Admin, 10 October 2026

              នៅក្នុងឆ្នាំ 1971 ក្រុមហ៊ុន Lancia បានបញ្ចេញរថយន្តដ៏អស្ចារ្យ Stratos ដែលជារថយន្តស្ព័ររូបរាងរចនាបែបwedge (រាងស៊ក) ហើយវាប្រហែលជាអាចជារថយន្តប្រើម៉ាស៊ីន V-6 ដ៏ល្អបំផុតក្នុងចំណោមរថយន្តទាំងអស់។ ដំណើរការដោយម៉ាស៊ីនចំណុះ 2.4 លីត្រ V-6 ខ្ចីជើងពីក្រុមហ៊ុន Ferrari វាត្រូវ បានបង្កើតឡើងក្នុងគោលបំណងឱ្យមានទម្ងន់ស្រាល និងមានស្ទុះរហ័សរហួន ប៉ុន្តែវាក៏ជារថយន្តដៅចំគោលដៅ នៃការប្រកួតប្រជែងជើងឯកការប្រណាំងឡាន Rally ពិភពលោក (World Rally Championship) នាពេលនោះផងដែរ។ ចំគោលដៅ៖ រថយន្ត Stratos បានដណ្តើមយកពានរង្វាន់ជើងឯកនៅក្នុងឆ្នាំ 1973, 1974 និង 1975។

ដូច្នេះ Stratos គឺជាឈ្មោះដ៏មាននិមិត្តរូបនៅក្នុងពិភពយានយន្ត ប៉ុន្តែនៅក្នុងរចនាសម្ព័ន្ធផ្ទៃក្នុង វាត្រូវបានគេស្គាល់ថាជាម៉ូដែល Tipo 829។ ឥឡូវនេះ ក្រុមហ៊ុនជំនាញបោះពុម្ព 3D មានមូលដ្ឋាននៅទីក្រុងរ៉ូម ឈ្មោះ Angelilli Automobili កំពុងស្វែងរកការនាំយកនូវការរួមផ្សំគ្នារវាងសមត្ថភាពបើកបរលើផ្លូវកៅស៊ូ និងផ្លូវគ្រួស/ផ្លូវដី ចូលទៅកាន់ទីផ្សារ ជាមួយនឹងម៉ូដែល Tipo 829 ផ្ទាល់ខ្លួនរបស់ខ្លួន ដែលជាការវាយលុកបីទិសដៅ បង្កើតឡើងដើម្បីតម្រូវទៅតាមទីលានប្រកួតទាំងបី។

ក្រុមហ៊ុន Angelilli Automobili កាលពីមុនធ្លាប់បានបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងការច្នៃរថយន្ត Porsche 911 ប្រភេទម៉ាស៊ីនតាំងនៅកណ្តាល (mid-engined) និងការប្រើប្រាស់គ្រឿងបន្លាស់បោះពុម្ព 3D ធ្វើអំពីទីតញ៉ូម (titanium)។ គ្រឿងបន្លាស់ទីតញ៉ូមទាំងនោះ មើលទៅដូចជាអ្វីដែល H.R. Giger បានបង្កើតឡើង ហើយក្រុមហ៊ុនបានទាញយកផលប្រយោជន៍ពីរូបរាងនេះ ដោយបានហៅការរចនាដង្កៀបហ្វ្រាំង Titanclaw ប្រកបដោយពីស្តុង 6 និង 10 របស់ពួកគេថា Alien Mesh។ វាជាសមាសភាគដ៏ប្លែក និងកាចសាហាវពិតៗ ដែលត្រូវបានបម្រុងទុកសម្រាប់រថយន្ត Supercar ផលិតក្នុងចំនួនកំណត់។

រថយន្ត Tipo 829 របស់ក្រុមហ៊ុន ត្រូវ បានបង្កើតឡើងជុំវិញម៉ាស៊ីនចំណុះ 3.2 លីត្រ V-6 ដែលត្រូវបានតម្លើង/កែប្រែឱ្យបង្កើតកម្លាំងបាន 500 សេះ។ ខុសប្លែកពីរថយន្ត Stratos ដែលប្រើប្រាស់ប្រព័ន្ធបើកបរ RWD តែមួយមុខ រថយន្ត Tipo 829 របស់ Angelilli នឹងមានបំពាក់ប្រព័ន្ធបើកបរ (AWD) ដើម្បីបញ្ជូនថាមពលទៅកាន់ផ្លូវ ហើយវានឹងមានផ្តល់ជូនជា 3 វគ្គជម្រើស ដាច់ដោយឡែកពីគ្នា។

