Admin, 02 August 2026
យោងតាមរបាយការណ៍របស់សារព័ត៌មាន Bloomberg ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ដោយផ្អែកលើប្រភពដែលស្និទ្ធនឹងរឿងនេះ បានឱ្យដឹងថា ប្រទេសចិនបានចាប់ផ្តើមផ្តល់លិខិតអនុញ្ញាតឱ្យរថយន្តតាក់ស៊ីបើកបរស្វ័យប្រវត្ត (Robotaxi) សារជាថ្មីឡើងវិញហើយ បន្ទាប់ពីឧបទ្ទវហេតុដ៏ក្តៅមួយដែលពាក់ព័ន្ធនឹងយានយន្តបើកបរស្វ័យប្រវត្ត បានបង្ខំឱ្យអាជ្ញាធរផ្អាកការចេញលិខិតអនុញ្ញាតថ្មីៗកាលពីខែមេសា។
របាយការណ៍ដដែលបានបញ្ជាក់ថា ការចាប់ផ្តើមឡើងវិញនេះកំពុងប្រព្រឹត្តទៅជាបណ្តើរៗនៅក្នុងទីក្រុងមួយចំនួន បន្ទាប់ពីការបញ្ចប់ការពិនិត្យឡើងវិញនៅទូទាំងឧស្សាហកម្មទាំងមូល នាចុងខែមិថុនាកន្លងទៅ។
ក្រុមកាត់ក្តីច្បាប់ និងអាជ្ញាធរបទប្បញ្ញត្តិ បានទាមទារឱ្យមានការពិនិត្យឡើងវិញអំពីសុវត្ថិភាពពេញលេញនៃឧស្សាហកម្មនេះ បន្ទាប់ពីរថយន្ត Robotaxi ម៉ូដែល Apollo Go របស់ក្រុមហ៊ុន Baidu បានជួបប្រទះនូវការរអាក់រអួលរលត់ប្រព័ន្ធដំណើរការទ្រង់ទ្រាយធំភ្លាមៗ នៅក្នុងទីក្រុងមេហ្គាស៊ីធី Wuhan ភាគកណ្តាលនៃប្រទេសចិន កាលពីខែមេសា។
សារព័ត៌មាន Bloomberg បានកត់សម្គាល់ថា ជំហានចុងក្រោយនេះ បានបើកផ្លូវឱ្យក្រុមហ៊ុន Robotaxi ដែលកំពុងរីកចម្រើនយ៉ាងរហ័ស អាចទុកព្រឹត្តិការណ៍រអាក់រអួលនេះនៅពីក្រោយខ្នង និងវិលត្រឡប់ទៅរកគន្លងនៃកំណើនរបស់ពួកគេវិញ។
លិខិតអនុញ្ញាតដំបូងគេមួយ ត្រូវបានផ្តល់ជូនទៅឱ្យក្រុមហ៊ុន Momenta ដែលអនុញ្ញាតឱ្យក្រុមហ៊ុនមួយនេះអាចដំណើរការការសាកល្បងនៅក្នុងទីក្រុងភាគខាងត្បូង Shenzhen នេះបើយោងតាមរបាយការណ៍។
របាយការណ៍បានបន្តថា រដ្ឋាភិបាលក្នុងស្រុកទីក្រុង Shenzhen បានកែសម្រួលបទប្បញ្ញត្តិយានយន្តភ្ជាប់ទំនាក់ទំនងឆ្លាតវៃរបស់ខ្លួន ដើម្បីស្វែងរកលទ្ធភាពនៃការបើកចំហទីក្រុងទាំងមូលសម្រាប់រថយន្ត Robotaxi និងបានកាត់បន្ថយរបាំង ឬលក្ខខណ្ឌតម្រូវក្នុងការចូលរួមផងដែរ។
ក្រុមហ៊ុន Momenta បានប្រកាសកាលពីថ្ងៃទី 21 ខែកក្កដាថា រថយន្ត Robotaxi របស់ខ្លួនទទួលបានលិខិតអនុញ្ញាតសម្រាប់ការធ្វើតេស្តលើផ្លូវថ្នល់ សម្រាប់យានយន្តភ្ជាប់ទំនាក់ទំនងឆ្លាតវៃនៅក្នុងទីក្រុង Shenzhen។ ការណ៍នេះ បានធ្វើឱ្យទីក្រុង Shenzhen ក្លាយជាទីក្រុងស្នូលមួយផ្សេងទៀតសម្រាប់ក្រុមហ៊ុននៅក្នុងប្រទេសចិន បន្ទាប់ពីទីក្រុងស៊ាងហៃ (Shanghai), ស៊ូចូវ (Suzhou) និងអ៊ូស៊ី (Wuxi)។
ទន្ទឹមនឹងនេះ របាយការណ៍របស់ Bloomberg បានឱ្យដឹងថា មានសញ្ញាបង្ហាញថាប្រតិបត្តិការរបស់ក្រុមហ៊ុន Baidu នៅក្នុងទីក្រុង Wuhan ក៏អាចនឹងកំពុងចាប់ផ្តើមឡើងវិញផងដែរ។
យោងតាមរបាយការណ៍ រថយន្ត Robotaxi ចំនួនរាប់រយគ្រឿងរបស់ Baidu ធ្លាប់ត្រូវបានដកចេញពីសេវាកម្មនៅក្នុងទីក្រុង Wuhan ដោយសារតែការពិនិត្យឡើងវិញអំពីសុវត្ថិភាព។
ចាប់តាំងពីដើមខែកក្កដាមក ប្រជាពលរដ្ឋក្នុងស្រុកបានបង្ហោះវីដេអូ និងរូបថតនៅលើបណ្តាញទំនាក់ទំនងសង្គមចិន ដោយបង្ហាញពីរថយន្ត Apollo Go Robotaxi របស់ Baidu បានវិលត្រឡប់មកនៅលើដងផ្លូវសារជាថ្មី ដោយរថយន្តមួយចំនួនមានបំពាក់អ្នកបើកបរការពារសុវត្ថិភាព (safety drivers) នៅខាងក្នុងផងដែរ។
កាលពីយប់ថ្ងៃទី 31 ខែមីនា រថយន្ត Apollo Go Robotaxi មួយចំនួនបានគាំងដំណើរការភ្លាមៗនៅលើដងផ្លូវក្នុងទីក្រុង Wuhan ដោយបានបន្សល់ទុកអ្នកដំណើរមួយចំនួនឱ្យកកស្ទះនៅលើផ្លូវស្ពានអាកាសដ៏មមាញឹក។ នគរបាលចរាចរណ៍ទីក្រុង Wuhan បាននិយាយនាពេលនោះថា ការស៊ើបអង្កេតបឋមបានបង្ហាញថា ឧបទ្ទវហេតុនេះបណ្តាលមកពីការរអាក់រអួលប្រព័ន្ធ (system malfunction)។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួននាពេលនោះ បានស្រង់សម្តីអ្នកប្រឡូកក្នុងឧស្សាហកម្មនេះ ដោយនិយាយថា រថយន្តទាំងនោះទំនងជាបានគាំងដំណើរការ ដោយសារតែពួកវាបានជួបប្រទះនូវស្ថានភាពដែលមិនបានរំពឹងទុក ដែលបានរុញច្រានឱ្យមានការបើកដំណើរការប្រព័ន្ធស្វ័យត្រួតពិនិត្យសុវត្ថិភាព (safety self-check mechanism) ដោយស្វ័យប្រវត្តិ។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
