Admin, 05 March 2026
រថយន្ត SUV ខ្នាតធំ Denza B8 របស់ក្រុមហ៊ុន BYD ទទួលបានពិន្ទុផ្កាយ 5 នៅក្នុងការ វាយតម្លៃ និងធ្វើតេស្តសុវត្ថិភាពរបស់ស្ថាប័ន ANCAP។ ម៉ូដែលថ្មីនេះបានបង្ហាញពីសមត្ថភាព ការពារបានយ៉ាងល្អនៅក្នុងស្ទើរតែគ្រប់ស្ថានភាពគ្រោះថ្នាក់។ នៅក្នុងប្រទេសចិន រថយន្តនេះ ត្រូវបានដាក់លក់ក្រោមឈ្មោះថា Fang Cheng Bao Leopard 8 (Bao 8)។
Denza B8 បានឈានជើងចូលទីផ្សារប្រទេសចិនក្នុងនាមជា FCB Leopard 8 កាលពីខែវិច្ឆិកា ឆ្នាំ 2024 ក្នុងតម្លៃចាប់ផ្តើមពីប្រហែល 54,970 ដុល្លារអាមេរិក។ វាជារថយន្ត Off-roader ដែលមានប្រវែង 5200 មីលីម៉ែត្រ កម្ពស់បាតពីដីរហូតដល់ 310 មីលីម៉ែត្រ និងប្រើប្រាស់ ប្រព័ន្ធ Plug-in Hybrid ដែលមានកម្លាំងសរុប 550 គីឡូវ៉ាត់ (738 សេះ) សម្រាប់ទីផ្សារចិន។ ថ្មីៗនេះ រថយន្តនេះបានបើកឱ្យកក់នៅក្នុងប្រទេសអូស្ត្រាលី ជាមួយនឹងជម្រើសប្រភេតកៅអី 6 និង 7។
លទ្ធផលតេស្តសុវត្ថិភាព ANCAP
Denza B8 ទទួលបានផ្កាយ 5 ពី ANCAP ដោយទទួលបានពិន្ទុខ្ពស់បំផុតនៅក្នុងផ្នែក ការការពារអ្នកដំណើរជាកុមារ (Child Occupant Protection) រហូតដល់ 95%។ រថយន្តនេះផ្ដល់ការការពារបានល្អក្នុងការធ្វើតេស្តបុកទង្គិចពីខាងមុខ និងចំហៀង។ ទោះជាយ៉ាងណាក៏ដោយ B8 បានបាត់បង់ពិន្ទុខ្លះដោយសារតែកៅអីជួរទីបីមិនមានចំណុច ភ្ជាប់ខ្សែក្រវាត់សុវត្ថិភាពកុមារ (Top tethers) ដូច្នេះការដំឡើងកៅអីកុមារនៅជួរទីបីមិនត្រូវ បានណែនាំនៅឡើយ។
ផ្នែក ការការពារអ្នកដំណើរជាមនុស្សពេញវ័យ (Adult Occupant Protection) ទទួលបាន 86%។ ការការពារ ក និងទ្រូងរបស់អ្នកបើកបរគឺស្ថិតក្នុងកម្រិតគ្រប់គ្រាន់ (Adequate) ក្នុងពេលបុកទង្គិចពីខាងមុខ។ ប៉ុន្តែនៅក្នុងការធ្វើតេស្តបុកបង្គោលពីចំហៀង ការការពារគឺស្ថិតក្នុងកម្រិតមធ្យម (Marginal)។ ចំណែកផ្នែក ការការពារអ្នកថ្មើរជើង
(Vulnerable Road Users) ទទួលបាន 75% ដោយសារលទ្ធផលចម្រុះលើសសរកញ្ចក់ មុខ ដែលរឹង និងគែមខាងមុខនៃគម្របម៉ាស៊ីន។ ការការពារត្រគាកត្រូវបានវាយតម្លៃថាខ្សោយ (Poor)។
ចុងក្រោយបង្អស់ Denza B8 ទទួលបាន 78% ក្នុងផ្នែក បច្ចេកវិទ្យាជំនួយសុវត្ថិភាព (Safety Assist)។ រថយន្តបង្ហាញសមត្ថភាពបានល្អក្នុងតេស្តហ្វ្រាំងបន្ទាន់ស្វ័យប្រវត្តិ (AEB) ប៉ុន្តែ ប្រព័ន្ធមិនបានចូលអន្តរាគមន៍ឡើយនៅពេលអ្នកបើកបរមានការរំខាន ងងុយដេក ឬមិនមាន ការឆ្លើយតប។ ប្រព័ន្ធព្រមានពេលចាកចេញពីគន្លងផ្លូវ (LDW) ក៏បានបរាជ័យក្នុងការធ្វើតេស្ត ANCAP ផងដែរ។
ព័ត៌មានបច្ចេកទេស៖ Denza B8
- វិមាត្រ៖ បណ្តោយប្រវែង5,195mm, ទទឹងប្រវែង 1,994mm, កម្ពស់ 1,905mm និងចម្ងាយកង់មុខក្រោយ (wheelbase) 2,920mm។
- គ្រោងឆ្អឹង៖ ជាប្រភេទ Body-on-frame (ឡានមានឆ្អឹងដែកបាត) បំពាក់ប្រព័ន្ធ បូមឆ្លាតវៃ DiSus-P។
- ម៉ាស៊ីន (ស៊េរីអូស្ត្រាលី)៖ ម៉ាស៊ីនសាំង 2.0 លីត្រ (194 សេះ) ផ្គួបផ្សំជាមួយ ម៉ូទ័រអគ្គិសនីពីរ (268 សេះ និង 402 សេះ) ផ្ដល់កម្លាំងសរុប 425 គីឡូវ៉ាត់ (570 សេះ)។
- ល្បឿន និងចម្ងាយ៖ ស្ទុះពី 0-100 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល 4.8 វិនាទី។ ប្រើអាគុយ LFP Blade Battery ទំហំ 36.8 kWh និងធុងសាំង 91 លីត្រ អាចបើកបរ បានចម្ងាយសរុប 1,040 គីឡូម៉ែត្រ (NEDC)។
- សមត្ថភាពអូសសណ្តោង៖ អាចអូសបាន 3,500 គីឡូក្រាម។
- តម្លៃ៖ ដាក់លក់ក្នុងប្រទេសអូស្ត្រាលីក្នុងតម្លៃចន្លោះប្រហែល 64,360 ដល់ 69,300 ដុល្លារអាមេរិក។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
