Admin, 02 September 2026

              លោក Xu Jieyun អគ្គនាយករងនៃនាយកដ្ឋានយុទ្ធសាស្ត្រទីផ្សារ បានចែករំលែកថា រថយន្ត Crossover ប្រភេទ EREV ខ្នាតធំពេញតួ Xiaomi Skynomad N90 Max បានបើកបរក្នុងចម្ងាយផ្លូវ 1,230 គីឡូម៉ែត្រ ពីទីក្រុងស៊ាងហៃ ទៅកាន់ទីក្រុងប៉េកាំង ដោយប្រើប្រាស់ការសាកអាគុយពេញមួយលើក និងចាក់ប្រេងពេញមួយធុងតែប៉ុណ្ណោះ។ លោកក៏បានចែករំលែកនូវវីដេអូនៃការធ្វើតេស្តនេះផងដែរ។

រថយន្ត Xiaomi Skynomad N90 Max ត្រូវ បានបើកបរចេញពីទីក្រុងស៊ាងហៃ ទៅកាន់ទីក្រុងប៉េកាំង ដោយមានមនុស្សជិះចំនួន 4 នាក់ និងមានការផ្ទុកទម្ងន់បន្ថែមចំនួន 50 គីឡូក្រាម។ ប្រព័ន្ធម៉ាស៊ីនត្រជាក់របស់វា ត្រូវ បានកំណត់នៅសីតុណ្ហភាព 24 អង្សាសេ។ រថយន្តត្រូវ បានបើកបរក្នុងរបៀប Eco mode ជាមួយនឹងការផ្តល់អាទិភាពលើរបៀបបើកបរដោយថាមពលអគ្គិសនី។ កម្រិតសម្ពាធសំបកកង់ត្រូវ បានកំណត់នៅ 2.9បារ (bar)។ ប្រព័ន្ធទាញយកថាមពលត្រឡប់មកវិញ (energy recovery system) ត្រូវ បានកំណត់ប្រសិទ្ធភាពនៅកម្រិត 80%។

យោងតាមលោក Xu Jieyun ល្បឿនបើកបរមធ្យមនៅលើផ្លូវហាយវេរបស់ Skynomad N90 Max គឺ 104 គីឡូម៉ែត្រ/ម៉ោង។ លើសពីនេះ រថយន្តត្រូវ បានបើកបរដោយមានជំនួយពីប្រព័ន្ធជំនួយការបើកបរ «Hyper Autonomous Driving»។ ជាលទ្ធផល ចម្ងាយបើកបរដោយថាមពលអគ្គិសនីសុទ្ធរបស់ Skynomad N90 Max សម្រេចបាន 323.6 គីឡូម៉ែត្រ ដែលស្មើនឹង 69.7% នៃចម្ងាយបើកបរដែលអះអាងតាមស្តង់ដារ CLTC។ កម្រិតប្រើប្រាស់ថាមពលមធ្យមរបស់ N90 Max ក្នុងរបៀបអគ្គិសនី គឺ 19.7 kWh។ បន្ទាប់ពីប្រព័ន្ធពង្រីកចម្ងាយ (range extender) របស់យានយន្តបានចាប់ផ្តើមដំណើរការ វាសម្រេចបានកម្រិតស៊ីប្រេងមធ្យម 6.7 លីត្រ ក្នុង 100 គីឡូម៉ែត្រ (6.7 L/100 km)

រថយន្ត Xiaomi Skynomad N90 Max បានបញ្ចប់ការធ្វើតេស្ត ដោយបើកបរចេញពីមជ្ឈមណ្ឌល 5G Future Center ក្នុងទីក្រុងស៊ាងហៃ ទៅកាន់រោងចក្រផលិតរថយន្ត Xiaomi ក្នុងទីក្រុងប៉េកាំង។ ខ្សែផ្លូវនេះមានប្រវែង 1,230 គីឡូម៉ែត្រ។ បន្ទាប់ពីបញ្ចប់ការធ្វើដំណើរ ប្រព័ន្ធរបស់រថយន្តបានបង្ហាញថា នៅសល់ចម្ងាយបើកបរចំនួន 54 គីឡូម៉ែត្រទៀត។ នោះមានន័យថា ចម្ងាយបើកបរក្នុងពិភពពិតរបស់ Skynomad N90 គឺប្រហែល 1,284 គីឡូម៉ែត្រ ៖ ដែលស្មើនឹង 75.3% នៃចម្ងាយបើកបរដែលបានប្រកាសតាមស្តង់ដារ CLTC

Xiaomi Skynomad N90 Max ជារថយន្ត SUV ខ្នាតធំពេញតួ ដែលមានវិមាត្រ៖ ប្រវែង 5,285 មីឡីម៉ែត្រ, ទទឹង 1,998 មីឡីម៉ែត្រ និងកម្ពស់ 1,825 មីឡីម៉ែត្រ ជាមួយប្រវែងចន្លោះកង់មុខក្រោយ(wheelbase) 3,080 មីឡីម៉ែត្រ។ វាមានបំពាក់ម៉ាស៊ីនសាំងទើបូ 1.5 លីត្រ ពីក្រុមហ៊ុន Dongan ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Changan នៅក្រោមគម្របម៉ាស៊ីន។ ម៉ាស៊ីនចំហេះក្នុង (ICE) នេះ ដើរតួជាម៉ាស៊ីនភ្លើង បញ្ជូនថាមពលទៅកាន់កញ្ចប់អាគុយ Ternary NMC ទំហំ 76 kWh ផលិតដោយក្រុមហ៊ុន CALBN90 Max ប្រើប្រាស់ម៉ូទ័រឌុបប្រព័ន្ធបើកបរ AWD បង្កើតកម្លាំងបាន 310 kW (416 សេះ)។ អាគុយរបស់វាអាចសាកភ្លើងពី 20% ឡើងដល់ 80% ក្នុងរយៈពេល 18 នាទី។

រថយន្ត SUV ម៉ូដែល Xiaomi Skynomad N90 Max បានចាប់ផ្តើមបើកទទួលការកក់ទុកមុននៅក្នុងប្រទេសចិន កាលពីថ្ងៃទី 30 ខែកក្កដា។ តម្លៃដែលបានអះអាងរបស់វាគឺប្រហែល 44,320 ដុល្លារអាមេរិក។ ការដាក់លក់ជាផ្លូវការរបស់រថយន្តនេះ ត្រូវបានកំណត់កាលវិភាគសម្រាប់ខែកញ្ញា ឆ្នាំ 2026។ ទន្ទឹមនឹងនេះដែរ យោងតាមទិន្នន័យពី China EV DataTracker ក្រុមហ៊ុន Xiaomi Auto បានប្រគល់រថយន្តបានចំនួន 31,267 គ្រឿង ក្នុងខែកក្កដា ឆ្នាំ 2026 ដែលកើនឡើង 2.7% ធៀបនឹងឆ្នាំមុន។

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)