Admin, 03 November 2025
ក្រុមហ៊ុន Smart ដែលជាការបណ្តាក់ទុនរួមគ្នារវាង Mercedes-Benz និង Geely បានសម្ពោធរថយន្ត Smart No.5 EHD នៅប្រទេសចិន ដែលជាម៉ូដែលកូនកាត់ (hybrid) ដំបូងរបស់យីហោនេះ។
ក្រុមហ៊ុន Smart បានដាក់បង្ហាញជាផ្លូវការនូវរថយន្ត SUV Smart No.5 EHD ក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង Hangzhou កាលពីម្សិលមិញ ដោយមានតម្លៃចាប់ផ្តើមបញ្ចុះតម្លៃ 169,900 យន់ (23,930 ដុល្លា)។
តម្លៃនេះបានការកាត់បន្ថយ 20,000 យន់( 2,812 ដុល្លា ) ឬ 10.35% ពីតម្លៃលក់មុន (pre-sales price) 189,900 យន់ ($26,742)ដែលបានប្រកាសកាលពីមួយខែមុន។ ជាក់ស្តែង ក្រុមហ៊ុន Smart ផ្តល់នូវជម្រើសបួនប្រភេទនៃរថយន្តអគ្គិសនីកូនកាត់ដែលអាចដោតសាកថ្ម (PHEV) នេះ ដោយមានតម្លៃ ចាប់ផ្តើមពី 189,900 យន់ (26,742ដុល្លា), 199,900 យន់ (28112 ដុល្លា), 219,900 យន់ (30,925 ដុល្លា), និង 239,900 យន់ (33,738 ដុល្លា)។
ក្រុមហ៊ុនកំពុងផ្តល់ការបញ្ចុះតម្លៃ20,000 យន់( 2,812 ដុល្លា ) សម្រាប់រយៈពេលកំណត់លើ Smart No.5 EHD ដែលធ្វើឲ្យតម្លៃចាប់ផ្តើមពិតប្រាកដរបស់វាគឺ 169,900 យន់ (23,930ដុល្លា)ទៅ។
រថយន្ត Smart No.5 EHD គឺជាម៉ូដែល PHEV ដំបូងរបស់ Smart ដែលមានប្រវែង 4,705mm ទទឹង 1,920mm, និងកម្ពស់ 1,705mm ព្រមទាំងមានគម្លាតកង់ (wheelbase) 2,900mm។
វាបំពាក់ដោយបច្ចេកវិទ្យា PHEV របស់ប្រព័ន្ធ EHD Super Hybrid System របស់ Smart ដោយប្រើប្រាស់វេទិកា (platform) Leishen Hybrid 2.0 របស់ Geely។
ប្រព័ន្ធបញ្ជូនថាមពលនេះរួមបញ្ចូលម៉ាស៊ីន 1.5លីត្រ ដែលផលិតកម្លាំង 120 គីឡូវ៉ាត់ (kW) ជាមួយនឹងម៉ូទ័រអគ្គិសនីដែលបានដំឡើងនៅខាងមុខផ្តល់កម្លាំង 200 គីឡូវ៉ាត់។
រថយន្ត Smart No.5 EHD អាចបង្កើនល្បឿនពី 0 ដល់ 100 គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល 7.2 វិនាទី ឬ 6.9វិនាទី។
វាផ្តល់ជម្រើសអាគុយទំហំ 20 គីឡូវ៉ាត់ម៉ោង (kWh) និង 41.46 គីឡូវ៉ាត់ម៉ោង ដោយផ្តល់ចម្ងាយបើកបរដោយប្រើអាគុយ (CLTC battery ranges) 120 គីឡូម៉ែត្រ និង 252 គីឡូម៉ែត្ររៀងគ្នា។ ជាមួយនឹងធុងប្រេងពេញ និងអាគុយសាកពេញ ចម្ងាយបើកបររួមបញ្ចូលគ្នារបស់វាឈានដល់ 1,483 គីឡូម៉ែត្រ និង 1,615 គីឡូម៉ែត្រ។
រថយន្ត Smart No.5 EHD បំពាក់ដោយប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Pilot Assist ដែលមានបន្ទះឈីបបើកបរឆ្លាតវៃ Nvidia Drive Orin X ចំនួនពីរ និងឧបករណ៍ចាប់សញ្ញា LiDAR មួយ។
ម៉ូដែលនេះគាំទ្រលក្ខណៈពិសេសនានា រួមមានជំនួយការបើកបរដោយផ្អែកលើប្រព័ន្ធការរុករក (navigation-based pilot assist) ដែលមិនអាស្រ័យលើផែនទីនិយមន័យខ្ពស់ (high-definition maps) និងការចូលចតយានយន្តតាមការចងចាំ (memory parking)។
យីហោ Smart ដែលបានចាប់ផ្តើមនៅឆ្នាំ 1998 ផ្តោតលើទីផ្សាររថយន្តតូចប្រណីត ដោយត្រូវបានរចនាដោយ Mercedes-Benz ជាដំណោះស្រាយសម្រាប់ការបើកបរក្នុងទីក្រុងធំៗ។
នៅថ្ងៃទី 8 ខែមករា ឆ្នាំ 2020 ក្រុមហ៊ុន Mercedes-Benz និង Geely បានបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាថ្មីក្រោមយីហោ Smart ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Ningbo ខេត្ត Zhejiang ដើម្បីជំរុញការផ្លាស់ប្តូររថយន្តអគ្គិសនីរបស់ពួកគេ។
បច្ចុប្បន្ន ក្រុមអ្នករចនារបស់ Mercedes-Benz រចនាយានយន្ត Smart ខណៈដែល Geely គ្រប់គ្រងផ្នែកវិស្វកម្មរបស់ពួកគេ។
ក្រៅពី Smart No.5 ក្រុមហ៊ុនកំពុងលក់ម៉ូដែល Smart No.1 និង Smart No.3 នៅប្រទេសចិន។
កាលពីដើមខែកញ្ញា ក្រុមហ៊ុន Smart បានប្រកាសផែនការនឹងសម្ពោធរថយន្ត mini EV ពីរកៅអី Smart No.2 នៅឆ្នាំក្រោយជាម៉ូដែលបន្តពី ForTwo របស់ខ្លួន៕
ប្រភព៖ CnEVPost
ប្រែសំរួល៖ Huot Soknal
