Admin, 20 hours ago
វិស័យបើកបរដោយស្វ័យប្រវត្តរបស់ប្រទេសចិន បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងផ្នែកបទដ្ឋានគតិយុត្ត (ច្បាប់ទម្លាប់) បន្ទាប់ពីមានការរំខានដល់ប្រតិបត្តិការដ៏ធំមួយ ដែលពាក់ព័ន្ធនឹងប្រព័ន្ធ Apollo Go របស់ក្រុមហ៊ុន Baidu នៅក្នុងទីក្រុងវូហាន (Wuhan) កាលពីថ្ងៃទី 31 ខែមីនា ឆ្នាំ 2026 ដែលនៅពេលនោះរថយន្តជិត 100 គ្រឿង បានគាំងឈប់ដំណើរការភ្លាមៗ។ ទោះបីជាស្ថិតក្នុងដំណាក់កាល «បន្ថយកម្ដៅ» (cooling-off period) នេះ ដែលជាដំណាក់កាលរឹតត្បិតការដាក់ពង្រាយរថយន្តថ្មីៗក៏ដោយ ក៏ក្រុមហ៊ុន Robotaxi ឈានមុខនានានៅតែរក្សាគោលដៅពង្រីកខ្លួនរបស់ពួកគេដដែល ព្រមទាំងបានអំពាវនាវឱ្យមានការផ្លាស់ប្តូរវិធីសាស្ត្រត្រួតពិនិត្យរបស់រដ្ឋាភិបាល ដោយផ្អែកលើការវាយតម្លៃសមត្ថភាពជាក់ស្តែង និងមានភាពបត់បែនជាងមុន។
ការបន្តពង្រីកចំនួនរថយន្តនៅក្នុង fleet ទិន្នន័យដែលបានបញ្ចេញក្នុងខែឧសភា ឆ្នាំ 2026បានបង្ហាញឱ្យឃើញថា ទោះបីជាមានឧបសគ្គផ្នែកច្បាប់ទម្លាប់ក៏ដោយ ក៏ក្រុមហ៊ុនឈានមុខក្នុងឧស្សាហកម្មនេះ នៅតែប្តេជ្ញាចិត្តក្នុងការពង្រីកទំហំប្រតិបត្តិការរបស់ខ្លួន៖
Pony.ai បានរាយការណ៍ថា គិតត្រឹមថ្ងៃទី 24 ខែឧសភា ចំនួនរថយន្ត Robotaxi សរុបរបស់ខ្លួននៅទូទាំងពិភពលោកបានកើនឡើងលើសពី 1,700 គ្រឿង ពោលគឺកើនឡើងប្រហែល 250 គ្រឿង ធៀបនឹងរបាយការណ៍ប្រចាំឆ្នាំ 2025។ ក្រុមហ៊ុនដែលផ្តោតជាចម្បងលើទីផ្សារក្នុងស្រុកមួយនេះ បានតម្លើងគោលដៅចុងឆ្នាំ 2026 របស់ខ្លួនរហូតដល់ 3,500 គ្រឿង ដោយមានបំណងរកចំណូលឱ្យបានច្រើនជាងឆ្នាំ 2025 ដល់ទៅ 3.5 ដង។
WeRide បានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី 1 ឆ្នាំ 2026 ថា ចំនួនរថយន្ត Robotaxi ក្នុងស្រុករបស់ខ្លួនបានកើនឡើងដល់ប្រហែល 1,000 គ្រឿង ត្រឹមចុងខែមេសា ពោលគឺបន្ថែម 200 គ្រឿង ចាប់តាំងពីចុងខែមីនាមក។
Apollo Go របស់ Baidu បានរាយការណ៍ពីការទទួលបានការបញ្ជាជិះចំនួន 3.2 លានដង ក្នុងត្រីមាសទី 1 ឆ្នាំ 2026 (កើនឡើងជាង 120% ធៀបនឹងឆ្នាំមុន) ដោយកំណត់ត្រាកំពូលប្រចាំសប្តាហ៍បានកើនឡើងលើសពី 350,000 ដង ក្នុងខែមីនា។
ដំណាក់កាល «បន្ថយកម្ដៅ» ផ្នែកច្បាប់ទម្លាប់ សន្ទុះវាយលុកទីផ្សាររបស់ឧស្សាហកម្មនេះ បានប្រឈមមុខនឹងការសាកល្បងដ៏ធំមួយ បន្ទាប់ពីមានឧប្បត្តិហេតុកាលពីថ្ងៃទី 31 ខែមីនា។ ជាការឆ្លើយតប ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន, ក្រសួងសន្តិសុខសាធារណៈ និងក្រសួងដឹកជញ្ជូន បានរៀបចំកិច្ចប្រជុំរួមគ្នាមួយនៅពាក់កណ្តាលខែសីហា ដើម្បីកំណត់កាតព្វកិច្ចឱ្យមានការកែសម្រួលប្រព័ន្ធសុវត្ថិភាពឡើងវិញ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន