Admin, 23 April 2026
សម្រាប់ឆ្នាំ 2026 ក្រុមហ៊ុន QJMotor កំពុងធ្វើបច្ចុប្បន្នភាពម៉ូតូស្ព័រម៉ាស៊ីន 4 ស៊ីឡាំង កម្លាំង 680 ស៊ីស៊ី របស់ខ្លួនគឺម៉ូដែល SRK600RS ជាមួយនឹងបច្ចេកវិទ្យាកាន់តែទំនើប ការកែសម្រួលរូបរាងថ្មី និងអ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺការបញ្ចុះតម្លៃយ៉ាងច្រើន។
នៅពេលដែលប្រេន QJMotor បង្ហាញខ្លួនដំបូងក្នុងឆ្នាំ 2020 ផលិតផលដំបូងៗរបស់ខ្លួនរួមមានម៉ូតូស្ព័រ 600 ស៊ីស៊ី ម៉ាស៊ីន 4 ស៊ីឡាំង ដែលធ្វើឱ្យវាក្លាយជាក្រុមហ៊ុនផលិតរបស់ចិនដំបូងគេដែលចូលប្រកួតប្រជែងក្នុងផ្នែកម៉ូតូស្ព័រខ្នាតកណ្តាល។ ម៉ូដែល SRK600RC (ផ្អែកលើ Benelli TNT 600i) នៅតែមាននៅក្នុងបញ្ជីផលិតផលសកល ប៉ុន្តែវាផលិតកម្លាំងបានត្រឹមតែ 81 សេះ ប៉ុណ្ណោះ ដែលធ្វើឱ្យវាមានកម្លាំងខ្សោយជាងគូប្រជែង។ នៅក្នុងឆ្នាំ 2024 ក្រុមហ៊ុនបានណែនាំ SRK600RS ដែលអភិវឌ្ឍដោយខ្លួនឯង និងផលិតកម្លាំងបានរហូតដល់ 101 សេះ។ ការអាប់ដេតចុងក្រោយនេះ កំពុងធ្វើឱ្យផលិតផលរបស់ក្រុមហ៊ុនខិតជិតទៅរកម៉ាស៊ីនរបស់ជប៉ុន និងអឺរ៉ុប ទាំងផ្នែកលក្ខណៈបច្ចេកទេស និងសមត្ថភាព។
ជម្រើសពីរប្រភេទសម្រាប់ឆ្នាំ 2026
ក្រុមហ៊ុនបានបញ្ចេញ SRK600RS (680 ស៊ីស៊ី) ចំនួនពីរជម្រើស៖
1. ម៉ូដែលស្តង់ដារ (Base Model):
- តម្លៃ: ប្រហែល 4,400 ដុល្លារ (បញ្ចុះពី 5,700 ដុល្លារ ក្នុងជំនាន់មុន)។
- បច្ចេកវិទ្យា: បំពាក់ហ្គែរអគ្គិសនី (Ride-by-wire) របស់ Magneti Marelli, ប្រព័ន្ធដូរលេខរហ័ស (Quickshifter) ពីរសៀគ្វី, របៀបបើកបរ 3 ប្រភេទ, ប្រព័ន្ធ Traction Control 2កម្រិត និងប្រព័ន្ធ Cruise Control។
2. ម៉ូដែលកម្រិតខ្ពស់ (Up-spec Version):
- តម្លៃ: ប្រហែល 5,100 ដុល្លារ។
- គ្រឿងបង្គុំ: ប្រើប្រាស់បូម Marzocchi (អាចសារ៉េបានពេញលេញ), កាលីព័រហ្វ្រាំង Brembo 4 ពីស្តុង និងដងទប់លំនឹងដៃចង្កូត Marzocchi។
- សុវត្ថិភាព: បន្ថែមប្រព័ន្ធ Cornering ABS និងប្រើប្រាស់សំបកកង់ Maxxis ដែលមានកម្លាំងតោងផ្លូវខ្ពស់។
ការផ្លាស់ប្តូររូបរាង និងគ្រឿងតុបតែង
ម៉ូដែលទាំងពីរទទួលបានការកែសម្រួលរូបរាងដូចគ្នា រួមមាន៖
- ភ្លើងស៊ីញ៉ូដែលបង្កប់នៅក្នុងស្រោមតួត្រចៀកកាំ (កញ្ចក់មើលក្រោយ)។
- បន្ថែមស្លាបហោះចំហៀង (Side winglets) ដើម្បីបង្កើនតុល្យភាពខ្យល់។
- បំពង់ផ្សែងរចនាថ្មី និងការរៀបចំអេក្រង់កុងទ័រថ្មី។
មកទល់ពេលនេះ គេមិនទាន់ច្បាស់ទេថា តើ SRK600RS ដែលបានអាប់ដេតនេះនឹងត្រូវនាំចេញទៅលក់នៅទីផ្សារអន្តរជាតិឬយ៉ាងណា។ ទោះជាយ៉ាងណាក៏ដោយ វាមានឱកាសខ្ពស់ដែលម៉ូដែលកម្លាំងធំជាងគឺ SRK800RS (ដែលប្រើប្រាស់គ្រឿងបង្គុំភាគច្រើនដូចគ្នា) នឹងទទួលបានការអាប់ដេតរូបរាង និងបច្ចេកវិទ្យាដូចគ្នានេះដែរ៕
ប្រភព៖ United State
ប្រែសំរួល៖ AC Motors
