរនេះបានធ្វើឱ្យប៉ះពាល់ដល់ ម៉ាករថយន្ត ប្រណីត អឺរ៉ុប ដែលមិនត្រឹមតែប្រឈមមុខនឹងការប្រកួតប្រជែងតម្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឈម នឹងភាពទាក់ទាញនៃផលិតផលផងដែរ។
អ្នកសង្កេតការណ៍ទីផ្សារក៏បានចង្អុលបង្ហាញពីជំហានថ្មីៗនៃបទប្បញ្ញត្តិរបស់រដ្ឋាភិបាល ដែលមានបំណងទប់ស្កាត់យុទ្ធសាស្ត្រកំណត់តម្លៃ "ក្រោមថ្លៃដើម" ដើម្បីការពារប្រាក់ ចំណេញនៃការលក់រាយ និងការរស់រានរបស់ភ្នាក់ងារចែកចាយ។
ទស្សនវិស័យ
វិស័យលក់រាយរថយន្តប្រណីតរបស់ចិនហាក់ដូចជាស្ថិតក្នុងដំណាក់កាលអន្តរកាល។ របៀបដែលម៉ាករថយន្តអឺរ៉ុបល្បីៗសម្របខ្លួនទៅលើគោលនយោបាយគាំទ្រភ្នាក់ងារចែកចាយ យុទ្ធសាស្ត្របណ្តាញលក់ និងការផ្តល់ជូនផលិតផលដែលតម្រូវតាមតំបន់ នឹងក្លាយជាកត្តា សំខាន់ក្នុងការរក្សាស្ថិរភាពប្រតិបត្តិការរបស់ពួកគេនៅក្នុងប្រទេសចិន ចំពេលដែលមានការ ប្រកួតប្រជែងបន្តបន្ទាប់ពីម៉ាកក្នុងស្រុក និងការផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់អ្នក ប្រើប្រាស់៕
ប្រភព៖ United State News.
ប្រែសំរួល៖ Chea SokNang (AC Auto)
