Admin, 09 May 2026

អត្ថបទផ្សាភ្ជាប់ពីមុន៖​ក្រុមហ៊ុនចិន Dreame បញ្ចេញអាគុយ Solid-state ជាមួយកោសិកាទំហំ 60 Ah            

​​​​          គំរូរថយន្ត SUV អគ្គិសនីប្រភេទស្ព័រ (fastback) Dreame Nebula 01X បានបង្ហាញរូបរាងផ្នែកខាងក្នុងរបស់ខ្លួននៅក្នុងប្រទេសចិន។ រថយន្តថាមពលថ្មី (NEV) ពីក្រុមហ៊ុនផលិតម៉ាស៊ីនបូមធូលីរបស់ចិនមួយនេះ មិនមាន B-pillars នោះទេ ដោយប្រើប្រាស់ទ្វារបើកបញ្រ្ចាស់គ្នាដែលគ្មានស៊ុម (rear-hinged frameless doors) និងមានប្លង់កៅអីចំនួន 4។ សម្រាប់ស៊េរីផលិតកម្មទ្រង់ទ្រាយធំនឹងមានទាំងជម្រើសអាគុយសុទ្ធ (BEV) និងប្រភេទអគ្គិសនី (EREV)

Nebula គឺជាម៉ាកយីហោរថយន្តក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនផលិតម៉ាស៊ីនបូមធូលី Dreame ដែលត្រូវបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ CES ឆ្នាំ 2026Dreame ក៏បានបង្ហាញម៉ាកយីហោពីរផ្សេងទៀតគឺ Cosmera និង Star Motor ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ រថយន្តទាំងនោះបានក្លាយជាចំណងជើងព័ត៌មានក្តៅគគុក ដោយសារតែរូបរាងមានលក្ខណៈស្រដៀងខ្លាំងទៅនឹងម៉ូដែល Bugatti, Rolls-Royce និង M-Hero។ មានតែរថយន្តគំរូម៉ាក Nebula ប៉ុណ្ណោះដែលមើលទៅមានរចនាបថប្លែកដាច់គេ។

រថយន្ត Nebula Next 01X ត្រូវបានបង្ហាញខ្លួនដំបូងក្នុងពិព័រណ៍ Appliance & Electronics World Expo (AWE) ឆ្នាំ 2026។ កាលនោះមានតែរូបរាងខាងក្រៅប៉ុណ្ណោះដែលត្រូវបានបង្ហាញ ប៉ុន្តែកាលពីថ្ងៃទី 6 ខែឧសភា កន្លងទៅ ព័ត៌មានលម្អិតអំពីផ្នែកខាងក្នុងត្រូវបានចែករំលែកដោយលោក Han Lu ដែលជាអ្នកមានឥទ្ធិពលក្នុងវិស័យរថយន្តលើបណ្តាញសង្គម Weibo


The Nebula Next 01X, revealed at the AWE 2026

ផ្នែកខាងក្នុងរបស់ Dreame Nebula Next 01X

តាមការពិនិត្យដំបូង គេអាចនិយាយបានថាវាគ្រាន់តែជាគំរូសាកល្បងបឋម (raw prototype) ដែលត្រូវការការងារច្រើនទៀតមុននឹងឈានដល់ការផលិតលក់។ ចំណុចដំបូងគឺរថយន្តនេះគ្មាន B-pillars ទេ។ ទោះបីជារថយន្តចិនផ្សេងទៀតដូចជា Zeekr Mix ក៏ប្រើលក្ខណៈពិសេសនេះដែរ ប៉ុន្តែរថយន្តទាំងនោះមានសសរបង្កប់ក្នុងទ្វារ និងតួខ្លួនដើម្បីធានាសុវត្ថិភាព ខណៈដែល Next 01X ហាក់មិនទាន់មានរចនាសម្ព័ន្ធរឹងមាំបែបនោះនៅឡើយ។ លើសពីនេះ ទ្វារកញ្ចក់គ្មានស៊ុមរបស់វាអាចនឹងបង្កបញ្ហាដល់ការការពារខ្យល់ និងទឹកចូលក្នុងកាប៊ីន។

