Admin, 26 May 2026
រថយន្ត SUV ម៉ូដែល Geely Galaxy Cruiser 700 ត្រូវបានគេប្រទះឃើញនៅក្នុងប្រទេសចិន ក្នុងកំឡុងពេលបើកបរល្បងល្បាតលើផ្លូវថ្នល់ដោយគ្មានការបិទបាំងស្កុតការពារឡើយ។ នេះគឺជារថយន្តបិសាច Off-road ដែលប្រើប្រាស់គ្រោងឆ្អឹងដាច់ពីតួខ្លួន (body-on-frame) រាងប្រអប់ដំបូងបង្អស់របស់ម៉ាកយីហោនេះ ដោយវាមានកម្លាំងអតិបរមារហូតដល់ទៅប្រហែល 1,000 សេះ។ រថយន្តនេះនឹងឈានជើងចូលទីផ្សារក្នុងស្រុក (ប្រទេសចិន) នៅក្នុងឆ្នាំនេះ ព្រមទាំងមានផែនការដាក់លក់នៅក្នុងចក្រភពអង់គ្លេស និងទីផ្សារបរទេសផ្សេងទៀតផងដែរ។
Geely Galaxy Cruiser 700 ត្រូវបានគេស្គាល់ថាជា Zhanjian 700 នៅក្នុងប្រទេសចិន។ វាគឺជាកំណែផលិតកម្មទ្រង់ទ្រាយធំនៃរថយន្តគំរូ Galaxy Cruiser (Zhanjian) ដែលបានដាក់បង្ហាញក្នុងពិព័រណ៍រថយន្ត Shanghai Auto Show ឆ្នាំ 2025។ ម៉ូដែលថ្មីនេះក៏បានបញ្ចប់ការសាកល្បងបើកបរក្នុងលក្ខខណ្ឌអាកាសធាតុត្រជាក់ខ្លាំង នៅតំបន់អឺរ៉ុបខាងជើងរួចរាល់ហើយដែរ។
រូបភាពដែលបានចែករំលែកដោយប្លុកហ្គ័រ Sugar Design លើបណ្តាញសង្គម Weibo បានបង្ហាញឱ្យឃើញពីផ្នែកខាងក្រោយនៃរថយន្ត។ វាមានទ្វារឃ្លុបក្រោយបែបបើកចំហៀង (swing-out tailgate) ជាមួយការបំពាក់កង់សម្រុងនៅជាប់ទ្វារនោះ។ វាក៏មានចង្កៀងក្រោយរាងបញ្ឈរដែលបង្កប់ដោយដុំរាងចតុកោណកែងចំនួនបី។ លក្ខណៈពិសេសមួយទៀតនៃរថយន្តនេះគឺ កាងក្រោយខ្នាតធំ និងប្រព័ន្ធបូមក្រោយឯករាជ្យ (independent rear suspension)។
Geely Galaxy Cruiser 700 មានស្លាបកង់ និងរង្វង់កង់ធំៗរីកទៅចំហៀង, សសរដំបូលពណ៌ខ្មៅ និងកញ្ចក់មើលក្រោយចំហៀងមានទំហំធំ។ មានកាមេរ៉ាមើលក្រោយមួយស្ថិតនៅពីលើភ្លើងហ្វ្រាំងកណ្តាល ដែលនេះជាសញ្ញាបង្ហើបថា Galaxy Cruiser 700 ប្រើប្រាស់កញ្ចក់មើលក្រោយឌីជីថល (streaming rear-view mirror) ដើម្បីទូទាត់ការបាំងចក្ខុវិស័យដែលបង្កឡើងដោយកង់សម្រុងដ៏ធំនៅខាងក្រោយ។
កាលពីមុន រថយន្ត Geely Galaxy Cruiser 700 ក៏ត្រូវបានលាតត្រដាងតាមរយៈរូបភាព Teaser ផ្លូវការផងដែរ។ វាមានកាងខាងមុខធំ, បន្ទាត់គម្របម៉ាស៊ីនខ្ពស់ និងចង្កៀងមុខរាងដុំៗតភ្ជាប់គ្នាដោយខ្សែបន្ទាត់ពន្លឺ LED។ វាក៏មានដៃទ្វារបែបបុរាណ, ដំបូលពណ៌ស និងប្រព័ន្ធសេនស័រ LiDAR នៅលើដំបូល។
យោងតាមព័ត៌មានមុនៗ រថយន្តនេះត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹងរឹងមាំ (body-on-frame) ដោយបំពាក់ម៉ាស៊ីនសាំង ផ្គូរផ្គងជាមួយម៉ូទ័រអគ្គិសនីចំនួនបី។ កម្លាំងរួមបញ្ចូលគ្នារបស់ពួកវាគឺមានរហូតដល់ប្រហែល 1,000 សេះ។ វាក៏មានប្រព័ន្ធចាក់សោឌីផេរ៉ង់ស្យែលខាងក្រោយបែបអេឡិចត្រូនិក-មេកានិក (electronic-mechanical rear differential lock) ដែលជួយជម្រុញសមត្ថភាពបើកបរ Off-road របស់ Cruiser 700 ឱ្យកាន់តែខ្លាំងក្លា។ ព័ត៌មានលម្អិតបន្ថែមនឹងត្រូវបញ្ចេញនៅពេលកៀកថ្ងៃសម្ពោធក្នុងឆ្នាំនេះ។
ផ្នែកទីផ្សាររថយន្ត SUV បែប Off-road កំពុងមានការអភិវឌ្ឍយ៉ាងគំហុកនៅក្នុងប្រទេសចិន ដូច្នេះវាមិនមែនជារឿងចម្លែកទេដែល Geely មានបំណងចង់ចាប់ផ្តើមការលក់ផលិតផលផ្ទាល់ខ្លួននៅក្នុងទីផ្សារមួយនេះ។ ផ្អែកលើទិន្នន័យពី China EV DataTracker ម៉ាកយីហោរថយន្តថាមពលថ្មី Geely Galaxy បានប្រគល់រថយន្តចំនួន 62,933 គ្រឿងក្នុងស្រុក កាលពីខែមេសា ឆ្នាំ 2026 ដែលធ្លាក់ចុះ 14.2% ធៀបនឹងឆ្នាំមុន។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
