Admin, 23 August 2026

សមរភូមិនៃការប្រកួតប្រជែងបច្ចេកវិទ្យាអាគុយ (Solid-State Batteries - SSBs) កាន់តែមានភាពស្រួចស្រាវខ្លាំងឡើងៗនៅក្នុងប្រទេសចិន។ ក្រុមហ៊ុនផលិតអាគុយចិនជាច្រើន រួមមាន Farasis Energy, CALB និង Gotion High-Tech ដែលគាំទ្រដោយក្រុមហ៊ុន VW បានប្តេជ្ញាចិត្តចំពោះការផលិតសាកល្បង និងការធ្វើតេស្តលើផ្លូវពិតប្រាកដនៃអាគុយ SSBs នៅក្នុងឆ្នាំ ​2027។ ការរៀបចំនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន BYD និង CATL ទើបតែបានធ្វើសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងការអភិវឌ្ឍអាគុយ SSB នាពេលថ្មីៗនេះ ដោយក្នុងនោះ BYD បានចុះបញ្ជីសិទ្ធិប័ណ្ណអាគុយ SSB ចំនួនប្រាំមួយ និងបានប្តេជ្ញាចិត្តចំពោះការសាកល្បងនៅឆ្នាំ2027 ខណៈដែល CATL បានបញ្ជាក់ឡើងវិញនូវផែនការសាកល្បងឆ្នាំ 2027 របស់ខ្លួនទៅកាន់ក្រុមអ្នកវិនិយោគ។

សារព័ត៌មាន CarNewsChina ក៏បានរាយការណ៍អំពីកាលវិភាគរបស់ក្រុមហ៊ុន Geely សម្រាប់អាគុយ SSBs ផងដែរ ដោយក្រុមហ៊ុនផលិតរថយន្តមួយនេះមានគោលដៅផលិតសាកល្បង និងផ្ទៀងផ្ទាត់លើផ្លូវពិតប្រាកដនៃកោសិកាអាគុយ SSB កម្លាំង 500 Wh/kg របស់ខ្លួននៅក្នុងឆ្នាំ 2027។ កោសិកាអាគុយថ្មីនេះ នឹងអនុញ្ញាតឱ្យរថយន្តអគ្គិសនី (EV) សម្រេចបាននូវចម្ងាយបើកបរដ៏វែងឆ្ងាយ ប្រហាក់ប្រហែលទៅនឹងកម្រិតនៃរថយន្តប្រើម៉ាស៊ីនម៉ាស៊ូត។

តើនរណាខ្លះចូលរួមក្នុងការប្រកួតប្រជែងឆ្នាំ 2027 នេះ?

ក្រុមប្រឹក្សារដ្ឋនៃប្រទេសចិន បានប្រកាស «ផែនការអភិវឌ្ឍន៍ឧស្សាហកម្មយានយន្តថាមពលថ្មី (2021-2035)» កាលពីឆ្នាំ 2020 ដោយបានបង្កើតនូវក្របខ័ណ្ឌគោលនយោបាយ និងកំណត់នូវគោលដៅសំខាន់ៗសម្រាប់ឧស្សាហកម្មយានយន្ត និងអាគុយរបស់ប្រទេស។ គោលដៅមួយក្នុងចំណោមគោលដៅទាំងនេះ គឺការពន្លឿនការអភិវឌ្ឍ និងការធ្វើពាណិជ្ជកម្មនៃអាគុយ SSBs

គេហទំព័រ libattery.net បានរាយការណ៍ថា ក្រុមហ៊ុនផលិតអាគុយជាច្រើននៅក្នុងប្រទេសចិន បានប្រកាសពីផែនការសម្រាប់ការផលិតសាកល្បង និងការផ្ទៀងផ្ទាត់អាគុយ SSB ដោយភាគច្រើននៃក្រុមហ៊ុនទាំងនោះ បានកំណត់យកកាលបរិច្ឆេទត្រឹមឆ្នាំ 2027 ដូចគ្នាទៅនឹងការប្រកាសរបស់ BYD, CATL និង Geely

