Admin, 3 hours ago

          រថយន្ត SUV ប្រភេទ Plug-in Hybrid (PHEV) ម៉ូដែល Lotus Eletre X ត្រូវបានដាក់សម្ពោធ ជាផ្លូវការនៅក្នុងប្រទេសចិន ក្រោមឈ្មោះថា Lotus For Me។ ជាមួយនឹងតម្លៃ 73,500 ដុល្លារ អាមេរិក រថយន្តនេះមានសមត្ថភាពស្ទុះពី 0 ដល់ 100 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលត្រឹមតែ 3.3 វិនាទី និងបំពាក់អាគុយទំហំ 70 kWh ដែលអាចបើកបរដោយអគ្គិសនីសុទ្ធបានចម្ងាយ 420 គីឡូម៉ែត្រ (CLTC)។ រថយន្ត PHEV ដំបូងបង្អស់របស់ម៉ាក Lotus មួយនេះ នឹងចាប់ផ្តើមចែកចាយនៅថ្ងៃទី 30 ខែមីនា។

កាលពីដើមខែមីនា Lotus បានចាប់ផ្តើមការលក់មុននៃរថយន្ត SUV កូនកាត់នេះក្រោម ឈ្មោះថា "For Me"ដែលឈ្មោះដ៏ចម្លែកនេះនឹងត្រូវប្រើប្រាស់សម្រាប់តែទីផ្សារប្រទេស ចិនប៉ុណ្ណោះ។ ចំណែកឯទីផ្សារបរទេស វានឹងត្រូវលក់ក្រោមឈ្មោះថា Eletre X ដែលគ្រោងនឹងដាក់សម្ពោធជាសកលនៅខែមិថុនា ឆ្នាំ 2026។


ការដាក់លក់ក្នុងទីផ្សារប្រទេសចិន

Lotus Eletre X ដែលផលិតក្នុងទីក្រុងវូហាន (Wuhan) បានឈានជើងចូលទីផ្សារចិនជាមួយ ជម្រើស 2 ម៉ូដែល៖

  1. កម្រិត Standard: តម្លៃ 73,500 ដុល្លារ។ វាបំពាក់ម៉ាស៊ីន 2.0 លីត្រ Turbo ជាមួយម៉ូទ័រអគ្គិសនីពីរ ដែលផ្តល់កម្លាំងសរុប 700 គីឡូវ៉ាត់ (939 សេះ)។ វាប្រើប្រាស់យ៉ាន់កង់ទំហំ 21 អ៊ីញ, ប្រព័ន្ធបូមខ្យល់ចំនួនពីរ (Dual-chamber air suspension), និងប្រព័ន្ធជំនួយការបើកបរ L2 ដែលមាន LiDAR 128 ខ្សែ។ ផ្នែកខាងក្នុងបំពាក់មកកៅអីចំនុះបាន 5នាក់ , ដំបូលកញ្ចក់ Panoramic ធំ, អេក្រង់ចំនួន 3 និងប្រព័ន្ធសំឡេងម៉ាក KEF ចំនួន 23 គ្រាប់។
  2. កម្រិត SE (Top-trim): តម្លៃ 80,730 ដុល្លារ ម៉ូដែលនេះបន្ថែមនូវប្រព័ន្ធបើកបរ ស្វ័យប្រវត្តិកម្រិតខ្ពស់ (Navigate On Autopilot - NOA), ប្រព័ន្ធទប់លំនឹងសកម្ម 48V (Active anti-roll bar), ដំបូលកញ្ចក់ដែលអាចសារ៉េពន្លឺបាន (Electrochromic), ការតុបតែងខាងក្នុងដោយ Carbon fiber និងសោប្រភេទ UWB។ ម៉ូដែល SE ក៏អាចជ្រើសរើសការរៀបចំកៅអីចំនួន 4 បែប VIP (Captain chairs) នៅជួរ ក្រោយបានផងដែរ។

ក្រុមហ៊ុនបានបញ្ជាក់ថា ការចែកចាយរថយន្ត Lotus Eletre X នឹងចាប់ផ្តើមនៅក្នុងប្រទេស ចិននាថ្ងៃទី 30ខែមីនា ហើយបច្ចុប្បន្នអតិថិជនអាចធ្វើការសាកល្បងបើកបរ (Test drive) នៅតាមហាង Lotus នានាទូទាំងប្រទេសផងដែរ។


លក្ខណៈបច្ចេកទេសលម្អិត

Lotus Eletre X គឺជាកំណែ Plug-in Hybrid នៃរថយន្តអគ្គិសនីសុទ្ធ Lotus Eletre ដែលបានចេញលក់ក្នុងឆ្នាំ 2022។ ម៉ូដែលទាំងពីរមានរូបរាងស្រដៀងគ្នាខ្លាំង។

  • វិមាត្រ: បណ្តោយប្រវែង 5,103mm, ទទឹង 2,019mm និងកម្ពស់ 1636mm ជាមួយប្រវែងចន្លោះកង់មុខក្រោយ(wheelbase) 3,019mm។
  • សមត្ថភាព: ទម្ងន់សរុប 3,055kg និងអាចអូសសណ្តោងបាន 2,250kg។
  • កម្លាំង: ប្រើប្រាស់ platform X-Hybrid ជាមួយប្រព័ន្ធភ្លើង 900 វ៉ុល។ ម៉ាស៊ីនសាំង 2.0 លីត្រ Turbo ផ្តល់កម្លាំង 275 សេះ ផ្គួបជាមួយម៉ូទ័រអគ្គិសនីដែលនាំឱ្យ កម្លាំងសរុប ឡើងដល់ 939សេះ។ វាអាចរត់បានចម្ងាយ 1/4 ម៉ាយ (402 ម៉ែត្រ) ក្នុងរយៈពេល ត្រឹមតែ 11.16 វិនាទី។



សូម្បីតែក្នុងករណីអាគុយនៅសល់ត្រឹម 10% ក៏រថយន្តនេះនៅតែអាចស្ទុះពី 0-100 គីឡូម៉ែត្រ/ម៉ោង ក្នុងពេល 3.5 វិនាទីបានដែរព្រោះប្រព័ន្ធនៅតែអាចបញ្ចេញ កម្លាំងបាន ប្រហែល 737 សេះ។ ចំពោះការស៊ីប្រេងវិញ ក្នុងរបៀប PHEV វាស៊ីប្រេងតិចតួចបំផុត (ក្រោម 0.1 លីត្រ/100 គីឡូម៉ែត្រ) ប៉ុន្តែបើអាគុយអស់ទាំងស្រុង កម្រិតស៊ីសាំងនឹងកើនឡើងដល់ ប្រហែល 6 លីត្រ/100 គីឡូម៉ែត្រ។ ជាមួយនឹងធុងសាំងផ្ទុកបានចំណុះ 52 លីត្រ Eletre X អាចបើកបរបានចម្ងាយសរុបរហូតដល់ 1,416 គីឡូម៉ែត្រ (Mixed mode)៕




ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)