Admin, 10 May 2026
រថយន្តអគ្គិសនីខ្នាតតូចប្រភេទ Crossover ម៉ូដែល MG 4X ដែលបំពាក់នូវបច្ចេកវិទ្យាអាគុយប្រភេទ Liquid-Solid បានមកដល់ដេប៉ូចែកចាយនានានៅទូទាំងប្រទេសចិនហើយ ដើម្បីត្រៀមខ្លួនសម្រាប់ការដាក់សម្ពោធជាផ្លូវការ។ វាត្រូវបានគេកំណត់ថាជាគូប្រជែងរបស់ BYD Atto 3 ដែលមានប្រវែងតួខ្លួន 4.5 ម៉ែត្រ បំពាក់ម៉ូទ័រអគ្គិសនីកម្លាំង 201 សេះ និងអាចបើកបរបានចម្ងាយរហូតដល់ 610 គីឡូម៉ែត្រ (តាមស្តង់ដារ CLTC)។
រថយន្ត MG 4X របស់ក្រុមហ៊ុន SAIC បានបង្ហាញលក្ខណៈបច្ចេកទេសសំខាន់ៗតាំងពីខែមីនា ឆ្នាំ 2026 ក្នុងអំឡុងពេលដំណើរការត្រួតពិនិត្យបទដ្ឋានក្នុងស្រុក។ តំណាងក្រុមហ៊ុនក៏បានបង្ហើបថា ម៉ូដែលនេះប្រើប្រាស់ប្រព័ន្ធបញ្ជាក្នុងកាប៊ីន (cockpit) ដែលសហការបង្កើតឡើងជាមួយក្រុមហ៊ុនទូរស័ព្ទ Oppo និងរួមបញ្ចូលនូវមុខងារបើកបរស្វ័យប្រវត្តិ Navigate On Autopilot (NOA) ផងដែរ។ នៅថ្ងៃទី 7 ខែឧសភា ម៉ូដែលថ្មីនេះបានដឹកជញ្ជូនមកដល់ដេប៉ូចែកចាយសម្រាប់ការដាក់បង្ហាញ។
តាមរយៈរូបភាពពី Yan Zhao Auto រថយន្ត MG 4X ដែលមាននៅតាម showroom មានពណ៌ចម្រុះដូចជា ពណ៌ស្វាយ ពណ៌ខៀវ និងពណ៌ប៊ីស (beige)។ រថយន្ត Crossover នេះប្រើប្រាស់កង់ទំហំ 18អ៊ីញ។ រចនាបថខាងក្រៅរួមមាន អំពូល LED អូសកាត់ជួរមុខចន្លោះចង្កៀងរាងត្រីកោណ ប៉ាណាស្រូបខ្យល់រាងចតុកោណព្នាយ អំពូលកន្ទុយក្រោយវែងជាប់គ្នា និងដៃទ្វារបែបបុរាណ។
រថយន្តដែលមកដល់ដេប៉ូដំបូងគេនេះ គឺជាស៊េរីខ្ពស់បំផុត (top-trim) ដែលមានបំពាក់កៅអីអ្នកដំណើរខាងមុខប្រភេទ Zero-gravity ជាមួយកន្លែងសម្រាកជើងបញ្ជាដោយអគ្គិសនី។ កៅអីខាងមុខទាំងពីរមានមុខងារកម្ដៅ ខ្យល់ចេញចូល និងម៉ាស្សា។ លក្ខណៈពិសេសផ្សេងទៀតរួមមាន ដំបូលកញ្ចក់ធំ ចង្កូតមានប្រព័ន្ធកម្ដៅ ភ្លើងលម្អក្នុងកាប៊ីន (ambient lighting) ឃ្លុបក្រោយអគ្គិសនី និងកន្លែងសាកថ្មទូរស័ព្ទឥតខ្សែរហូតដល់ 50W។ ផ្នែកកុងសូលកណ្តាលមានអេក្រង់កុងទ័រ LCD និងអេក្រង់កម្សាន្តធំប្រភេទ Floating Touchscreen ដោយមានជម្រើសពណ៌ខាងក្នុងពីរគឺ ពណ៌ស្រាល និងពណ៌ងងឹត។
លក្ខណៈបច្ចេកទេសរបស់ MG 4X
- វិមាត្រ៖ បណ្តោយប្រវែង 4,500mm,ទទឹងប្រវែង 1,849mm, កម្ពស់ 1,621mm
- ប្រវែងចន្លោះកង់មុខក្រោយ៖ 2,735mm (វែងជាង BYD Atto 3 ចំនួន 45mm)
- ទម្ងន់ឡានទទេ៖ ចន្លោះពី 1,640 ដល់ 1,755 គីឡូក្រាម
ជម្រើសម៉ូទ័រ និងអាគុយ៖ 1. ស៊េរីកម្រិតដំបូង (Entry-level): បំពាក់ម៉ូទ័រអគ្គិសនីនៅអ័ក្សកង់ក្រោយ កម្លាំង 125 kW (168 សេះ) ផលិតដោយក្រុមហ៊ុន UAES (ក្រុមហ៊ុនរួមទុនរវាង SAIC និង Bosch)។ 2. ស៊េរីកម្លាំងខ្លាំង: បំពាក់ម៉ូទ័រអគ្គិសនីកម្លាំង 150 kW (201 សេះ) ផលិតដោយក្រុមហ៊ុន Huayu របស់ SAIC។
ជម្រើសអាគុយមាន 2 ប្រភេទ៖
- អាគុយ Liquid-solid: ទំហំ 53.9 kWh អាចបើកបរបានចម្ងាយ 510 គីឡូម៉ែត្រ។
- អាគុយ LFP (ផ្គត់ផ្គង់ដោយ CATL): ទំហំ 64.2 kWh អាចបើកបរបានចម្ងាយរហូតដល់ 610 គីឡូម៉ែត្រ។
ទោះបីជាមិនទាន់មានតម្លៃផ្លូវការ ប៉ុន្តែគេរំពឹងថារថយន្តនេះនឹងមានតម្លៃចាប់ផ្តើមក្រោម ប្រហែល 14,680 ដុល្លារអាមេរិកសម្រាប់ទីផ្សារប្រទេសចិន។
យោងតាម China EV DataTracker ក្រុមហ៊ុន MG បានប្រគល់រថយន្តចំនួន 40,019 គ្រឿងក្នុងស្រុក ក្នុងត្រីមាសទី 1 ឆ្នាំ 2026 ដែលកើនឡើង 54.9% ធៀបនឹងឆ្នាំមុន។ រថយន្តដែលលក់ដាច់បំផុតគឺ MG4 Electric (Hatchback) ហើយការមកដល់នៃ MG 4X នេះត្រូវបានគេរំពឹងថានឹងជួយពង្រឹងសមត្ថភាពទីផ្សាររបស់ម៉ាក MG បន្ថែមទៀត។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
