Admin, 19 February 2026

​​​​​​​           ការប្រកួតប្រជែងអាគុយ Solid-state របស់ប្រទេសចិនបានឈានចូលដល់ដំណាក់កាល ដំបូងនៃផលិតកម្ម និងការដាក់ពង្រាយសាកល្បងនៅក្នុងឆ្នាំ 2026 នេះ ដោយទាំងអ្នក ផ្គត់ផ្គង់អាគុយ និងក្រុមហ៊ុនផលិតរថយន្តបានបញ្ជាក់ពីកាលវិភាគពាណិជ្ជកម្ម និងគោលដៅដាក់ឱ្យប្រើប្រាស់ពេញលេញនូវអាគុយ Solid-state នៅចុងទសវត្សរ៍នេះ។

ការប្រកាសពីសំណាក់អ្នកផ្គត់ផ្គង់ និងក្រុមហ៊ុនផលិតរថយន្តជាច្រើនបានបង្ហាញថា ការអភិវឌ្ឍអាគុយ Solid-state នៅក្នុងប្រទេសចិនបានឈានដល់ដំណាក់កាល ដែល ផលិតកម្មសាកល្បង និងកម្មវិធីរួមបញ្ចូលក្នុងយានយន្តដើរទន្ទឹមគ្នា ដោយក្រុមហ៊ុន ជាច្រើនមានគោលដៅបញ្ចេញរថយន្តបង្ហាញសមត្ថភាព (Demonstration vehicles) នៅត្រឹមឆ្នាំ 2027។

ខុសពីអាគុយប្រភេទ Lithium Iron Phosphate (LFP) និង Ternary Lithium វិស័យអាគុយ Solid-stateនៅក្នុងប្រទេសចិនមិនទាន់មានអ្នកផ្គត់ផ្គង់ណាមួយគ្រប់គ្រងទីផ្សារ តែឯងនៅ ឡើយទេ។ ផ្ទុយទៅវិញ ក្រុមហ៊ុននីមួយៗកំពុងជំរុញបច្ចេកវិទ្យាអេឡិចត្រូឡីតផ្សេងៗគ្នា រួមមានប្រភេទ Sulfide, Oxide, Polymer និងប្រភេទកូនកាត់ "Condensed-state" ជាដើម។


សកម្មភាពរបស់ក្រុមហ៊ុនយក្សផ្នែកអាគុយ

  • CATL: ក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនីធំបំផុតលើលោកមួយនេះ កំពុងដើរលើផ្លូវជាច្រើនទន្ទឹមគ្នា។ អាគុយប្រភេទ Condensed-state (កូនកាត់រវាងរឹង និងរាវ) របស់ខ្លួន សម្រេចបានដង់ស៊ីតេថាមពលប្រហែល 500 Wh/kg ហើយកំពុង ស្ថិតក្នុងដំណាក់កាលពង្រីកផលិតកម្មដំបូង។ CATL ក៏បានបញ្ចប់. ការអភិវឌ្ឍ សាកល្បងនូវអាគុយ All-solid-state ប្រភេទ Sulfide ដែលគ្រោងនឹងចាប់ផ្ដើម ផលិតកម្មសាកល្បងនៅឆ្នាំ 2026 និងដាក់បញ្ចូលក្នុងរថយន្តនៅឆ្នាំ 2027។
  • BYD: កំពុងអភិវឌ្ឍអាគុយ Solid-state ប្រភេទ Sulfide ដែលប្រើប្រាស់ កាតូតនីកែល ខ្ពស់ និងអាណូតស៊ីលីកូន។ អាគុយទាំងនេះមានគោលដៅសម្រេចឱ្យបាន 400 Wh/kg និងអាចសាកបានរហូតដល់ 10,000 ដង។ BYD ក៏កំពុងពង្រីកសមត្ថភាព ផលិតអាគុយប្រភេទ Oxide ក្នុងនោះរួមមានខ្សែសង្វាក់ផលិតកម្ម 20 GWh នៅទីក្រុង Chongqing ផងដែរ។
  • Gotion High-Tech: បានប្រកាសផែនការចាប់ផ្ដើមផលិតកម្មក្នុងឆ្នាំ 2026 និងដាក់ពង្រាយសាកល្បងអាគុយ All-solid-state នៅឆ្នាំ 2027។ គំរូអាគុយ Jinshi របស់ខ្លួនបានបង្ហាញពីដង់ស៊ីតេថាមពលប្រហែល 360 Wh/kg។



យុទ្ធសាស្ត្ររបស់ក្រុមហ៊ុនផលិតរថយន្ត

នៅកម្រិតយានយន្ត ក្រុមហ៊ុនផលិតរថយន្តជាច្រើនបានបញ្ជាក់ពីផែនការដាក់បញ្ចូលអាគុយ Solid-state ទៅក្នុងក្រុមរថយន្តបង្ហាញសមត្ថភាព៖

  • Geely និង Chery: ទាំងពីរបានបញ្ជាក់ថា ពួកគេមានគោលដៅចាប់ផ្ដើមការ បង្ហាញ វត្តមានលើរថយន្តនៅត្រឹមឆ្នាំ 2027។
  • ក្រុមហ៊ុនរដ្ឋ: ក្រុមហ៊ុន Dongfeng Motor បានបង្ហាញកម្មវិធីអភិវឌ្ឍន៍អាគុយ Solid-state សម្រាប់ប្រើប្រាស់លើរថយន្តនៅចុងទសវត្សរ៍នេះ។ រីឯ GAC Aion ក៏បាន បង្ហាញពីការស្រាវជ្រាវលើអាគុយប្រភេទនេះ និងផែនការដាក់បញ្ចូលក្នុងរថយន្ត នាពេលអនាគតផងដែរ។

អាគុយ Solid-state ត្រូវបានគេមើលឃើញថាជាជំហានដ៏សំខាន់ក្នុងការបង្កើនដង់ស៊ីតេថាមពល និងកែ លម្អស្ថិរភាពកម្ដៅ ដោយការជំនួសអេឡិចត្រូឡីតរាវដែលងាយឆេះ ដោយសម្ភារៈរឹងវិញ។ កាលវិភាគឧស្សាហកម្មបានបង្ហាញថា ឆ្នាំ 2026គឺជាចំណុចចាប់ផ្ដើមនៃការពង្រីកផលិតកម្ម ខណៈដែលការបង្ហាញវត្តមានលើរថយន្តពិតប្រាកដនឹងកើតមានឡើងនៅឆ្នាំ 2027។ ការដាក់ពង្រាយជាលក្ខណៈពាណិជ្ជកម្មទូលំទូលាយនៃអាគុយ All-solid-state ត្រូវបានកំណត់គោលដៅចន្លោះពីឆ្នាំ 2027 ដល់ 2030។

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)