Admin, 24 May 2026

          យោងតាមការចុះផ្សាយរបស់ IT-home ក្រុមអ្នកស្រាវជ្រាវនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន បាននិយាយថា ពួកគេបានបង្កើតអាគុយប្រភេទ Solid-state លីចូម-លោហៈ (solid-state lithium-metal battery) ដែលមានថាមពលខ្ពស់ ដោយសម្រេចបានដង់ស៊ីតេថាមពលរហូតដល់ 451.5 Wh/kg ខណៈពេលដែលរក្សាបាននូវវដ្តសាកថ្មប្រកបដោយស្ថិរភាព ក្រោមលក្ខខណ្ឌសាកថ្មលឿនបំផុត (កម្រិត 20C) ដែលស្មើនឹងវដ្តសាក និងបញ្ចេញថាមពលក្នុងរយៈពេលប្រហែល 3 នាទី។

វិទ្យាស្ថានស្រាវជ្រាវលោហៈ ក្រោមបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន បានឱ្យដឹងថា ការស្រាវជ្រាវនេះត្រូវបានបោះពុម្ភផ្សាយនៅក្នុងទស្សនាវដ្តីរបស់សមាគមគីមីអាមេរិក (Journal of the American Chemical Society) ក្រោមចំណងជើងថា “Polymer-modulated solvation chemistry via compatibilizing-solvent plasticization for stable high-energy lithium metal batteries”

ការដោះស្រាយដែនកំណត់នៃអេឡិចត្រូឡីតប៉ូលីមែរ (Polymer Electrolyte) ការស្រាវជ្រាវនេះបានផ្ដោតសំខាន់លើអេឡិចត្រូឡីតប៉ូលីមែរដែលផ្អែកលើសារធាតុ Polyvinylidene fluoride (PVDF) ដែលជាសម្ភារៈមួយត្រូវបានសិក្សាយ៉ាងទូលំទូលាយសម្រាប់អាគុយ Solid-state ដោយសារតែស្ថិរភាពអុកស៊ីតកម្ម និងចរន្តអ៊ីយ៉ុងរបស់វា។ អ្នកស្រាវជ្រាវបាននិយាយថា សារធាតុជំនួយការរលាយ (plasticisers) បែបបុរាណដែលប្រើក្នុងអេឡិចត្រូឡីPVDF ជារឿយៗមានស្ថិរភាពគីមីអគ្គិសនីខ្សោយ ដែលនាំឱ្យមានការរលាយបន្តបន្ទាប់នៅចំណុចប៉ះនៃអេឡិចត្រូត និងកម្រិតភាពត្រូវគ្នារវាងអាណូតលីចូម-លោហៈ និងកាតូតវ៉ុលខ្ពស់។

ដើម្បីដោះស្រាយបញ្ហានេះ ក្រុមការងារបានបង្កើតយុទ្ធសាស្ត្រមួយឈ្មោះថា “compatibilizing-solvent plasticization”។ ដំណើរការនេះណែនាំនូវសារធាតុរលាយដែលមានប្រតិកម្មលឿន ដើម្បីជួយបង្កើនភាពត្រូវគ្នារវាងប៉ូលីមែរ និងសារធាតុ plasticisers ក្នុងអំឡុងពេលរៀបចំអេឡិចត្រូឡីត។ នៅពេលដែលសារធាតុរលាយនោះរភាយភាយចេញក្នុងកំឡុងពេលបង្កើតស្រទាប់ហ្វីល សារធាតុ plasticiser នឹងនៅជាប់យ៉ាងណែននៅក្នុងបណ្តាញប៉ូលីមែរ។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា វិធីសាស្ត្រនេះអនុញ្ញាតឱ្យបង្កើតស្រទាប់ការពារលីចូមហ្វ្លុយអូរ៉ាយ (lithium fluoride-rich interfacial layer) ដែលមានស្ថិរភាព ខណៈពេលដែលកាត់បន្ថយប្រតិកម្មមិនល្អនៅអេឡិចត្រូតទាំងពីរ។

វដ្តសាកថ្ម 700 ដង ក្នុងកម្រិតល្បឿន 20C យោងតាមឯកសារស្រាវជ្រាវ អាគុយនេះអាចរក្សាស្ថិរភាពការសាកបានរហូតដល់ 700 វដ្ត (cycles) ដោយរក្សាបាននូវសមត្ថភាពផ្ទុកថាមពល 81.9% នៅពេលផ្គូរផ្គងជាមួយកាតូត high-nickel កម្លាំង 4.7V ក្រោមល្បឿនសាក 20C ដែលស្មើនឹងការសាកថ្មពេញ និងប្រើអស់ក្នុងរយៈពេលប្រហែល 3 នាទី។

