Admin, 05 August 2026

​​​​​​​​              Luxeed ដែលជាម៉ាកយីហោរថយន្តអគ្គិសនីអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុន Huawei និងក្រុមហ៊ុន Chery Automobile កំពុងរៀបចំខ្លួនដើម្បីបើកទទួលការកក់ទុកមុនសម្រាប់រថយន្ត SUV ស៊េរីថ្មីម៉ូដែល RX របស់ខ្លួន បន្ទាប់ពីបានបង្ហាញរូបរាងបឋមកាលពីខែមិថុនា។

ក្រុមហ៊ុន Luxeed បានឱ្យដឹងកាលពីថ្ងៃសុក្រនៅលើគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថា ការកក់ទុកមុនសម្រាប់រថយន្ត Luxeed RX នឹងបើកដំណើរការនៅក្នុងខែសីហានេះ។

ជំហាននេះ បង្ហាញពីការព្យាយាមចុងក្រោយបង្អស់របស់ម៉ាកយីហោមួយនេះ ក្នុងការឈានជើងចូលទៅក្នុងផ្នែកទីផ្សារដែលមានកម្រិតតម្លៃខ្ពស់ជាងមុន ចំពេលដែលមានការប្រកួតប្រជែងយ៉ាងស្រួចស្រាវនៅក្នុងទីផ្សារប្រទេសចិន។

Luxeed បានបញ្ជាក់ថា កាលវិភាគសម្រាប់ការបញ្ជាទិញថេរ (firm orders) និងការដាក់លក់ជាផ្លូវការ នឹងត្រូវប្រកាសជូននៅពេលក្រោយ ខណៈដែលព័ត៌មានផលិតផលបន្ថែម, វគ្គជម្រើសម៉ូដែល និងកញ្ចប់លើកទឹកចិត្តសម្រាប់ការទិញ ក៏នឹងត្រូវប្រកាសផ្សាយជាបន្តបន្ទាប់ផងដែរ។

ពាក់ព័ន្ធនឹងតម្លៃ Luxeed បានសង្កត់ធ្ងន់ថា ម៉ូដែល RX នឹងផ្តោតសំខាន់លើតម្លៃអត្ថប្រយោជន៍ដែលវាផ្តល់ជូនដល់អ្នកប្រើប្រាស់ ដោយផ្តល់សញ្ញាថា ម៉ូដែលនេះនឹងមិនស្វែងរកការចូលទីផ្សារក្នុងតម្លៃថោកនោះទេ ប៉ុន្តែនឹងពឹងផ្អែកលើបច្ចេកវិទ្យា និងការកំណត់ទីតាំងរបស់ខ្លួន ដើម្បីគាំទ្រដល់កម្រិតតម្លៃប្រណីតវិញ។

Luxeed RX ជារថយន្ត SUV ដំបូងបង្អស់នៅក្នុងសម្ព័ន្ធភាព HIMA (Harmony Intelligent Mobility Alliance) គាំទ្រដោយ Huawei ដែលប្រើប្រាស់អក្សរ "X" នៅក្នុងឈ្មោះម៉ូដែលរបស់ខ្លួន។ ម៉ូដែលមុនៗនៅក្នុងសម្ព័ន្ធភាពនេះ ជាទូទៅប្រើប្រាស់ឈ្មោះជាអក្សរ និងលេខ រួមមាន៖ Luxeed S7, R7 និង V9

ចំណុចលក់ស្នូលនៃម៉ូដែលថ្មីនេះ រួមមាន៖ ប្រព័ន្ធអាគុយ Giant Whale ជំនាន់ថ្មីរបស់ Huawei, បណ្តុំសេនស័រ LiDAR ចំនួន 4 គ្រាប់, ស្ថាបត្យកម្មប្រព័ន្ធសុវត្ថិភាពជំនួយ (fully redundant architecture) ដែលត្រូវបានរចនាឡើងសម្រាប់ប្រព័ន្ធជំនួយការបើកបរដ៏ជឿនលឿន និងអ្វីដែល Luxeed ហៅថា ជាបច្ចេកវិទ្យាចាក់ពុម្ពគ្រោងតួជាមួយការគ្របគ្រងកម្តៅអេឡិចត្រូម៉ាញ៉េទិច (electromagnetic thermal-control die-casting technology) ដំបូងគេបង្អស់នៅក្នុងឧស្សាហកម្មយានយន្ត។