នៅផ្នែកខាងក្នុង រថយន្តនេះមានកៅអី 4 ដោយជួរក្រោយជាកៅអីឯករាជ្យ (captain chairs) មានបង្កប់កន្លែងសម្រាកក្បាល។ កៅអីនីមួយៗបញ្ជាដោយអគ្គិសនី។ មានអេក្រង់ថាច់ស្គ្រីននៅចន្លោះកៅអីក្រោយ និងអេក្រង់កម្សាន្តធំមួយនៅចំកណ្តាលផ្នែកខាងមុខ រួមជាមួយចង្កូតបែបស្ព័រ និងអេក្រង់កុងទ័រ LCD ស្តើង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គំរូដែលទើបបង្ហាញនេះមានការរចនាប៉ាណាខាងមុខថ្មី ខុសពីកំណែដែលបានបង្ហាញក្នុងពិព័រណ៍ AWE នាពេលកន្លងទៅ។

តាមរយៈវីដេអូខ្លីលើបណ្តាញសង្គម គេសង្កេតឃើញថាអេក្រង់របស់វាហាក់មិនទាន់ដំណើរការនៅឡើយទេក្នុងពេលបើកបរ ដែលនេះបញ្ជាក់ថាវានៅក្នុងដំណាក់កាលអភិវឌ្ឍន៍ដំបូងបំផុត។

ព័ត៌មានបន្ថែមអំពី Nebula Next 01X

រថយន្តនេះប្រើប្រាស់គ្រោងតួឆ្លាតវៃ "Starry Sky" ជាមួយប្រព័ន្ធបូមអេឡិចត្រូម៉ាញ៉េទិច ដែលត្រូវបានគេរាយការណ៍ថាជួយបង្កើនលំនឹងពេលបត់បាន 25% និងបង្កើនការកកិតលើផ្លូវទឹកបាន 30%។ វាត្រូវបានគេអះអាងថានឹងប្រើអាគុយប្រភេទ Solid-state ដែលមានដង់ស៊ីតេថាមពល 450 Wh/kg

សម្រាប់ប្រភេទអគ្គិសនីសុទ្ធ វានឹងមានម៉ូទ័រចំនួន 4 ដែលផលិតកម្លាំងបាន 1,399 kW (1,876 សេះ) និងអាចស្ទុះពី 0 ដល់ 100 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលត្រឹមតែ 1.8 វិនាទីប៉ុណ្ណោះ។ ចំពោះប្រភេទ EREV វាអាចបើកបរបានចម្ងាយ 550 គីឡូម៉ែត្រ ដោយប្រើតែថាមពលអាគុយសុទ្ធ។ រថយន្តនេះមានកម្លាំងកុំព្យូទ័របញ្ជាដល់ទៅ 2,000 TOPS ដែលអាចទ្រទ្រង់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិកម្រិតទី 2 (L2)

មតិអ្នកកែសម្រួល

កន្លងមក Dreame តែងតែទទួលបានការចាប់អារម្មណ៍តាមរយៈការបង្ហាញរថយន្តគំរូដែលចំលងតាមម៉ាកល្បីៗ និងការអះអាងពីបច្ចេកវិទ្យាកំពូលៗដែលសូម្បីតែក្រុមហ៊ុនឈានមុខក្នុងឧស្សាហកម្មក៏មិនទាន់សម្រេចបាន។ វាហាក់ដូចជាក្រុមហ៊ុនថ្មីថ្មោងនេះ កំពុងព្យាយាមប្រើប្រាស់ភាពរំជើបរំជួលដើម្បីទាក់ទាញការចាប់អារម្មណ៍ឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។

ទោះបីជាមានការគាំទ្រពីបុគ្គលល្បីៗដូចជាសាស្ត្រាចារ្យ Sebastian Thrun ពីសាកលវិទ្យាល័យ Stanford ក៏ដោយ យើងគួររំលឹកផងដែរថា កន្លងមកមានក្រុមហ៊ុនជាច្រើនដូចជា Evergrande ដែលបានបង្ហាញរថយន្តគំរូជាច្រើន ប៉ុន្តែចុងក្រោយរោងចក្របែរជាត្រូវបោះបង់ចោល។ គោលបំណងរបស់យើងមិនមែនដើម្បីបញ្ជាក់ថា Dreame មិនគួរឱ្យទុកចិត្តនោះទេ ប៉ុន្តែយើងចង់សង្កត់ធ្ងន់ថា រាល់ការអះអាងអំពីបច្ចេកវិទ្យាគួរតែត្រូវបានពិនិត្យមើលដោយផ្អែកលើភស្តុតាងជាក់ស្តែង និងកម្មវត្ថុ។



Interior of the Dreame Nebula Next 01X

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)