  • CALB ដែលជាក្រុមហ៊ុនផលិតអាគុយធំជាងគេលំដាប់ទីបីរបស់ចិន បានចេញផ្សាយផែនការផ្ទៀងផ្ទាត់លើរថយន្ត EV ខ្នាតតូចសម្រាប់ឆ្នាំ 2027 ដូចគ្នា ហើយមានគោលដៅបង្កើនការផលិតអាគុយ SSB នៅក្នុងឆ្នាំ 2030 – 2032។ កាលពីមុន ក្រុមហ៊ុននេះធ្លាប់ជួបប្រទះបញ្ហាប្រឈមនៃអាគុយឡើងប៉ោង "banana cells" នៅក្នុងរថយន្ត GAC Aion
  • Gotion High-Tech ដែលជាក្រុមហ៊ុនផលិតអាគុយគាំទ្រដោយ Volkswagen កំពុងផ្តល់អាទិភាពលើការអភិវឌ្ឍកោសិកាអាគុយ SSB កម្លាំង 350 Wh/kg។ ក្រុមហ៊ុនមានផែនការអនុវត្តការធ្វើតេស្តលើផ្លូវថ្នល់នៅឆ្នាំ 2027 ជាមួយនឹងការបំពាក់លើរថយន្ត EV ខ្នាតតូច ហើយបន្ទាប់មកនឹងសម្រេចឱ្យបាននូវការផលិតពាណិជ្ជកម្មពេញលេញនៅក្នុងឆ្នាំ 2029-2030
  • Farasis Energy ដែលជាក្រុមហ៊ុនផលិតកោសិកាអាគុយគាំទ្រដោយ Mercedes-Benz គឺជាអ្នកលេងមួយរូបផ្សេងទៀតដែលមានគោលដៅផ្ទៀងផ្ទាត់លើរថយន្ត EV សម្រាប់ឆ្នាំ 2027។ ក្រុមហ៊ុនមានគោលដៅសម្រេចឱ្យបាននូវការផលិតពាណិជ្ជកម្មទ្រង់ទ្រាយធំនៃអាគុយ SSBs នៅក្នុងឆ្នាំ 2030
  • EVE Energy បានឱ្យដឹងថា ខ្លួនបានអភិវឌ្ឍដោយជោគជ័យនូវកោសិកាអាគុយ SSB (sulfide-based) ជាមួយនឹងសមត្ថភាពក្នុងកម្រិត Ah។ ក្រុមហ៊ុនមានផែនការបង្ហាញនូវកោសិកាអាគុយជំនាន់ទីមួយ ដែលមានដង់ស៊ីតេថាមពលអតិបរមា 350 Wh/kg និង 800 Wh/L នៅក្នុងឆ្នាំ 2026 ហើយបន្ទាប់មកនឹងឈានទៅរកកោសិកាអាគុយ SSB ជំនាន់ទីពីរ 1000 Wh/L នៅក្នុងឆ្នាំ 2028

ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនផលិតអាគុយរបស់ចិន

យោងតាមទិន្នន័យពី China EV DataTracker ក្រុមហ៊ុន CATL គឺជាក្រុមហ៊ុនផលិតអាគុយធំបំផុតរបស់ចិន ជាមួយនឹងចំណែកទីផ្សារ 42.9%។ BYD ឈរនៅលេខរៀងទីពីរ ជាមួយនឹងចំណែកទីផ្សារ 19.5% ហើយក្រុមហ៊ុនដែលនៅសល់កាន់កាប់ចំណែកទីផ្សារក្នុងកម្រិតខ្ទង់មួយខ្ទង់ (single-digit)CALB, Gotion និង EVE ឈរនៅលេខរៀងទីបី ទីបួន និងទីប្រាំ រៀងៗខ្លួន។

ក្រុមហ៊ុនផលិតអាគុយលំដាប់កំពូលទាំងបួន ក្តោបក្តាប់ចំណែកទីផ្សារចិនលើសពី 75% ហើយក្រុមហ៊ុនទាំងបួនសុទ្ធតែបានប្តេជ្ញាចិត្តចំពោះការផលិតសាកល្បងនៅក្នុងឆ្នាំ 2027។ ករណីនេះក៏ដូចគ្នាដែរចំពោះក្រុមហ៊ុនតូចៗ ដែលអាចនឹងមើលឃើញការប្រកួតប្រជែងដណ្តើមបច្ចេកវិទ្យា SSBs ថាជាវិធីសាស្ត្រមួយដើម្បីផ្លោះរំលងគូប្រជែងធំៗរបស់ពួកគេ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ក្រុមហ៊ុន Dreame Technology ដែលជាក្រុមហ៊ុនស្គាល់ជាទូទៅតាមរយៈផលិតផលម៉ាស៊ីនបូមធូលី និងជូតឥដ្ឋរ៉ូបូត ក៏បានចេញផ្សាយផែនការសម្រាប់អាគុយ SSBs ផ្ទាល់ខ្លួនផងដែរ។ ក្រុមហ៊ុនបានអះអាងថា កោសិកាអាគុយ «Galaxy Crystal» (Xing Kong Jing He) របស់ខ្លួន មានសមត្ថភាពអតិបរមា 60 Ah ជាមួយនឹងដង់ស៊ីតេថាមពលលើសពី 450 Wh/kg

ផែនការរបស់ Dreame ក្នុងការដាក់ចេញនូវអាគុយ SSBs គឺជាផែនការដែលវាយលុកខ្លាំងបំផុត ក្នុងចំណោមក្រុមហ៊ុនផលិតអាគុយរបស់ចិន ដោយមានគោលដៅចាប់ផ្តើមការប្រគល់ជូនខ្នាតតូចនៅក្នុងឆ្នាំ 2026 ហើយបន្ទាប់មកនឹងឈានទៅរកការផលិតពេញលេញនៅក្នុងឆ្នាំ 2027។ ទោះជាយ៉ាងណា គេនៅតែរង់ចាំមើលថា តើផែនការអាគុយ SSB របស់ Dreame រួមជាមួយម៉ូដែលរថយន្តដែលមានរូបរាងប្រហាក់ប្រហែលនឹង Chiron និង Cullinan របស់ខ្លួន អាចក្លាយជាការពិតបានឬយ៉ាងណានោះ។

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)