វគ្គជម្រើសទាំងនោះ គឺ Terra, Strada និង Pista។ វគ្គចុងក្រោយ (Pista) គឺជាកំណែទម្រង់ពិសេសសម្រាប់ទីលានប្រណាំង ដែលត្រូវបានពង្រឹងឱ្យឈានដល់កម្រិតអតិបរមា សម្រាប់ថិរវេលារត់បានលឿនបំផុត។ វគ្គ Strada ជារថយន្តបើកបរលើផ្លូវទូទៅ ដែលមានល្បឿនលឿន ប៉ុន្តែត្រូវ បានកែសម្រួលឱ្យសក្តិសមសម្រាប់សមត្ថភាពបើកបរលើផ្លូវថ្នល់។ វគ្គ Terra នឹងក្លាយជាម៉ូដែលដំបូងគេដែលឈានចូលទីផ្សារ ហើយវាគឺជាម៉ូដែលដែលគួរឱ្យចាប់អារម្មណ៍បំផុត។

បង្កើតឡើងជារថយន្តប្រណីតម៉ាស៊ីនតាំងនៅកណ្តាលបែបអ៊ីតាលី ដែលទាញយកការបំផុសគំនិតពីរថយន្ត Rally ម៉ូដែល Terra មានកម្ពស់ផុតពីដីខ្ពស់ជាងគេ ក្នុងចំណោមម៉ូដែលទាំងបី។ វាត្រូវ បានបម្រុងទុកជាគូប្រជែងបែប neo-Stratos ទៅនឹងរថយន្តដូចជា Porsche 911 Dakar ជាដើម។

ក្រុមហ៊ុន Angelilli Automobili បានហៅ Tipo 829 ថាជាជំពូកនៃភាពយន្តភាគបី (trilogy) ដែលជាម៉ូដែលត្រូវ បានអភិវឌ្ឍឡើងជាមួយវិស្វករចុងក្រោយ លោក Nicola Materazzi។ លោកគឺជាវិស្វករដឹកនាំនៅពីក្រោយរថយន្ត Ferrari F40 ហើយក៏បានជួយអភិវឌ្ឍរថយន្ត Stratos ឱ្យទៅជារថយន្តប្រណាំងកម្រិត Group 5 បំពាក់ទើបូដ៏កាចសាហាវផងដែរ។

បញ្ហាតែមួយគត់ គឺក្រុមហ៊ុន Angelilli Automobili មិនទាន់បានផលិតគំរូពិតប្រាកដ នៃផលិតផលផលិតក្នុងចំនួនកំណត់ពីរផ្សេងទៀតរបស់ខ្លួននៅឡើយទេ ដែលរួមមាន៖ ម៉ូដែលបង្កើតឡើងវិញនៃ Lancia Delta Integrale និងម៉ូដែល Hybrid នៃ F40។ រួមជាមួយនឹងម៉ូដែលច្នៃចេញពី Stratos នេះ ផលិតផលទាំងបី នៅតែស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍គំរូដើម (prototyping phase) នៅឡើយ។

ទោះជាយ៉ាងណាក៏ដោយ រថយន្ត Tipo 829 Stratos ដើម នៅតែជាវីរបុរសដ៏ល្បីល្បាញ ទោះបីជាត្រូវ បានបង្កើតឡើងជាមួយនឹងគ្រោងឆ្អឹងតួបំពង់ (tubeframe chassis) និងតួខ្លួនធ្វើអំពីផ្លាស្ទិកកញ្ចក់ (fiberglass) ក៏ដោយ។ បទពិសោធន៍របស់ Angelilli ក្នុងការបោះពុម្ព 3D អាចជួយរក្សាទម្ងន់ឡានទទេឱ្យនៅទាបបាន ទោះបីជាមានបំពាក់ប្រព័ន្ធបើកបរវិលពេញកង់ (AWD) ក៏ដោយ ហើយម៉ូដែល 911 Dakar និង Huracán Sterrato បានបង្ហាញថា មានឱកាសអាជីវកម្មសម្រាប់រថយន្តសមត្ថភាពខ្ពស់ ដែលទាញយកការបំផុសគំនិតពីរថយន្ត Rally។

ក្រុមហ៊ុន Lancia បានលក់រថយន្ត Stratos តិចជាង 500 គ្រឿង ដែលធ្វើឱ្យវាកាន់តែមានភាពកម្រខ្លាំងជាងរថយន្ត F40 នាពេលបច្ចុប្បន្ន។ ម៉ូដែលច្នៃឡើងវិញរបស់ Angelilli Automobili ប្រាកដជានឹងមានចំនួនផលិតកាន់តែមានកំណត់ថែមទៀត ប្រសិនបើក្រុមហ៊ុនអាចគ្រប់គ្រង និងរញែករថយន្តគំរូដំបូងបង្អស់ ឱ្យឆ្លងផុតខ្សែចាត់តាំងផលិតកម្មបានមែននោះ។




ប្រភព៖ United State News.

ប្រែសំរួល៖ Chea SokNang (AC Auto)