ក្រុមការងារក៏បានបង្ហាញពីគំរូអាគុយបន្ទះ (pouch cell) កម្រិត Ampere-hour ដោយប្រើប្រាស់អាណូតលីចូម-លោហៈស្តើង ដែលមានសមាមាត្រ N/P កម្រិត 1.1។ អាគុយបន្ទះនេះសម្រេចបានដង់ស៊ីតេថាមពល 451.5 Wh/kg ដែលខ្ពស់ជាងឆ្ងាយបើធៀបនឹងកម្រិត 200 Wh/kg នៃអាគុយរថយន្តអគ្គិសនីប្រភេទ Lithium Iron Phosphate (LFP) ដែលកំពុងចរាចរណ៍លើទីផ្សារបច្ចុប្បន្ន។ លើសពីនេះ អាគុយបន្ទះនេះក៏បានឆ្លងកាត់ការសាកល្បងដោយការដុំដែកគោលទម្លុះ (nail-penetration test) ដោយជោគជ័យ ដែលអ្នកស្រាវជ្រាវអះអាងថាវាបង្ហាញពីសុវត្ថិភាពខ្ពស់បំផុត។

ការប្រណាំងប្រជែងក្នុងឧស្សាហកម្មឆ្ពោះទៅរកកម្រិត 500 Wh/kg លទ្ធផលចុងក្រោយនេះ បានបន្ថែមទៅលើបញ្ជីនៃការប្រកាសពីភាពជោគជ័យនៃបច្ចេកវិទ្យាអាគុយ Solid-state ពីសំណាក់ក្រុមហ៊ុនផលិតអាគុយ និងវិទ្យាស្ថានស្រាវជ្រាវចិននានា៖

Ganfeng Lithium បាននិយាយថា អាគុយ Solid-state កម្លាំង 400 Wh/kg របស់ខ្លួនបានឆ្លងកាត់ការសាកល្បងលើសពី 1,100 វដ្ត និងបានបញ្ចប់ការផ្ទៀងផ្ទាត់ផ្នែកវិស្វកម្មរួចរាល់ ខណៈដែលផលិតផលទំហំ 10 Ah កម្រិត 500 Wh/kg បានឈានចូលដល់ការផលិតខ្នាតតូច។

កាលពីដើមខែឧសភា ក្រុមហ៊ុនទើបបង្កើតថ្មី Pure Lithium បាននិយាយថា អាគុយ Solid-state របស់ខ្លួននៅតែបន្តដំណើរការធម្មតាបើទោះបីជាត្រូវកាត់ជាពីរក៏ដោយ ខណៈសមត្ថភាពផលិតរបស់ខ្លួនឈានដល់ 500 MWh ក្នុងមួយឆ្នាំ។

ក្រុមហ៊ុនផ្គត់ផ្គង់អាគុយចិនជាច្រើនក៏កំពុងដៅដៅពាណិជ្ជកម្មចន្លោះឆ្នាំ 2026 ដល់ 2027ផងដែរ។ CATL ធ្លាប់បានបង្ហើបពីការសាកល្បងផលិតអាគុយ Solid-state កម្រិត 500 Wh/kg ខណៈក្រុមហ៊ុនដូចជា Sunwoda និង Farasis Energy បានប្រកាសពីគោលដៅអភិវឌ្ឍន៍កម្រិត 400 ដល់ 500 Wh/kg ដូចគ្នា។

ទីផ្សារអាគុយប្រភេទ LFP នៅតែបន្តគ្រប់គ្រង យោងតាមទិន្នន័យពី China EV DataTracker ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅតែត្រូវបានគ្រប់គ្រងយ៉ាងខ្លាំងដោយអាគុយប្រភេទ LFP បើទោះបីជាការស្រាវជ្រាវលើអាគុយ Solid-state កំពុងមានសន្ទុះលឿនក៏ដោយ៖

CATL នៅតែជាអ្នកផ្គត់ផ្គង់ធំបំផុតនៅក្នុងទីផ្សារអាគុយ LFP របស់ចិន ដោយមានការដំឡើងចំនួន 19.53 GWh នៅក្នុងរបាយការណ៍ចុងក្រោយ ដែលតំណាងឱ្យចំណែកទីផ្សារ 38.9%។

BYD ជាប់ចំណាត់ថ្នាក់លេខ 2 មានចំនួន 10.49 GWh និងចំណែកទីផ្សារ 20.9%។

ក្រុមហ៊ុនផ្សេងទៀតនៅក្នុងបន្ទាត់កំពូលទាំង 10 រួមមាន Gotion High-tech (ចំណែកទីផ្សារ 8.0%), CALB, Eve Energy, Rept Battero Energy, Zenergy, Energee, Sunwoda (ចំណែកទីផ្សារ 2.9%) និង Yinpai Battery

ក្នុងចំណោមនោះ ក្រុមហ៊ុនខ្នាតមធ្យមមួយចំនួនបានបង្ហាញពីកំណើនប្រចាំឆ្នាំ (YoY) យ៉ាងខ្លាំងក្លា ដោយក្នុងនោះ Rept Battero Energy កើនឡើង 45.6%, Zenergy កើនឡើង ៥ home7.9% និង Yinpai Battery កើនឡើងជាងទ្វេដងរហូតដល់ 109.3% ធៀបនឹងឆ្នាំមុន។

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)