Luxeed ក៏បានឱ្យដឹងផងដែរថា ប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពដែលបានប្រើប្រាស់នៅលើរថយន្ត MPV ម៉ូដែល V9 នឹងត្រូវយកមកបំពាក់រួមបញ្ចូលទាំងស្រុងនៅក្នុងម៉ូដែល RX នេះ។

ការបំពាក់ប្រព័ន្ធសេនស័រ LiDAR ចំនួន 4 គ្រាប់ នៅតែជារឿងកម្រមាននៅឡើយ ក្នុងចំណោមយានយន្តដែលផលិតក្នុងទ្រង់ទ្រាយធំ។ រថយន្តអគ្គិសនីប្រណីតភាគច្រើននៅក្នុងប្រទេសចិននាពេលបច្ចុប្បន្ន ប្រើប្រាស់សេនស័រ LiDAR ចន្លោះពី 1 ដល់ 3 គ្រាប់ប៉ុណ្ណោះ។

Luxeed បានពិពណ៌នាពីក្រុមអតិថិជនគោលដៅរបស់ RX ថាជា «ក្រុមអ្នកស្វែងរកផ្លូវថ្មីក្នុងចំណោមអ្នកមានសមត្ថភាពជាន់ខ្ពស់ (trailblazers among the elite)» ដែលជាភាសាបង្ហាញតម្រង់ទិសដៅទៅកាន់ទីផ្សារប្រណីតដែលមានតម្លៃលើសពី 44,190 ដុល្លារអាមេរិក។

Luxeed បានចាប់ផ្តើមបង្ហើបរូបរាងរបស់ RX កាលពីខែមិថុនា នៅពេលដែលក្រុមហ៊ុនបានបញ្ចេញវីដេអូបង្ហាញរាងបឋម ដោយបង្ហាញពីការរចនាបែបស្ព័រ ទម្រង់ coupe

យានយន្តនេះមានបំពាក់នូវបណ្តុំសេនស័រ LiDAR យ៉ាងលេចធ្លោនៅលើដំបូល, ឡូហ្គោម៉ាកយីហោមានភ្លើងបំភ្លឺនៅផ្នែកខាងមុខ, រូបរាងផ្នែកខាងក្រោយបែប fastback និងចង្កៀងរត់កាត់ទទឹងខាងក្រោយ។

ស្រឡាយផលិតផលបច្ចុប្បន្នរបស់ Luxeed រួមមាន៖ រថយន្ត Sedan ម៉ូដែល S7, រថយន្ត Coupe SUV ម៉ូដែល R7 និងរថយន្ត MPV ម៉ូដែល V9 ដោយម៉ូដែល V9 ទើបតែត្រូវ បានដាក់លក់កាលពីខែឧសភា។

ការបន្ថែមម៉ូដែល RX នឹងពង្រីកស្រឡាយផលិតផលរបស់ម៉ាកយីហោនេះ រហូតដល់ 4 ម៉ូដែល គ្របដណ្តប់លើផ្នែករថយន្ត Sedan, SUV និង MPV

ថ្នាក់ដឹកនាំរបស់ Luxeed ធ្លាប់បានថ្លែងនាដើមឆ្នាំនេះថា ម៉ាកយីហោនេះមានផែនការជួយពង្រឹងគ្រឹះទីផ្សាររបស់ខ្លួននៅក្នុងឆ្នាំ 2026 និងមានគោលដៅសម្រេចឱ្យបាននូវការលក់ប្រចាំឆ្នាំចំនួន 1 លានគ្រឿង នៅត្រឹមឆ្នាំ 2030

គោលដៅនោះ ទាមទារឱ្យមានការកើនឡើងនៃការលក់ជាច្រើនទៀត នៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំខាងមុខនេះ។




ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)