Caixin ទោះបីជាអ្នកក្នុងវិស័យនេះបង្ហើបថា ធ្លាប់មានការរឹតត្បិតយ៉ាងតឹងរ៉ឹងក្នុងដំណាក់កាលដំបូងក៏ដោយ ប៉ុន្តែវិធានការអនុវត្តចុងក្រោយគឺមានលក្ខណៈស្រទន់ជាងមុន។ យ៉ាងណាមិញ ដំណាក់កាល «បន្ថយកម្ដៅ» នេះនៅតែមានប្រសិទ្ធភាព ដោយរថយន្តដែលទើបតែបន្ថែមថ្មីៗជាច្រើន ត្រូវបានផ្អាកមិនឱ្យដឹកជញ្ជូនអ្នកដំណើរនៅឡើយទេ។ អ្នកសង្កេតការណ៍ទីផ្សាររំពឹងថា ដំណាក់កាលនេះនឹងអូសបន្លាយរហូតដល់ចុងខែមិថុនា។
ការអំពាវនាវឱ្យមានការត្រួតពិនិត្យតាមកម្រិតខុសៗគ្នា ដើម្បីឆ្លើយតបទៅនឹងបរិយាកាសច្បាប់ទម្លាប់ដែលកាន់តែតឹងរ៉ឹង ថ្នាក់ដឹកនាំក្នុងឧស្សាហកម្មនេះកំពុងតស៊ូមតិឱ្យមានការផ្លាស់ប្តូរពីការរឹតត្បិតទូទៅ (blanket regulations) មកជាប្រព័ន្ធគ្រប់គ្រងតាមកម្រិតខុសៗគ្នាវិញ។ នាយកប្រតិបត្តិក្រុមហ៊ុន WeRide លោក Han Xu បានជំរុញជាសាធារណៈដល់អាជ្ញាធរឱ្យជៀសវាងការដាក់ទណ្ឌកម្មបែប «ស្មើគ្នា» (one-size-fits-all) ដោយលោកបានស្នើថា ឧស្សាហកម្មនេះគួរតែយកគំរូតាមវិស័យអាកាសចរណ៍ ដែលស្ថាប័នគ្រប់គ្រងធ្វើការលើកទឹកចិត្តដល់ក្រុមហ៊ុនណាដែលមានប្រវត្តិសុវត្ថិភាពល្អ និងដាក់ទណ្ឌកម្មលើក្រុមហ៊ុនណាដែលមានសមត្ថភាពខ្សោយ។
លោក Han បានថ្លែងថា៖ «យើងរំពឹងថា នៅពេលពេលវេលាកន្លងផុតទៅ ការត្រួតពិនិត្យនឹងកាន់តែមានភាពខុសប្លែកគ្នា ដោយផ្អែកលើសមត្ថភាពសុវត្ថិភាព, កំណត់ត្រាប្រតិបត្តិការ និងសមត្ថភាពបច្ចេកវិទ្យា»។ លោកបានសង្កត់ធ្ងន់ថា ក្រុមហ៊ុនដែលមានកំណត់ត្រាសុវត្ថិភាពមិនល្អ មិនគួរត្រូវបានអនុញ្ញាតឱ្យដំណើរការដោយសេរីនោះទេ ព្រោះពួកគេអាចបង្កហានិភ័យដល់សាធារណជន និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ឧស្សាហកម្មទាំងមូល។
លោក Wang Haojun ប្រធានផ្នែកហិរញ្ញវត្ថុ (CFO) របស់ក្រុមហ៊ុន Pony.ai ក៏បានគាំទ្រទស្សនៈនេះដែរ ដោយបានកត់សម្គាល់ថា នៅពេលដែលបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តកំពុងផ្លាស់ប្តូរពីកម្មវិធីសាកល្បងដំបូង ទៅជាការធ្វើពាណិជ្ជកម្មខ្នាតធំ ការបង្កើតរបាំងចូលទីផ្សារឱ្យកាន់តែខ្ពស់ (higher entry barriers) និងការរឹតបន្តឹងការត្រួតពិនិត្យសុវត្ថិភាព គឺជាជំហានដ៏សំខាន់ និងចាំបាច់បំផុតដើម្បីនាំឱ្យឧស្សាហកម្មនេះឈានទៅរកភាពចាស់ទុំ។ លោក Wang បានបន្ថែមថា ក្រុមហ៊ុនដែលមានកំណត់ត្រាសុវត្ថិភាពខ្ពស់ នឹងមានឱកាសល្អជាងក្នុងការទទួលបានទំនុកចិត្តពីសាធារណជន និងស្ថាប័នគ្រប់គ្រង ដែលចុងក្រោយនឹងបង្កើតបានជាគុណសម្បត្តិប្រកួតប្រជែងនៅក្នុងទីផ្សារពាណិជ្ជកម្ម។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
